កីឡាករ​ជម្រើសជាតិប្រដាល់សកលកម្ពុជា វី សម្ភស្ស បានអះអាង​ថា រូបគេ នឹង​យក​ប្រាក់​​រង្វាន់​ ដែល​ទទួល​​បាន​ពី​ការ​ឈ្នះជើងឯក នៅក្នុងព្រឹត្តិការណ៍កីឡាប្រដាល់សកល Ultimate Boxing Championship 2021 កាលពី​ថ្ងៃអាទិត្យ យក​ទៅ​ជួយដល់​ម្តាយ​របស់​គេ​ ហើយ​មួយចំនួន​ទៀត រក្សា​ទុកសម្រាប់ការ​ចំណាយ​របស់ខ្លួនឯង។

«ប្រាក់​រង្វាន់ ៣​លាន​រៀល​នេះ ខ្ញុំ​សន្សំ​ទុក​សម្រាប់​ខ្លួន​ឯង​ខ្លះ និង​យក​ទៅ​ជួយ​ម៉ែ​ខ្ញុំ​ខ្លះ សម្រាប់​ដោះ​ស្រាយ​ជីវភាព»។ នេះជា​សម្តីរបស់ វី សម្ភស្ស បន្ទាប់ពី​រូបគេ​បាន​ក្លាយជា​ម្ចាស់​ជើងឯក នៅក្នុងព្រឹត្តិការណ៍កីឡាប្រដាល់សកល Ultimate Boxing Championship 2021 កាលពី​ថ្ងៃអាទិត្យ។

នៅ​ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ​នោះ វី សម្ភស្ស បាន​យក​ឈ្នះ​លើ ទូច ដេវីត ដោយពិន្ទុ ហើយ​វា​ក៏ជជ័យជម្នះ​លើ​ទី​២ សម្រាប់​រូបគេ​ផងដែរ ព្រោះនៅមុន​ការ​ឡើង​មក​ជួប​គ្នា នៅវគ្គ​ដ៏​សំខាន់នេះ វី សម្ភស្ស បាន​យក​ឈ្នះ​ដោយ​ពិន្ទុលើ ទូច ដេវីត ដោយ​ពិន្ទុ​ម្តង​ហើយ នៅ​ក្នុង​ការ​ប្រកួត​វិល​ជុំ គឺ​បន្ទាប់ទៅ​លើការ​យក​ឈ្នះ សែត សារិត និងការ​ផ្តួល ម៉ាង ព្រហ្មម៉ាញ ឱ្យ​សន្លប់។

ជាមួយ​គ្នា​នេះ វី សម្ភស្ស បានអះអាង​ថា ការ​បង្កើត​ឱ្យ​មានការ​ប្រកួតដណ្តើម​ប្រាក់លាន សម្រាប់​ក្រុម​ជម្រើសជាតិ ក្នុង​ព្រឹត្តិការណ៍កីឡាប្រដាល់សកល Ultimate Boxing Championship នេះ ពិតជា​មានសារៈសំខាន់ ចំពោះ​រូប​គេ និងក្រុម​ជម្រើសជាតិ ក្នុង​ការ​បង្កើន​សមត្ថភាព និង​បច្ចេក​ទេស​បន្ថែម។

សិស្ស​គណ​ក្លិប​នាយក​ដ្ឋាន​អង្គរក្ស បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​គិត​ថា ការ​ប្រកួត​នេះ ពិត​ជា​សំខាន់​​សម្រាប់​ខ្ញុំ ដែល​មិន​ត្រឹម​តែ​ដណ្តើម​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចំណេញ​បាន​ទាំង​បច្ចេក​ទេស​​កាន់​​តែ​ច្រើន ព្រោះ​ការ​ហ្វឹក​ហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​កាន់​តែ​ល្អ គឺ​ដោយ​សារ​មាន​ការ​​ប្រកួត​កាន់​តែ​ច្រើន ព្រម​ទាំង​បន្ថែម​បាន​នូវ​គុណភាព​បច្ចេកទេស​កាន់​តែ​ខ្ពស់ រួម​​ទាំង​​បទពិសោធ​លើ​សង្វៀន​ផងដែរ»។

ចំណែកលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ​សហ​ព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ​បាន​និយាយ​ថា ព្រឹត្តិការណ៍ Ultimate Boxing Championship 2021 នេះ ជា​គោល​ដៅ​បង្កើន​បច្ចេកទេស​ ឆ្ពោះ​ទៅ​ប្រជែង​មេដាយ ស៊ីហ្គេម ២​លើក​ចំពោះ​មុខ​ ហើយ​តាម​រយៈការ​ប្រកួតនេះ​យើង​​អាច​​វាយ​តម្លៃ​ជា​រួមថា វា​ជា​ជោគជ័យ​ដ៏​ត្រចេះ​ត្រចង់»។

លោក​បានបន្ថែម​ថា៖ «អ្វី​ដែល​ទទួល​បាន​ពី​ការ​ខិតខំ ​រៀបចំ​ការ​ប្រកួត​នេះ គឺ​យើង​ទទួល​បាន​​អត្ថប្រយោជន៍​​នៃ​​ការ​ពង្រឹង​កម្រិត​បច្ចេកទេស​របស់​កីឡាករ​ជម្រើសជាតិ ត្រៀម​ទៅ​ចូល​រួម​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ នា​ថ្ងៃ​ទី ​២៣-២៦ ខែ​ធ្នូ ឆ្នាំ២០២១ ព្រមទាំង​​ជួយ​ជំរុញ​ឱ្យ​ក្រុម​ជម្រើស​ជាតិ កាន់​តែ​មាន​បច្ចេកទេស​គ្រប់​គ្រាន់ ត្រៀម​ឆ្ពោះ​ទៅ​ចូលរួម​ប្រកួត​ប្រជែង​មេដាយ ក្នុង​ស៊ីហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែ​ឧសភា ឆ្នាំ​២០២២។ ជាមួយគ្នានេះ មន្ត្រី​បច្ចេក​ទេស​របស់​យើង ​ក៏​ទទួល​​បាន​នូវ​បទពិសោធ​ថ្មីៗ​ពី​ការ​រៀបចំ ការ​ផ្គូផ្គង​កីឡាករ កីឡាការិនី ផងដែរ ដូច្នេះ​​ចាប់​ពី​ឆ្នាំ​២០២២​តទៅ យើង​បានដាក់ក្តីសង្ឃឹមខ្ពស់ ក្នុងការធ្វើឱ្យ​ព្រឹត្តិការណ៍នេះ កាន់​តែ​រីចកម្រើន និង​ទទួល​បាន​ការគាំទ្រពីមហាជនថែម​ទៀត»។

គួរ​បញ្ជាក់​ថា ការ​ប្រកួតជើងឯក​ប្រដាល់សកល ក្នុង​ព្រឹត្តិការណ៍ Ultimate Boxing Championship 2021 នេះ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បានដាក់កីឡាករ​ជម្រើស​ជាតិ​៤នាក់​ឱ្យ​ប្រកួត​គ្នា​នេះ ហើយ​តាម​រយៈ​ការ​ប្រកួត​នោះ កីឡាករ សែត សារឹត និង ម៉ាង ព្រហ្មម៉ាញ សុទ្ធតែ​បាន​ធ្លាក់នៅវគ្គ​ជម្រុះ។ ចំណែក​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ប្រចាំ​សប្តាហ៍​ទី​៦ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ វី សម្ភស្ស បាន​យក​ឈ្នះ​ដោយពិន្ទុ​លើ ទូច ដេវីត ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក អម​ដោយ​ប្រាក់រង្វាន់​៣លាន​រៀល ខណៈ​អ្នក​ចាញ់ ទូច​ ដេវីត បាន​ប្រាក់រង្វាន់​ចំនួន​១​លាន​រៀល៕