ក្រុមវិសាខា បាន​នឹងកំពុង​ស្ថិត​នៅ​លើ​មាត់​ជ្រោះ ដែលអាច​នឹង​បាត់​បង់​ឱកាស​ សម្រាប់​ការ​​ឈាន​ទៅ​រកការការពារ​តំណែង​ជើងឯក នៃ​ពាន​រង្វាន់សម្តេច ហ៊ុន សែន ប្រចាំ​ឆ្នាំ​២០២១ របស់​ខ្លួន ខណៈ​ពួកគេ កំពុងចាញ់​ប្រៀប​ក្រុមបឹងកេត ជាមួយ​លទ្ធផល​មិន​ទាន់ផ្លូវការ ១-០ កាល​​ពី​ថ្ងៃ​​ចន្ទ​នោះ។

តាម​រយៈការ​ប្រកួត នៅកីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ កាលពី​ថ្ងៃម្សិលមិញនេះ ការ​ប្រកួត​រវាងក្រុម​ម្ចាស់​ផ្ទះបឹងកេត និង​វិសាខា មិនអាច​​ដំណើរ​ការ​ប្រកួត បាន​ចប់​៩០នាទីពេញ​ ទៅ​តាម​គម្រោង​នោះទេ គឺ​ក្រុមទាំង​២នេះ ប្រកួត​បានត្រឹម​ ៥៣ នាទី ក៏​ត្រូវ​បាន​គណៈកម្មការ​​រៀបចំការ​ប្រកួត ពន្យារពេល ចំនួន ៣០ ​នាទី ​២ ដង ដោយសារ​មានការ​រំខាន ដោយ​សារ​ភ្លៀងខ្លាំងពេក។

នៅ​ក្រោយការពន្យារពេល ៣០ នាទី​២ដង​ហើយ​នោះ  គឺ​ស្ថាន​ភាព​ទឹក​ភ្លៀង កាលពី​ល្ងាច​​ថ្ងៃចន្ទ​នោះ មិនបាន​ថម​ថយ គឺ​នៅតែ​បន្ត​​​ជន់​លិច​ទីលាន​ ជាហេតុ​នាំឱ្យអាជ្ញាកណ្តាល និង​គណៈកម្មការ ព្រមទាំង​ភាគី​ក្លិបទាំង២ សម្រេចលើក​ពេល​ការ​ប្រកួត​តែម្តង ដែល​ត្រូវ​យក​មក​ប្រកួតបន្ត នៅរសៀល​ម៉ោង​ ៣ ថ្ងៃអង្គារ​នេះ។

យ៉ាង​ណា​ក៏​ដោយ នៅមុនពេល​ សម្រេចលើកពេល​ប្រកួត នៅនាទីទី ៥៣ នេះ ក្រុម​បឹងកេត បាន​ធ្វើការ​នាំ​មុខ ១-០ រួច​ទៅ​ហើយ តាម​រយៈគ្រាប់​បាល់របស់​ខ្សែ​ការពារ សឿត ណាវ៉ា នៅនាទីទី​ ១៧ ហេតុ​នេះ វិសាខា នៅ​សល់​ពេល​ត្រឹម​ ៣៧ នាទីទៀត​ប៉ុណ្ណោះ ដើម្បី​បង្រ្គប់​ឱ្យ​គ្រប់ ៩០ នាទីពេញ សម្រាប់ការ​ប្រកួត​បន្ត​ឡើង​វិញ នៅ​រសៀល​ថ្ងៃ​នេះ។

តាម​រយៈ​លទ្ធផល​ជា​បណ្តោះអាសន្ន ១-០ និងពេលវេលា​សេសសល់នេះ អាច​បង្ហាញ​បាន​ថា ​ក្រុម​វិសាខា កំពុង​ស្ថិត​នៅ​ក្នុង​ភាពមិនច្បាស់លាស់ ដែលអាច​នឹង​គ្មានឱកាស​បាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ បើសិនជា ពួកគេ មិនអាច​រកបានគ្រាប់​បាល់​តាមស្មើ ឬវាយបក​យក​ឈ្នះ​ក្រុម​បឹងកេត បាន​វិញ​ទេ​នោះ។

ជាមួយគ្នា​នេះ ក្រុមបឹងកេត អាច​នឹង​ផ្លាស់ប្តូរទម្រង់លេង សម្រាប់ការ​ប្រកួត​បង្រ្គប់ចំនួន​៣៧នាទី នៅថ្ងៃ​នេះ ដោយគ្រូ​បង្គោល លោក គឹម ភក្តី អាច​នឹង​រៀបចំប្រព័ន្ធ​លេង បែបការពារ ដើម្បី​រក្សាការ​មាន​ប្រៀប​នេះ ព្រោះ បឹងកេត ត្រូវ​ការ​ឈ្នះ​ពាន​រង្វាន់សម្តេច​ ហ៊ុន ខ្លាំងដូចគ្នា ដើម្បី​ប៉ះពៅ ចំពោះ​​ការ​​បាត់​បង់​តំណែងជើងឯក​លីគកំពូល​កម្ពុជា ឆ្នាំ​២០២១ ហើយ​ បឹងកេត ក៏​ធ្លាប់បាន​ឈ្នះ​ពាន​សម្តេច​នេះ បានម្តង កាលពី​ឆ្នាំ​២០១៩ ផងដែរ៕