សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC (ទ័ព) មិនបានបន្តកុងត្រាថ្មី ដល់កីឡាករបរទេស ដែលបានជួយដល់ក្រុម សម្រាប់ការប្រកួត នៅរដូវកាល ឆ្នាំ២០២១នេះ នោះទេ បន្ទាប់ពីក្លិវមានមូលដ្ឋាននៅកីឡដ្ឋានស្តាតចាស់មួយនេះ បានប្រកាសពីការចែកផ្លូវជាមួយកីឡាករបរទេសទាំង៤នាក់ កាលពីថ្ងៃចន្ទ ម្សិលមិញ។
«សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ កីឡាករ ROMARIO កីឡាករ RIO SAKUMA កីឡាករ CHAN YOUNGHA និងកីឡាករ TIMOTHY ដែលបានរួមចំណែកជួយក្លិបក្នុងរដូវកាល ២០២១ នេះ។ យើងទាំងអស់គ្នាសូមជូនពរ កីឡាករទាំង៤ ឱ្យជួបប្រទះតែសំណាងល្អ និងជោគជ័យក្នុងអាជីព»។ នេះជាសេចក្តីប្រកាសពីការចែកផ្លូវជាមួយកីឡាករបរទេសទាំង៤នាក់ របស់ក្រុមទ័ព។
ជាមួយការប្រកាសចែកផ្លូវជាមួយកីឡាករបរទេសទាំង៤នាក់ ក្នុងពេលព្រមគ្នានេះ វាបានបង្ហាញពីការកែប្រែយ៉ាងធំធេង ដើម្បីត្រៀមខ្លួន ទៅកាន់ការប្រកួតប្រជែង នារដូវកាលឆ្នាំ២០២២ របស់ក្រុមទ័ព ព្រោះទ័ព ក៏ទើបបានបញ្ចប់កុងត្រាមុនពេលកំណត់នឹងអ្នកចាត់ការក្រុម ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ផងដែរ។
ជុំវិញការបញ្ចប់កុងត្រា ទាំងជាមួយអ្នកចាត់ការក្រុម លោក Lee Tae Hoon និងកីឡាករបរទេសទាំង៤នាក់ ខាងលើនេះ ក៏ព្រោះតែក្រុមទ័ព ទទួលបានលទ្ធផលមិនគាប់ប្រសើរ នោះទេ ក្នុងការប្រកួតលីគកំពូលកម្ពុជា នារដូវកាល ឆ្នាំ២០២១នេះ ដោយពួកគេ បានត្រឹមលេខ៧ ចំណែកការប្រកួតពានរង្វាន់សម្តេចហ៊ុនសែន ថ្នាក់ជាតិ ក្រុមទ័ព ក៏ទទួលបានលទ្ធផលមិនល្អដែរ ដោយបានធ្លាក់ត្រឹមវគ្គជម្រុះ១៦ក្រុមដំបូង ក្រោយចាញ់ក្រុមអគ្គិសនីកម្ពុជា ៤-០ នោះ៕