ការ​ដើរ​ផ្លូវរួមគ្នា​អស់រយៈ​ពេល​២​ឆ្នាំ រវាង​អ្នកចាំទី អ៊ុំ វិចិត្រ និង​ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន បាន​ឈាន​ដល់ទី​បញ្ចប់​ហើយ បន្ទាប់ពី​ភាគី​ទាំង​២ បាន​ប្រកាស​ពីការ​ចែក​ផ្លូវ​គ្នា​នោះ បន្ទាប់ពី​បានបង្កើត​កំណត់ត្រា​យ៉ាងត្រចះត្រង់ចង់ គឺការ​ឈ្នះពាន​រង្វាន់​លីគកំពូល​កម្ពុជា ជា​លើក​ទី​៧ កាលពី​ពេល​ថ្មីៗ​នេះ។

​អតីត​អ្នកចាំទី​ក្រុមជម្រើសជាតិ​កម្ពុជា​ អ៊ុំ វិចិត្រ ហាក់នៅមាន​ភាព​អាឡោះអាល័យ នៅ​រឿង​រ៉ាវ និងអនុស្សាវរីយ៍ជា​ច្រើន​ដែល​រូបគេ ធ្លាប់​បានជួប​ប្រទះ និង​បង្កើត​ឱ្យ​មាន​ឡើង ​ជាមួយ​ក្រុម​សិង្ហក្រហម ភ្នំពេញ​ក្រោន ដែល​នៅតែ​ដក់ជាប់ នៅ​ក្នុង​ចិត្ត​របស់គេ  ពិសេស​ស្នាម​ញញឹម​ដ៏មាន​ន័យ ក្នុង​ពេល​ក្រុមនេះ បានលើក​ពាន​លីគ​កំពូល​កម្ពុជា ជា​លើក​ទី​៧ ប្រចាំ​ឆ្នាំ​២០២១​នេះ។

តែ​ទោះបីជា​យ៉ាង​ណា អ៊ុំ វិចិត្រ ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ចោល នៅរឿង​រ៉ាវ ដ៏មាន​ន័យ​ទាំង​នេះ ដើម្បីវិល​ត្រឡប់​មក​​បម្រើ​ការងារ​ នៅ​អង្គភាព​​យោធា​វិញ ទៅតាមកាតព្វកិច្ច និង​ភារកិច្ច​របស់​ខ្លួន ព្រោះ​រូបគេ​ជាទាហាន​ម្នាក់ នៅ​ក្នុង​អង្គភាពក្រសួងការពារ​ជាតិ ហេតុនេះ វិចិត្រ ត្រូវតែ​វិល​ត្រឡប់មកកីឡដ្ឋាន​ស្តាតចាស់ ដើម្បី​​លេង​ឱ្យ​ក្រុមកងយោធពលខេមរភូមិន្ទ  វិញ សម្រាប់​រដូវ​កាល​​ថ្មី ឆ្នាំ​២០២២។

«ជាដំបូង ខ្ញុំបាទសូមអរគុណទៅដល់លោកប្រធានក្លិប Oknha Rithy Samnang (ឧកញ៉ា ឬទ្ធី សំណាង) ថ្នាក់​ដឹកនាំ គ្រូបង្វឹក កីឡាករ រួម​ទាំង​អ្នក​គាំទ្រ​ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​ ទាំង​អស់ ដែល​រយៈ​២រដូវកាលកន្លងមក ខ្ញុំបាទ​ពិត​ជា​រីករាយ​ដែល​មាន​ឱកាស​ចូល​រួម និង​ធ្វើការ​ជាមួយ​ក្លិប​ដ៏​ធំ​មួយ​នេះ»។ នេះជា​សារស័ព្ទ ដែល អ៊ុំ វិចិត្រ បានបង្ហោះ នៅ​លើ​ហ្វេសប៊ុក​ កាលពី​ថ្ងៃព្រហស្បតិ៍ គឺ​ស្របពេល​ដែល​ក្លិបភ្នំពេញ​ក្រោន ប្រកាស​ពីការ​ចែក​ផ្លូវជាមួយ​រូបគេ ផងដែរ។

អ្នក​ចាំទី អ៊ុំ វិចិត្រ បាន​បន្ថែម​ថា៖ ​«​អ្វី​ដែលខ្ញុំ​​មិន​អាច​បំភ្លេច​បាន គឺ​ការ​ឈ្នះ​ជើងឯក​លីគ​កំពូល ជាលើក​ទី៧ ជាមួយក្លិប និងជាលើកដំបូងរបស់ខ្ញុំបាទ នារដូវកាល២០២១ថ្មីៗនេះ តែ​ដោយសារ​ខ្ញុំបាទជាមន្ត្រីបម្រើ​ការ នៅក្នុងអង្គភាពយោធា ដូច្នេះ​ខ្ញុំ​មិន​អាច​បន្ត​កិច្ច​សន្យា​ថ្មី​ទៀត​បាន ដោយ​ខ្ញុំបាទ ត្រូវទៅបម្រើ​ការងារ នៅក្នុងអង្គភាពវិញ។​ជាចុងក្រោយ​ខ្ញុំបាទ សូម​ជូនពរ​ឱ្យ​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន កាន់​តែ​ទទួល​ជោគជ័យ នារដូវកាលក្រោយ ទាំងក្នុងថ្នាក់ជាតិ និង​លើ​​ឆាក​អន្តរជាតិ»៕