ទិវា​រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង លើក​ទី​២៦ នៅអង្គរ ខេត្តសៀមរាប ដែលគ្រោងធ្វើឡើង នៅអំឡុងខែធ្នូ ឆ្នាំ២០២១ ត្រូវ​បាន​ពន្យារ​ពេល​រៀបចំ​ទៅ​ដើម​ខែមករា ឆ្នាំ២០២២។ ជាមួយគ្នា​នេះ គណៈកម្មការ​រៀបចំ​បាន​កែប្រែ​លក្ខខណ្ឌ​មួយ​ចំនួន ដោយ​អនុញ្ញាតឱ្យ​ជនបរទេសអាចចូលរួមសេរី និង​គ្មាន​ការ​កំណត់​ចំនួន​អ្នក​ចូលរួម ខណៈបច្ចុប្បន្ន មាន​អ្នក​រត់ជិត២ពាន់នាក់ បានចុះឈ្មោះចូលរួម ហើយ​ការ​ចុះ​ឈ្មោះ​នឹង​បន្ថែម១សប្តាហ៍ទៀត។

ទោះបីជា ទិវារត់ប្រណាំង​នេះ ជាព្រឹត្តិការណ៍មនុស្សធម៌ ក៏ពិតមែន តែ​វា​ជា​ផលិត​ផល​ទេសចរណ៍ ដ៏​មាន​សក្តានុពល​ក្នុង​ការស្រូប​ទាញភ្ញៀវទេសចរបរទេស។ គណៈ​កម្ម​ការ​​រៀបចំ ប្តេជ្ញា​​នឹង​​បង្កើន​ការ​រៀប​ចំឲ្យបានម៉ឹងម៉ាត់ នៅឆ្នាំនេះ ដើម្បីទប់ស្កាត់ និង​បង្ការ ក៏​​ដូច​​ជា​​រក្សា​សុវត្ថិ​ភាព​ជូន​អ្នក​រត់​ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ បានគូសបញ្ជាក់ថា NOCC និង​ក្រសួង​ទេសចរណ៍​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​រួច​ហើយ​ ក្នុង​ការ​រៀបចំ​​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ផ្សេងៗ ដែល​ជាផ្នែកមួយ ក្នុងការ​ជួយស្រូបទាញភ្ញៀវទេសចរ ឲ្យមក​កម្សាន្ត​នៅកម្ពុជា។

ជាក់​​ស្តែងនៅថ្ងៃទី២ មករា ឆ្នាំ២០២២ ខាងមុខ NOCC រួម​ជាមួយ​ក្រសួង​ទេសចរណ៍ នឹង​រៀបចំ​ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅ​បរិវេណ​តំបន់​អង្គរ ក្នុងខេត្តសៀមរាប ខណៈកន្លងមក គ្រោងរៀបចំនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

អគ្គលេខាធិការ NOCC រូបនេះ បានបន្តថា មូលហេតុដែល NOCC លើក​ពេល​រៀបចំ​ពី​ខែ​ធ្នូ ទៅ​ខែ​មករា​នេះ គឺ​ដោយសារ​នៅ​ខែ​មករា ការ​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ ក្នុងខេត្តសៀមរាប ដែលមិនទាន់រួចរាល់ អាចសាងសង់រួចរាល់ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល ដល់ការរៀបចំព្រឹត្តិការណ៍នេះ។

លោកបាន​បន្ថែម​ថា មួយវិញទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏ដូច​ជា​ក្រសួង​ទេសចរណ៍​​បាន​កំណត់​យក​ខែ​មករា ឆ្នាំ២០២២ ជាថ្ងៃ​ប្រកាស​បើក​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​​សៀមរាប​ទទួល​ភ្ញៀវ​ទេសចរ​បរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច បន្ទាប់​ពី​ខេត្ត​ព្រះសីហនុ និងខេត្ត​កោះ​កុង ដែលបើកនៅអំឡុងធ្នូ ឆ្នាំ២០២១។

 

ជាព្រឹត្តិការណ៍កីឡាមនុស្សធម៌ ក៏ពិតមែនតែ លោក វ៉ាត់ ចំរើន មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ព្រឹត្តិការណ៍​នេះ ​ក្នុង​ការ​ជួយ​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់​តែ​ភាព​ល្អ​ប្រសើរ​​ក្រោយ​រង​ផលប៉ះពាល់ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ជិត​​​២ឆ្នាំ​កន្លងមកនេះ។

«ខ្ញុំ​ជឿជាក់ថា តាមរយៈព្រឹត្តិការណ៍នេះ វា​នឹង​ជួយ​ផ្សព្វ​ផ្សាយ និង​ទាក់​ទាក់​ទាញ​ភ្ញៀវ​ទេសចរជាតិ និង​អន្តរ​ជាតិ​ឲ្យ​មក​កម្សាន្ត ​នៅ​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​កាន់​តែ​ច្រើន ​ជាពិសេស​វា​នឹង​ជួយ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​បន្ថែម​ទៀត​ក្នុង​ការធ្វើដំណើរកម្សាន្ត មកកាន់ប្រទេសកម្ពុជា។ បន្ថែមលើនេះ វា​នឹង​ក្លាយ​ជា​មធ្យោបាយ​ក្នុងការប្រាប់ពិភពលោកថា កម្ពុជា​បាន​បើក​តំបន់​ទេសចរណ៍ និង​អាច​ទទួល​ភ្ញៀវ​ទេសចរ​ប្រកបដោយសុវត្ថិភាព ទោះបីកូវីដ-១៩ មិន​ទាន់​ផុត​រលត់​ពី​ភពផែន​ដី​ក៏ដោយ»។

ក្រៅពីផ្លាស់ប្តូរពេលវេលា គណៈកម្មការរៀបចំ ក៏​បាន​កែប្រែ​លក្ខខណ្ឌ​ចូល​រួម​មួយ​ចំនួន​ផងដែរ ក្នុងនោះ NOCC អនុញ្ញាត​ឲ្យជន​បរទេស ដែល​ទើប​ចូល​មក​កម្ពុជា អាច​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍នេះ ដោយសេរី ខណៈ​កន្លងមក​អនុញ្ញាត​ឲ្យ​តែ​ជន​បរទេស​រស់​នៅ​ក្នុង​ស្រុកតែប៉ុណ្ណោះ ហេតុ​នេះ​ចំនួនអ្នកចូលរួមមិនកំណត់នោះទេ តែ​ពី​មុន​កំណត់​ឲ្យ​មានត្រឹមតែ២៥០០នាក់ប៉ុណ្ណោះ។

លោក សែម ផល្លា អ្នកគ្រប់គ្រងការរៀបចំព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា បច្ចុប្បន្ន​មានអ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះប្រមាណ២០០០នាក់​ហើយ ហើយ​គណៈ​​កម្មការ​រៀបចំ រំពឹងថា នៅឆ្នាំនេះ នឹង​អាច​ទាក់​ទាញ​អ្នក​ចូលរួម​ប្រមាណ​ពី​២​ទៅ​៣​ពាន់​នាក់​បន្ថែមទៀត ព្រោះ​ការ​ចុះឈ្មោះ ត្រូវបានបន្ថែមពេល១សប្តាហ៍ទៀត។

លោកបានបន្ថែមថា ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ និង​ធានា​សុវត្ថិភាព​ជូន​អ្នក​រត់ គណៈកម្មការ​រៀបចំ នឹង​ពង្រឹង​ការ​រៀបចំ​ឲ្យម៉ឺងម៉ាត់បំផុត នៅ​ឆ្នាំនេះ តាម​រយៈ​ការ​អនុវិធានការសុខាភិបាល ដូច​ជាការ​ធ្វើ​តេស្ត វាស់កម្តៅ រក្សាគម្លាត លាង​ដៃ​ជាមួយ​អាល់​កុល និង​ត្រូវ​ឲ្យ​ពាក់​ម៉ាស់​ជាដើម។

ព្រឹត្តិការណ៍រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាលម៉ារ៉ាតុង​នេះ ជា​ផលិត​ផល​ទេសចរណ៍​ដ៏​មាន​សក្តានុពល ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ តែ​ត្រូវ​បាន​ខកខាន​រៀបចំ​ម្តង​ កាល​ពី​ឆ្នាំ២០២០ ដោយសារកម្ពុជាទទួលរងនូវការឆ្លងជំងឺកូវីដ-១៩។ នៅ​ពេល​មិន​ទាន់​មាន​ការផ្ទះ​ការ​ឆ្លងជំងឺកូវីដ ព្រឹត្តិការណ៍នេះ អាចទាក់ទាញអត្តពលិកជាតិ និង​អន្តរ​ជាតិ​រហូត​ដល់​ជាង​១ម៉ឺននាក់ឯណោះឲ្យចូលរួម៕