ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានសម្រេចចែកផ្លូវជាមួយគ្រូជំនួយ លោក ម៉ាត់ ហូសាន់ ជាផ្លូវការហើយ ហើយក្លិបតំណាងឱ្យសាកលវិទ្យាល័យ មានមូលដ្ឋាននៅភ្នំពេញមួយនេះ ក៏បានប្រកាសពីការបញ្ចប់កុងត្រាមួយកីឡាករបរទេស ចំនួន៣នាក់ ផ្សេងទៀត ផងដែរ ខណៈកីឡាករបរទេស២នាក់ទៀត កំពុងស្ថិតនៅក្នុងការចរចា សម្រាប់ការត្រៀមទៅរដូវកាលថ្មី។
«យើងសូមថ្លែងអំណរគុណដល់ លោកគ្រូ ម៉ាត់ ហូសាន់ ដែលបានចូលរួមជាមួយយើងកន្លងមក ក្រុមការងារនៃក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប សូមជូនពរឱ្យមានសំណាងល្អ និងសុខភាពល្អ»។ នេះជាសេចក្តីថ្លែងការរបស់ក្លិបអាស៊ីអឺរ៉ុប ក្នុងពេលក្លិបមួយនេះ បានចែកផ្លូវជាមួយគ្រូជំនួយផ្នែកកម្តៅសាច់ដុំ លោក ម៉ាត់ ហូសាន់ កាលពីព្រឹកថ្ងៃពុធនេះ។
ជាមួយគ្នានេះ អាស៊ីអឺរ៉ុប បានប្រកាសចែកផ្លូវជាមួយកីឡាករនីហ្សេរីយ៉ាពាក់លេខ៩៨ MANUEL E JOHNSON ខ្សែការពារជប៉ុនពាក់លេខ៤ KURIYAMA YUYA និងខ្សែប្រយុទ្ធនីហ្សេរីយ៉ាពាក់លេខ ១០ Adeyanju Rasheed Omokafe ដែលបានចូលរួមជួយក្រុម សម្រាប់ការប្រកួតរដូវកាលឆ្នាំ២០២១នេះហើយ ចំណែកអ្នកចាំទីឆ្នើមប្រចាំក្រុមនេះ គឺកីឡាករ ពេជ្រ រ៉ូវិនយោធិន ក៏បានសម្រេចព្យួរស្រោមដៃ (បញ្ចប់អាជីព) ផងដែរ។
លោកឡែក សម្រាប់ខ្សែប្រយុទ្ធមានបទពិសោធជនជាតិនីហ្សេរីយ៉ា Gbenga ដែលជាម្ចាស់អាវលេខ៩៩ នៅក្នុងក្លិបអាស៊ីអឺរ៉ុប រួមទាំងខ្សែបម្រើជនជាតិជប៉ុនពាក់លេខ១៣ Kanta Asami បាននឹងកំពុងស្ថិតនៅដំណាក់កាលចរចា ថាតើពួកគេ បន្តស្នាក់នៅ ឬក៏ត្រូវចាក់ចេញពីក្រុមនេះ ផងដែរ។
ជុំវិញបបញ្ហានេះ លោក សុក វាសនា គ្រូបង្គោលក្រុមអាស៊ីអឺរ៉ុប បានប្រាប់ នៅថ្ងៃពុធនេះថា៖«ពិតណាស់ ក្លិបរបស់យើង បានប្រាប់ទៅកីឡាករបរទេស៣នាក់រួចហើយ សម្រាប់ការចែកផ្លូវគ្នានេះ ចំណែកកីឡាករបរទេស២នាក់ទៀត យើងកំពុងចរចា ថាតើគាត់អាចនៅបន្តទៀត ឬយ៉ាងម៉េច តែការងារនេះ យើងត្រូវការពេលបន្តិច ខណៈរដូវកាលថ្មី យើងនឹងត្រូវចាប់ផ្តើមប្រមូលផ្តុំនៅឆ្នាំថ្មី»៕