កម្ម​វិធី ឬពិធីធំៗចំនួន​៣ ត្រូវ​បាន​គណៈអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការជាតិ CAMSOC​សម្រេច​រួច​ហើយ​ថា នឹង​ត្រូវ​ធ្វើ​រួមគ្នា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតតេជោ នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១​នេះ ដើម្បី​បញ្ជាក់ពីកំណត់​ត្រា​ជា​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា ក្នុងការ​ឈាន​ទៅ​ធ្វើជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ខណៈ​ពិធីដ៏​ធំទាំង​៣​នេះ មានការ​ចូល​រួម​ដោយ​ផ្ទាល់​ពី​សំណាក់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងការ​អញ្ជើញ​ចូល​រួម​ពី​ឯកអគ្គ​រដ្ឋ​ទូត​ចិន​តំណាង​ឱ្យ​រដ្ឋាភិបាលចិន និងមន្រ្តី​រាជការ មន្រ្តី​កីឡា ក្រុមកីឡា ក្រុមសិល្បៈ និង​មហាជន ជា​ច្រើន​ទៀត ផងដែរ។

«ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន យើង​គ្រោង​នឹង​រៀបចំ​កម្ម​វិធី​៣​បញ្ជូល​​គ្នា គឺ ទី១ ការ​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​វិមាន​កីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ ទី​២ ពិធីអបអរសាទរការ​រាប់ថយក្រោយ ៥០០ថ្ងៃ នៃ​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងទី​៣ ការ​ប្រកាស​យុទ្ធនា​ការ​​ជាតិផ្សព្វផ្សាយឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា»។ នេះបើ​តាម​​​ការ​បញ្ជាក់​របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC នៅ​ក្រោយ​កិច្ច​ប្រជុំ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖​«ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ការ​ផ្សព្វ​ផ្សាយ​នឹង​ត្រូវ​ចាប់​ផ្តើម ដោយត្រូវរួមគ្នាគ្រប់សមាសភាពក្រសួង ស្ថាប័ន បូករួមជាមួយការងារបរទេស ការងារ​កីឡា ការ​ទូត​ក្រៅ​ប្រទេស ក៏នឹងត្រូវផ្គុំគ្នាក្នុងសំឡេងតែមួយ ជួយគាំទ្រ ឆ្ពោះ​ទៅ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ហើយ​ទាំង​អស់​នេះ គឺជា​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ថ្មី សម្រាប់ការកត់ត្រាដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ ឆ្នាំ​២០២៣​ផង និង​ជាកំណត់ត្រា​មួយ​ប្រចាំ​ឱ្យ​​ប្រវត្តិ​​ក្នុង​ការ​សាង​សង់​ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោផង»។

នៅ​ក្នុង​កិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមវត្តមាន​របស់​លោក​ឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC កាល​ពី​ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា​នោះ បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កម្ម​វិធី​ដ៏ធំ​ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ក៏​មាន​កម្ម​វិធី​ជា​ច្រើន​ទៀត ដូច​ជា​ការ​កាត់​ខ្សែ​បូរ​សម្ពោធ ការបង្ហាញកីឡា ការសម្តែងសិល្បៈវប្បធម៌ បង្ហាញអំពីចំណងមិត្តភាពដែកថែប កម្ពុជា-ចិន និងមានបទចម្រៀងក្នុងកម្មវិធីអបអរនេះផងដែរ។

ជាមួយ​គ្នា​នោះលោក​បណ្ឌិត ថោង ខុន បាន​ឯកភាព​នូវ​គម្រោង​មនុស្ស​ សម្រាប់​ការ​ចូល​រួម​ក្នុង​កម្ម​វិធី នៅ​ថ្ងៃទី​១៨ ខែធ្នូ​នេះ ចំនួន ១៥០០០​នាក់ ដោយ​ដាក់​ចេញ​នូវ​វិធាន​ការ​សុខាភិបាល ដើម្បីបង្ការជំងឺកូវីដ១៩ ហើយ​ក្នុងចំនួននេះ គឺ​មាន​ជាង ១,០០០នាក់ ជាសិល្បករ សិល្បការិនី និង​កីឡាករ កីឡាការិនី ដែលត្រូវសម្តែងបង្ហាញ នៅ​លើ​ទីលាន​បាល់ទាត់​នៃ​វិមាន​កីឡដ្ឋាន ដោយទិដ្ឋភាពនេះ នឹងបង្ហាញ​ចេញនូវ​ភាព​អស្ចារ្យ ជាពិសេស គឺ​ការ​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​ពី​បណ្តាញ​ទូរទស្សន៍​ទាំងអស់៕