ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ ចាន់ វឌ្ឍនាកា ព្រមទាំង​ខ្សែ​ការពារ​កូន​កាត់ ធារី ចន្ថាប៊ីន ព្រមទាំង​ក្រុមតារា​សិល្បៈ សុទ្ធតែ​បាន​សម្តែងការគាំទ្រ និង​លើក​ទឹក​ចិត្ត ទៅ​ដល់​ក្រុម​ជម្រើសជាតិ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា SeeYouSoon ដែល​ត្រូវ​​​ប្រកួត​កីឡា​អេឡិចត្រូនិក​​ជើងឯក​ពិភព​លោក M3 World Championship ឆ្នាំ​២០២១​ លើ​​វិញ្ញាសា ​Mobile Legends: Bang Bang នៅ​ថ្ងៃ​ចន្ទ​នេះ។

សម្រាប់​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​​ជើងឯក​ពិភព​លោក M3 World Championship ឆ្នាំ​២០២១​ ដែលធ្វើ​នៅ​ប្រទេស​សិង្ហបុរី​នេះ ​​មាន​ក្រុម​ខ្លាំង​ៗ​​មក​ពី​​ទូ​ទាំង​ពិភព​លោក​ ចំនួន​១៦ ដែល​ត្រូវ​ប្រជែង​គ្នា ​ប្រជែង​យក​តំណែង​ជើង​ឯក អម​ដោយ​​ប្រាក់​រង្វាន់​សរុប​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​រហូត​ដល់ ​​៨ ​ម៉ឺន​ដុល្លារ​អាមេរិក។

ក្រុម​ទាំង​១៦ ដែល​ត្រូវ​​ប្រកួត​ប្រជែង​គ្នា​​នេះ រួម​មាន​ក្រុម BEDEL (តួកគី) ក្រុម​BLACKLIST INTERNATIONAL (ហ្វីលីពីន) ក្រុម​BTK (អាមេរិក​ខាង​ជើង) ក្រុម​EVOS SG (សិង្ហបុរី) ក្រុម GX SQUAD (តំណាង​មជ្ឈិមបូព៌ា) ក្រុម KEYD STARS (ប្រេស៊ីល)ក្រុម ​MALVINAS GAMING (អាមេរិក​ឡាទីន) ក្រុម NATUS VINCIRE (ក្រុម​តំណាង​មក​តំបន់​CIS) ក្រុម ONIC ESPORT (ឥណ្ឌូណេស៊ី) ក្រុម ONIC PH (ហ្វីលីពីន)​ ក្រុម​ RED CANIDS (ប្រេស៊ីល) ក្រុម RRQ HOSHI (ឥណ្ឌូណេស៊ី) ក្រុម RSG SG (សិង្ហបុរី) ក្រុម​See You Soon (កម្ពុជា) ក្រុម TEAM MSG (ម៉ាឡេស៊ី) និង​ TODAK (ម៉ាឡេស៊ី)។

ក្រុម​ខ្លាំង​ទាំង​១៦នេះ ត្រូវ​បាន​បែង​ចែក​ការ​​ប្រកួត​​ជា​៤​ពូល​ ដែល​ក្នុង​មួយ​​ពូលៗ​​ មាន ​៤​ ក្រុម ​សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ ​ដើម្បី​ស្វែង​រក​ក្រុម​ឡើង​ឡើង​ទៅ​វគ្គ​បន្ត ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​ សម្រាប់​ក្រុម​តំណាង​ឱ្យ​កម្ពុជា ​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ គឺ​ពួក​គេ ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ​ពី​​បុគ្គល​ល្បី​ៗ ​នៅ​ប្រទេស​កម្ពុជា​ រួម​ទាំង​ក្រុម​តារា​សិល្បៈ​ និង​​កីឡាករ​បាល់ទាត់ ក៏​ដូច​ជា​អ្នក​ដែល​ល្បី​ល្បាញ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម។

ជាក់​ស្តែង​តារា​បាល់ទាត់ ​ដែល​ជា​អាយដល ​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា ចាន់ វឌ្ឍនាកា ក៏​ចាប់​អារម្មណ៍ និង​លើក​ទឹក​ចិត្ត​ចំពោះ​ព្រឹត្តិការណ៍ ក៏​ដូច​ជា​ក្រុមអេឡិចត្រូនិក​​ជម្រើស​ជាតិ​កម្ពុជា​See You Soon ផង​ដែរ។

ខ្សែ​ប្រយុទ្ធ​មាន​រហស្សនាម «CV11» ចាន់ វឌ្ឍនាកា បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន នៅ​​លើ​បណ្តាញ​សង្គម​ថា ៖ «កុំ​ភ្លេច​ថា សំណាង មិន​​អាច​​យក​ឈ្នះ​ការ​ខំ​ប្រឹង​ប្រែង​បាន​ទេ។ សង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព ​ដើម្បី​យក​ជ័យជម្នះ​ឱ្យ​​កម្ពុជា»។

ជា​មួយ​គ្នា​នេះ​ ខ្សែ​ការពារ​កូន​កាត់​ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ​របស់​ក្លិបវ​វិសាខា ក៏​បាន​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កម្ពុជា​ ផង​ដែរ ដោយ​បាន​និយាយ​ថា ៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ដែល​បាន​​ឃើញ​ក្រុម​កម្ពុជា​ មាន​ឱកាស​ចូលរួម​ប្រកួត​លំដាប់​ថ្នាក់​ពិភព​លោក។ ខ្ញុំ​សូម​ជូន​ពរ​កីឡាករ Mobile Legends ឱ្យ​​ពួក​គាត់​ធ្វើ​បាន​ល្អ និង​យក​ជ័យជម្នះ ​សម្រាប់​កម្ពុជា»។

ចំណែក​នារី​រូប​ស្រស់​ និង​ជា​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ពេជ្រ ចរណៃ បាន​ចែក​រំលែក​គំនិត​​ថា ៖ «មិន​ថា ​បរាជ័យ​ប៉ុន្មាន​​ដង​ទេ​ ឱ្យ​​​តែ​នៅ​មាន​ជីវិត ​យើង​នៅ​តែអាច​ចាប់​ផ្ដើម​ម្ដងទៀត​បាន។ នាង​ខ្ញុំ​សូម​ជូន​ពរ និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​​អ្នក​ទាំង​អស់​គ្នា ​ដើម្បី​យក​ពាន ​ក្នុង​ការ​ប្រកួត M3។ ស៊ូៗ ស៊ូ»។

រឹត​តែ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​អស្ចារ្យ និង​ផ្តល់​ឱ្យ​​អ្នក​គាំទ្រ​ទូទាំង​ប្រទេស រំភើប​សប្បាយ​បំផុត ​នៅ​​​វត្តមាន​ម្ចាស់​ឧបត្ថម្ភ និង​​ដៃគូ​សហការ​ ​មាន​ដូច​ជាក្រុម​ហ៊ុន​ទូរសព្ទ Smart, ភេសជ្ជៈ​ Sting, ធនាគារ​ស្ថាបនា, ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ Foodpandaនិងរថយន្ត LMCar ហើយ​បន្ថែម​លើ​នេះ​ទៀត តារា​ចម្រៀង​ល្បី​ៗ​ដូច​ជា ចិត្ត​ កញ្ចនា 4T5 ជី ដេវីត និង​​តារា​ចម្រៀង​ផ្សេង​ៗ​ទៀត នៅ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត ​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ដោយ​​បាន​និពន្ធ​បទ​ចម្រៀង​ចំណង​ជើងថា «អាណា​ចក្រ​អ្នក​ចម្បាំង Kingdom of Warriors» ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា។

គួរ​​បញ្ជាក់​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា See You Soon ជាម្ចាស់​​ជើង​ឯក​ពី​ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់​ជាតិ MPL KH Champion ឆ្នាំ​២០២១​ ដែល​បាន​តំណាង​ឱ្យ​​កម្ពុជា​ចូល​រួម​ប្រកួត​​ជា​លើក​ដំបូង ក្នុង​​​ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម​នេះ ដែល​មាន​​ការ​ផ្សាយ​ផ្ទាល់ ​តាម​អនឡាញ​មគឺ​​លើ​ផេក​ផ្លូវ​ការ MLBB  និង​ Smart ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១​៕