អ្នកគ្រប់គ្រងទូទៅរបស់អង្គរថាយហ្គឺរ លោក Yusuke Shinoda បានអះអាងថា វាមិនដែលងាយស្រួលនោះទេ នៅពេលកីឡាករជាច្រើន បានចាកចេញជាបន្តបន្ទាប់គ្នា នៅចុងបញ្ចបនៃរដូវកាល ប៉ុន្តែចក្ខុវិស័យ និងគោលដៅរបស់ក្លិប ក្នុងការប្រជែងយកតំណែងជាជើងឯក គឺមិនប្រែប្រួលនោះទេ»។
ការលើកឡើងបែបនេះរបស់បុរសជនជាតិជប៉ុន លោក Yusuke Shinoda ក៏ព្រោះតែកីឡាករក្នុងស្រុកមានគុណភាពលេងល្អៗ រួមមានខ្សែការពារ ឈង់ ប៊ុនណាត ខ្សែបម្រើជាប្រធានក្រុម ឡុង ភារ៉ាត និងខ្សែបម្រើ ឡុង ម៉េងហាវ សុទ្ធតែបានសម្រេចចាកចេញពី អង្គរថាយហ្គឺរ បន្ទាប់ពីក្លិបមួយនេះ បានចែកផ្លូវជាមួយកីឡាករបរទេស Maksim Taleyko, Kosuke Uchida និង Ata Inia រួមទាំងគ្រូបង្គោលលោក Oriol Segura ដែលបានដឹកនាំក្រុមនេះ តាំងពីឆ្នាំ២០១៧ មកនោះ។
តាមរយៈក្លិបអង្គរថាយហ្គឺរផ្ទាល់ លោក Yusuke Shinoda បាននិយាយ កាលពីថ្ងៃចន្ទថា៖«រៀងរាល់ចុងបញ្ចប់នៃរដូវកាល គឺមិនដែលងាយស្រួលសម្រាប់យើង និងអ្នកគាំទ្រឡើយ ដែលមានកីឡាករជាច្រើនចាកចេញ។ មូលហេតុនោះ វាជាការសម្រេចចិត្តរបស់យើង និងជាការសម្រេចចិត្តរបស់កីឡាករខ្លួនឯងផ្ទាល់ ដែលពួកគេចង់ទទួលបានការប្រកួតប្រជែងថ្មីជាមួយ នឹងកម្រិតដ៏ខ្លាំងមួយទៀត ទោះបីជាយើងចង់ រក្សាទុកពួកគេ ដើម្បីប្រកួតប្រជែងសម្រាប់រដូវកាលក្រោយក៏ដោយ តែវាជាពេលវេលាដ៏ល្អ ដែលកីឡាកររបស់យើងក្ដោបយកឱកាសល្អៗដទៃទៀត»។
«តែទោះជាយ៉ាងណាក៏ដោយ ចក្ខុវិស័យ និងគោលដៅរបស់ក្លិប គឺក្លាយជាជើងឯក ដែលវាមិនប្រែប្រួលនោះទេ។ ទោះបីជាកីឡាករល្អៗរបស់យើងចាកចេញទៅក៏ដោយ យើងនៅតែផ្ដោតលើការងាររបស់ពួកយើង ការចុះហត្ថលេខាយកកីឡាករល្អៗថ្មីៗ និងចង់ផ្ដល់ឱកាសដល់កីឡាករវ័យក្មេង ដែលមានទេពកោសល្យរបស់យើងផងដែរ»។
លោក Yusuke Shinoda បានបន្ថែមថា៖ «តាមដែលខ្ញុំចាំ បន្ទាប់ពីរដូវកាល ឆ្នាំ២០២០ បានបញ្ចប់ គ្រប់គ្នាបានភ្ញាក់ផ្អើល និងមិនរំពឹងពីការរីកចម្រើនរបស់យើងក្នុងរដូវកាល ២០២១ នោះទេ ប៉ុន្តែឆ្នាំ២០២១ គឺជារដូវកាលដ៏ល្អបំផុតរបស់យើង ចាប់តាំងពីក្រុមយើងចាប់ផ្តើម ក្នុងឆ្នាំ២០១៥មក ហេតុនេះពួកយើង ក្នុងនាមជាក្រុមមួយ នឹងព្យាយាមបង្កើតពេលវេលារីករាយ សម្រាប់អ្នករាល់គ្នា ក្នុងឆ្នាំ២០២២។ អរគុណអ្នកទាំងអស់គ្នា។ ពាក្យសម្ដីរបស់អ្នកទាំងអស់គ្នា បានធ្វើឱ្យយើងរឹងម៉ាំ និងតែងធ្វើឱ្យយើងមានកម្លាំងចិត្ត»៕






