ក្រុម​ជម្រើសជាតិកម្ពុជា បាន​​ចាកចេញពីមាតុ​ប្រទេស ឆ្ពោះ​​ទៅកាន់ទឹក​ដី​ប្រទេស​សិង្ហបុរី កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បីចូល​រួម​ប្រជែង ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2020 នៅទី​នោះ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃទី១ ខែមករា ឆ្នាំ​២០២២។​

បើតាម​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា លោក ឈូក សិសិដ្ឋ បាន​ឱ្យ​ដឹង​ថា កីឡាករ​ជម្រើសជាតិ ដែលបាន​ជាប់ឈ្មោះ នៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​​កម្ពុជា ទាំង​៣០នាក់ របស់​​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា គឺ​មិនមាននរណា​ម្នាក់ បាត់បង់ឱកាស សម្រាប់ការ​ចេញ​ទៅ​បំពេញភារកិច្ច លើក​នេះ​ទេ។

«យើង​យកទាំង​៣០នាក់ហ្នឹង ទៅ​ចូល​រួមការ​ប្រកួត ពាន​រង្វាន់ AFF Suzuki Cup 2020 នេះតែ​ម្តង ព្រោះ​ពួកគាត់ សុទ្ធតែអាច​លេង​បានទាំង​អស់»។ នេះជា​ការ​បញ្ជាក់របស់​លោក ឈូក ពិសិដ្ឋ មុនពេល​លោក​បាន​ដឹកនាំ​ក្រុម​កម្ពុជា ចាក​ចេញ​ពី​មាតុ​ប្រទេស នៅ​ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍។

ជាមួយគ្នា​នេះ ក្រុមជម្រើសជាតិទាំង​៣០នាក់នេះ សុទ្ធតែ​មាន​ឱកាស​អាច​បង្ហាញ​សមត្ថ​ភាព​ដូចគ្នា នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2020 នៅប្រទេស​សិង្ហបុរីនេះ ព្រោះ លោក ឈូក ពិសិដ្ឋ បាន​ពន្យល់ថា ​ ​​បើ​ទោះបីជា បញ្ជី​ឈ្មោះ​ចុង​ក្រោយ គេ​កំណត់​យក​ត្រឹម​​២៣​នាក់ ​ឱ្យ​ចូល​លេងជា​ផ្លូវការ ប៉ុន្តែ​​​ពី១​ប្រកួត ទៅ​១​ប្រកួត​ យើង​អាច​ផ្លាស់​ប្តូរ​សមាស​ភាព​​កីឡាករ​បាន។

ជាមួយ​គ្នានេះ លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិ​កម្ពុជា បានអះអាង​ថា ការ​ចេញ​ទៅ​ប្រកួត​លើកនេះ កម្ពុជា បាន​ត្រៀមខ្លួន​ល្អ​ដែរ បើ​ទោះបីជាក្រុម​តំណាង​ឱ្យ​កម្ពុជា​មួយនេះ ទើប​ប្រមូល​ផ្តុំ​ហាត់ជុំ​គ្នា បាន​​​ត្រឹម​៦​ថ្ងៃទេ ពោលគឺ​ទើបចាប់​ផ្តើម កាល​ពីថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ក៏ដោយ។

លោក ភា សុភ័ក្ត្រា បាន​​និយាយ​ថា៖​ «សម្រាប់​ការ​ហ្វឹកហាត់ជុំ​គ្នា ប៉ុន្មាន​ថ្ងៃ​នេះ  យើង​ផ្តោត​ខ្លាំង​​ទៅ​លើកម្លាំង​កាយសម្បទា និង​ការ​ធ្វើ​តាក់ទិច​មួយ​ចំនួន ហើយយើងនឹង​ធ្វើ​បន្ថែម​ទៀត នៅ​សិង្ហបុរី។ កីឡាករ​ទាំង​អស់ មានការ​យក​ចិត្តទុក​ដាក់ និង​ព្យាយាម​យល់ពី​អ្វី​ដែល​ក្រុម​ចង់​បាន និងចង់​ធ្វើ អ៊ីចឹង​យើង​មើល​ឃើញ​ពី​ភាព​រីក​ចម្រើន ជាមួយការ​ហ្វឹកហាត់​ប្រកប​​ដោយការ​យល់​ចិត្តគ្នា និងជា​ការ​ត្រៀម​​ខ្លួន​​បាន​ល្អ​ដែរ»។

សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2020 នេះ​កម្ពុជា ឈរ​នៅពេល​B ជាមួយ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ឡាវ ហើយ​កម្ពុជា ត្រូវ​ប្រកួតបើក​ឆាកជាមួយ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ មុន​ទៅជួប​ឥណ្ឌូនេស៊ី ថ្ងៃទី​៩ រួច​បន្ត​ទៅ​ប៉ះ​ក្រុមឡាវ នា​ថ្ងៃទី​១៥ និង​ចុង​ក្រោយ​​ត្រូវ​ប្រឈមជាមួយ​ក្រុម​ខ្លាំង​ប្រចាំ​នៅអាស៊ាន វៀតណាម នៅ​ថ្ងៃទី​១៩ ខែធ្នូ៕