ក្រុម​សាលា​កីឡាបាល់​ទាត់ជាតិ ​បាន​​​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​វិជ្ជមាន ក្នុងការអាច​វិល​ត្រឡប់​​មក​លេង​ នៅលីគកំពូល​កម្ពុជា ឆ្នាំ​២០២២​វិញ បន្ទាប់ពី​ពួកគេ ធ្វើបាន​យ៉ាង​ល្អ ដើម្បី​​គ្រប់​​គ្រង​ចំណាត់​ថ្នាក់​លេខ​១ជា​បណ្តោះ​អាសន្ន នៅ​ក្នុង​ការ​ប្រកួត​ជម្រើស​ជើង​ឯក​កម្ពុជា លីគ​២ ឆ្នាំ​២០២១ ​នោះ។

បើ​ទោះបីជា​ក្រុមសាលា​កីឡាបាល់​ទាត់ជាតិ បាន​ធ្លាក់​ចេញពី​ការ​ប្រកួតលីគកំពូល​កម្ពុជា នៅ​ចុងរដូវ​កាល ​ឆ្នាំ​២០២០ ប៉ុន្តែ​សម្រាប់ការ​ប្រកួត​លីគ​២ ដើម្បី​យក​ក្រុមជើង​ឯក ឡើង​ទៅ​លេង នៅ​លីគកំពូល ឆ្នាំ​២០២២នេះ ក្រុម​ថ្នាល​របស់សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា មួយ​នេះ បានឈ្នះទាំង​៣​ប្រកួតជាប់ៗ​គ្នា បន្ទាប់ពី​ពួកគេ បាន​បន្ត​យក​ឈ្នះក្រុម​U21កង​យោធពល​ខេមរភូមិន្ទ ៣-០ កាលពី​ថ្ងៃ​អង្គារ។

ការ​រកបាន​៣ពិន្ទុនេះ បាន​ជួយ​ឱ្យ​ក្រុមសាលា​កីឡាបាល់​ទាត់ជាតិ ឈរ​នៅ​លេខ​១ ជាបណ្តោះអាសន្ន ដោយ​មាន​ ៩ពិន្ទុ ច្រើនជាង​ក្រុមជា​គូ​ប្រជែង អាយអេសអាយដង្កោសែន​ជ័យ និង​ក្រុម​មន្ទីរអយក​ខេត្តត្បូងឃ្មុំ ចំនួន​២​ពិន្ទុ ​ព្រោះ​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​នោះ ខេត្ត​ត្បូងឃ្មុំ បានស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ខេត្តត្បូងឃ្មុំ ហើយ​អាយអេសអាយ ក៏​បាន​ទៅស្មើ​ជាមួយ ក្រុម​ឬទ្ធីសែន ២-២ ផងដែរ។

ចំណែក​ក្រុមខេត្ត​បន្ទាយ​មានជ័យ បាន​ជួបការបរាជ័យ ជា​លើក​ទី​៣ បន្ទាប់ពី​ពួកគេ បាន​បន្ត​ចាញ់​​ម្ចាស់​ផ្ទះ សៀមរាប​អេហ្វស៊ី ២-១ កាលពី​ថ្ងៃអង្គារ​នោះ​ដែរ ហើយ​តាម​លទ្ធផល​នេះ វាស្ទើរ​តែ​បាន​បង្ហាញ​រួច​ទៅហើយ​ថា ខេត្តបន្ទាយមានជ័យ នឹងអាច​ធ្លាក់ចេញ​ពីការ​ប្រកួតនេះ ព្រោះ​ការ​ប្រកួត​លីគ​២​នេះ លេង​តែ​១ជើង​ទេ ហើយ​កំណត់យក​តែ​ក្រុម​ជើងឯក​មួយប៉ុណ្ណោះ សម្រាប់​ឡើង​ទៅ​លេង នៅលីគ​កំពូល​កម្ពុជា ឆ្នាំ​២០២២៕​