ក្រុម​បាល់​ទាត់កោះកុងអេហ្វស៊ី បាន​​ជួបឧបសគ្គតាំងពី​ដើម​ទី សម្រាប់​ការ​ឈាន​ទៅ​រក​ការ​សម្រេច​បំណង​ និង​មហិច្ឆតា​ធំ​របស់​ខ្លួន ខណៈ​ពួក​គេ បានជួប​ការ​បរាជ័យ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង សម្រាប់ការ​ប្រកួត​បើក​ឆាកជម្រើសជើងឯក​កម្ពុជា លីគ​២ ឆ្នាំ​៣២០២១ នោះ ប៉ុន្តែ​អតីតក្រុម​ធ្លាប់​លេង​នៅ​លីគកំពូល​កម្ពុជា សាលាកីឡា​បាល់​ទាត់ជាតិ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ពួក​គេ អាចនឹងមាន​សមត្ថ​ភាព ដណ្តើមបាន​កៅអី ឡើង​មក​លេង នៅ​លីគ​កំពូល ឆ្នាំ​២០២២ វិញ។

នៅ​មុន​ការ​ប្រកួត​លីគ​២ បាន​ចាប់ផ្តើម កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ គ្រូ​បង្គោល​ក្រុម​កោះកុង​អេហ្វស៊ី លោក  ហុក សុជីវ័ន បាន​បញ្ជាក់​ថា គោល​ដៅ​ធំ​របស់​ក្រុម​មាន​មូល​ដ្ឋាន​នៅ​ដែន​សមុទ្រ​មួយ​នេះ ត្រូវ គឺ​ការ​ប្រជែង​ឱ្យ​បាន​តំណែង​ជើ​ងឯក នៅ​លីគ២​នេះ ដើម្បី​ទទួល​បាន​ឱកាស ឡើង​ទៅ​លេង​នៅលីគ​កំពូលកម្ពុជា        ឆ្នាំ​២០២២ ទៅតាម​ផែនការ​របស់​ថ្នាក់​ដឹកនាំ​ក្លិប បាន​ដាក់ចេញ។

«​គោលដៅ​វែងឆ្ងាយ​របស់​យើង ជាមួយ​ថ្នាក់​ខេត្ត គឺ​សម្លឹង​រក​ពានរង្វាន់​លី​គ​២។ យើង​ត្រូវ​ប្រជែង​ឱ្យបាន​កៅអី សម្រាប់​ការឡើង​ទៅលេង​នៅ​លី​គ​កំពូល​កម្ពុជា ហើយ​នេះ​ជា​គោលដៅ​សំខាន់ ដែល​យើង​ត្រូវធ្វើ​ឱ្យបាន​»​។​ នេះជា​សម្តី​របស់​លោក ហុក សុជីវ័ន បាន​ថ្លែង បន្ទាប់ពី​លោក​បាន​ដឹកនាំ​ក្រុម​កោះកុងអេហ្វស៊ី ឈ្នះ​តំណែងជើង​ឯក​ថ្នាក់ខេត្ត ពាន​រង្វាន់សម្តេច​ហ៊ុន​សែន ឆ្នាំ​២០២១ កាលពី​ខែតុលា កន្លងមកនេះ។

តែ​ទោះបីជា​យ៉ាងណា ការ​បោះជំហាន​ទៅរក​ការ​សម្រេច​គោលដៅ​ធំ​នេះ របស់​ក្រុម​កោះកុង បាន​ជួប​ឧបសគ្គតាំង​ពី​ដើម​ទី ខណៈ​ពួក​គេ បាន​ចាញ់​ក្រុម​U21កង​យោធពល​ខេមរ​ភូមិន្ទ ២-១ នៅ​ថ្ងៃ​បើក​ឆាក​នោះ ហើយការ​ចាញ់នេះ វា​បាន​បន្ថែម​សម្ពាធ​ផងដែរ សម្រាប់លោក ហុក សុជីវ័ន ព្រោះនៅ​ក្នុងចំណោម​ក្រុមទាំង​៨ ដែល​បាន​ចូល​រួមការ​ប្រកួត​លីគ​២​នេះ គឺ​មាន​តែ​១ក្រុម​ប៉ុណ្ណោះ ដែល​មានសិទ្ធ ឡើង​ទឬៅ​លេង នៅលីគ​កំពូល​កម្ពុជា ឆ្នាំ​២០២២ ជំនួស​ក្រុម​សូលទីឡូអង្គរ ដែលទើប​ត្រូវ​បាន​កាត់ចេញ ក្នុង​នាមជា​ក្រុម ដែល​មានពិន្ទុតិចជាង​គេ នៅរដូវ​កាលនេះ។

ផ្ទុយពីនេះ​ក្រុម​សាលាកីឡាបាល់​ទាត់ជាតិ ដែល​ទើប​បាន​ធ្លាក់ និងកាត់ចេញ​ពី​លីគ​កំពូល​​កម្ពុជា កាលពី​ឆ្នាំ​២០២០នោះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​រីក​ច្រើន ក្នុង​នាមជា​ក្រុម​យុវជនថ្នាល​របស់​សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា ហើយ​ការ​យក​ឈ្នះ​ក្រុមម្ចាស់ផ្ទះឬទ្ធីសែន ៤-០ ក្នុងជំនួប​បើកឆាក លីគ​២​នេះ បាន​ជារតម្រុយ​ដ៏​ល្អ​សម្រាប់ពួក​គេ ក្នុង​ការ​បន្ត​ប្រកួត​ប្រជែង យក​កៅអី ឡើង​ទៅ​លេង​នៅលីគកំពូល​វិញ។

ជាមួយគ្នា​នេះ ក្រុម ISI ដង្កោសែនជ័យ ដែល​បានដាក់គោលដៅ​ប្រជែង​យក​ពាន​លីគ​២​ដែរ​នោះ បានយកឈ្នះក្រុម​សៀមរាប ៤-១ ហើយ​ក្រុម​មន្ទីរអយក​ខេត្តត្បូងឃ្មុំ ក៏​បាន​យក​ឈ្នះ​ម្ចាស់ផ្ទះ​ខេត្តបន្ទាយមានជ័យ ៥-២ ដើម្បី​ទទួល​បាន​៣ពិន្ទុ សម្រាប់ការ​ប្រកួត​បើក​ឆាកនេះ ផងដែរ៕