នៅទីបំផុត ក្រុមព្រះខ័នរាជស្វាយរៀង បានរកជោគជ័យដ៏លំបាក ដើម្បីបោះជំហានឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សមម្តេច ហ៊ុន សែន ជាលើកទី៨ បន្ទាប់ពីពួកគេ បានទម្លាក់ក្រុមភ្នំពេញក្រោន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើទីលានបែកភក់ កាលពីយប់ថ្ងៃចន្ទម្សិលមិញ។
យ៉ាងណាក៏ដោយ ការយកឈ្នះក្រុមភ្នំពេញក្រោន ៣-២ នៅលើទីលានកីឡដ្ឋានខេត្តស្វាយរៀង របស់ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង កាលពីម្សិលមិញនេះ ត្រូវបានគេមើលឃើញថា ស្វាយរៀង មានឱកាសវាយបកយកឈ្នះក្រុមភ្នំពេញក្រោន ដោយសារមានការជួយសង្រ្គោះពីតំណក់ទឹកភ្លៀង។
តាមរយៈការប្រកួតនោះ ប្រធានក្រុម សឿយ វិសាល រកបានគ្រាប់បាល់បានមុនឱ្យក្រុមម្ចាស់ផ្ទះ នៅត្រឹមនាទីទី២០ ប៉ុន្តែការស៊ុតបាល់ពិន័យ១១ម៉ែត្រ បានសម្រេចរបស់ ប្រាក់ ធីវ៉ា នៅនាទីទី២៥ និងការបន្ថែម១គ្រាប់ទៀតរបស់ ម៉ៅ ពិសិដ្ឋ នៅនាទីទី៣៨ បានជួយឱ្យក្រុមភ្ញៀវ ភ្នំពេញក្រោន នាំមុខ ២-១ វិញ នៅមុនពេលការប្រកួតត្រូវបានពន្យារពេលចំនួន៣០នាទី២ដង ដោយសារមានភ្លៀងខ្លាំងពេក។
យ៉ាងណាក៏ដោយ ដំណក់ទឹកភ្លៀង ដែលបានដក់ស្ទើគ្រប់ទីកន្លែង នៅលើទីលាន ត្រូវបានគេមើលឃើញថា ជាការរួមចំណែកយ៉ាងសំខាន់ ដល់ក្រុមម្ចាស់ផ្ទះ ស្វាយរៀង ក្នុងការប្រើកម្លាំងប៉ះទង្គិចទៅលើគូប្រកួត ជាមួយការទាត់បាល់បំផ្លោងទៅវិញទៅមក ព្រោះ ស្វាយរៀង មានជំនាញល្អជាងក្រុមភ្នំពេញក្រោន ក្នុងការលេងបាល់បែបនេះ ខណៈការលេងបាល់ខ្លីៗ តាមបច្ចេកទេស ត្រូវបានជាប់គាំង មិនអាចធ្វើទៅបាន ដោយសារដំណក់ទឹកភ្លៀង នៅលើទីលាននោះ។
បើទោះបីជាកីឡាករជើងចាស់ ប្រាក់ មុន្នីឧត្តម បានធ្វើឱ្យបាត់ឱកាសមាសរបស់ក្រុមស្វាយរៀង ដោយសារទាត់បាល់ពិន័យ១១ម៉ែត្រ ហោះផុតរបារទីខាងលើ នៅនាទីទី៥៩ ប៉ុន្តែ ប្រាក់ មុន្នីឧត្តម ដដែលជាអ្នកលើកបាល់ចាក់ចូលក្នុង ដើម្បីឱ្យ សារ៉េត គ្រីយ៉ា តែតបញ្ចូលទីតាមស្មើ នៅនាទីទី៧៨ ហើយ ម៉ុន វ៉ាន់ដា ដែលទើបដាក់ឱ្យចូលលេង ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះ នៅនាទីទី៨៥ បន្ទាប់ពីរូបគេ បានទទួលបាល់ពីការបញ្ជូនយ៉ាងល្អរបស់ អ៊ាន ពិសី នោះ។
ក្រុមស្វាយរៀង បានបង្ហាញការសប្បាយរីករាយខ្លាំង ជាមួយអ្នកគាំទ្ររបស់ខ្លួន សម្រាប់ ការយកឈ្នះក្រុមភ្នំពេញក្រោន ៣-២ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជាលើកទី៨នេះ ខណៈក្រុមនេះ ក៏ធ្លាប់បានឈ្នះពានសម្តេចហ៊ុនសែន ចំនួន៤លើក មកហើយដែរ ប៉ុន្តែក្រុមភ្នំពេញក្រោន មានការខកចិត្តខ្លាំង ហើយក៏មិនសូវពេញចិត្តទៅនឹងការកាត់សេចក្តីនៅលើទីលានរបស់អាជ្ញាកណ្តាលផងដែរ ដោយក្នុងលោក Oleg គ្រូបង្គោលរបស់ក្រុមភ្នំពេញក្រោន ក៏ទទួលបានការពិន័យកាតលឿង ពីអាជ្ញាកណ្តាល នៅនាទីទី៦៤ ទៅលើការតវ៉ា ចំពោះការប៉ះរបស់ក្រុមស្វាយរៀង ទៅលើកូនក្រុមលោក ផងដែរ៕