ក្រុម​វិសាខា ដែល​ទើប​បង្កើតកំណត់​ត្រា​ថ្មី ដោយការ​ឈ្នះ​ពាន​រង្វាន់សម្តេចហ៊ុនសែន ចំនួន​​២​​ឆ្នាំជាប់ៗ​គ្នា​នោះ បាន​នាំ​យក​កីឡាករ​មានបទពិសោធ​ម្នាក់​ទៀត ឈង់ ប៊ុនណាត មក​ជួយ​​ដល់​ក្រុម សម្រាប់ត្រៀម​ការ​ប្រកួត​រដូវ​កាល​ថ្មី ឆ្នាំ​២០២២ ក៏ដូចជា​ការ​ប្រកួត​ប្រជែង នៅ​លើ​ឆាក​អន្តរជាតិ នាពេល​ខាងមុខ​នេះ។

សមាជិក​ថ្មី​របស់​ក្រុមមានមូលដ្ឋាន​នៅ​កីឡដ្ឋានព្រីនស៍ វិសាខា គឺ​ជា​ខ្សែ​ការពារ​ដ៏​រឹងមាំ​របស់​ក្លិប​បាល់​ទាត់អង្គរ​ថាយហ្គឺរ ដោយ​រូបគេ​បាន​លេង​ឱ្យ​ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយនេះ បាន​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ ហើយ អង្គរ​ថាយហ្គឺរ បាន​ប្រកាស​ពីការ​ចែក​ផ្លូវ​ជាមួយ ឈង់ ប៊ុនណាត កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

ចំណែក​ក្រុម​វិសាខា បាន​ប្រកាសពីការ​ចុះ​កុងត្រា​ជាមួយ​ខ្សែ​ការពារ​លេខ​៤ ឈង់ ប៊ុនណាត នៅ​ថ្ងៃ​ចន្ទនេះ ហើយ​វត្តមាន​របស់​គេ នឹង​​ធ្វើ​ឱ្យ​តំបន់ការពារ​របស់​ក្រុម​វិសាខា កាន់តែ​មាន​​ភាព​រឹង​មាំ ​ខណៈ​បច្ចុប្បន្ន​ វិសាខា បាន​ក្លាយជា​ក្លិប ដែលមាន​ធនធាន​កីឡាករ​ក្នុង​ស្រុក​សម្បូរ​បែប​ជាង​គេ។

ជាមួយ​គ្នា​នេះ ការ​យក​ឈ្នះ​ក្រុម​ព្រះខ័នរាជស្វាយរៀង ដោយ​បាល់​ប៉េណាល់​ទី ៥-៤ បន្ថែម​​ទៅ​លើការ​ស្មើ​គ្នា ២-២ ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ស​ម្តេចហ៊ុនសែន កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍មុននេះ ដើម្បី​បន្តលើក​ពាន​ចំនួន​២ឆ្នាំជាប់ៗ​គ្នា​នោះ វា​បានបង្ហាញ​រួច​ទៅ​ហើយ​​ថា វិសាខា​ ជា​ក្រុម​ខ្លាំង​ជាង​គេ នាពេលនេះ សម្រាប់ការ​ប្រកួត ដោយ​ប្រើ​ប្រាស់កីឡាករ​ក្នុង​ស្រុក​សុទ្ធ។

យ៉ាង​ណាក៏​ដោយ តាម​ប្រភព​ក្រៅ​ផ្លូវការ ​បានឱ្យ​ដឹង​ថា វិសាខា បាន​ចែង​ចូវ​កីឡាករ ឈង់ ប៊ុនណាត បាន​សម្រេច តាំង​ពី​បញ្ចប់ការ​ប្រកួត​ជើង​ទី​១ លីគកំពូល​កម្ពុជា ឆ្នាំ​២០២១​នេះ ហើយ​ថ្នាក់ដឹកនាំ​ក្លិប​អង្គរ​ថាយហ្គឺរ ក៏បាន​ដឹងពី​រឿងនេះ​ដែរ ប៉ុន្តែ​អ្វីដែល​គួរ​ឱ្យ​សរសើរ​នោះ គឺ​អង្គរ​ថាយហ្គឺរ នៅតែ​បន្ត​ដាក់ ឈង់ ប៊ុនណាត ឱ្យ​លេង នៅ​ក្នុងជម្រើសរើស​១១នាក់ដំបូង រហូត​ដល់​ចប់​រដូវ​កាល​តែម្តង៕