ផ្លូវរត់អត្តពលកម្ម ៨ខ្សែបន្ទាត់ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណ ដោយ​មាន​បំពាក់​សម្ភារ​បរិក្ខារពីរដ្ឋាភិបាល និង​ប្រជាជនជប៉ុន ដែល​បានចំណាយ​ការ​សាង​សង់​នៅ​ទឹក​ប្រាក់​​សរុប​ជាង​៨១ម៉ឺន​ដុល្លារ​នោះ ត្រូវ​បាន​ភាគី​ជប៉ុន​ប្រគល់ជូន​ ដល់វិទ្យាស្ថានជាតិអប់រំកាយ និង​​កីឡា ដើម្បី​យក​មក​គ្រប់​គ្រង់ និង​ប្រើប្រាស់ជា​ផ្លូវការហើយ។

ពិធី​ប្រគល់-ទទួល នូវ​ផ្លូវរត់អត្តពលកម្ម ៨​ខ្សែបន្ទាត់ អាងហែលទឹក និង​អគារ​ធ្វើ​លំហាត់​ប្រាណ​នេះ ត្រូវបាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្រោម​អធិបតី​ភាព​ប្រគល់ និង​ទទួល ពី​សំណាក់​លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាង​ឱ្យ​កម្ពុជា និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាង​ឱ្យ​ភាគីជប៉ុន។

តាម​របាយការណ៍​លោកស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និង​កីឡា បាន​ឱ្យ​ដឹង​ថា គម្រោង «អភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជា​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា» នេះ ត្រូវបានអនុវត្ត ក្រោមកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និង​អង្គការក្រៅ​រដ្ឋាភិបាល បេះដូងមាស ក្រោមជំនួយឥតសំណង នៃរាជរដ្ឋាភិបាលជប៉ុន ហើយ​គម្រោងនេះ បាន​ចាប់​ផ្តើម​ដំណើរ​ការ ​ចាប់​តាំងពីខែមករា ឆ្នាំ២០១៩ ដែល​មាន​រយៈ​ពេល​៣​ឆ្នាំ។

តាម​របាយការណ៍​ដដែលនេះ បាន​បញ្ជាក់​ថា ផ្លូវរត់អត្តពលកម្ម តាម​រយៈ​ជំនួយ​ឥត​សំណង គូសាណូណិ មាន​តម្លៃសរុបចំនួន ៩០,៦៤០ ដុល្លាអាមេរិក ចំណែក​អាងហែលទឹក និង​អាគារធ្វើលំហាត់ប្រាណ ដោយបំពាក់សម្ភារបរិក្ខារ ជាមួយនិងសម្ភារកីឡាមួយចំនួនដូចជា ក្តារ​ស្នោហែលទឹក កម្រាលយ៉ូ​ហ្គា balance ball បាល់ទាត់ បាល់ទះ បាល់បោះ គ្រាប់ប៊ូល តុវាយ​កូន​ឃ្លីលើតុ និងថវិកា សម្រាប់ធ្វើឧបករណ៍រក្សាទុកខ្សែបន្ទាត់អាងហែលទឹក ដែល​ជា​ជំនួយ​ឥត​សំណង សម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ចាប់តាំង​ពីឆ្នាំ​២០១៩ និងឆ្នាំ២០២១ នោះ គឺ​មានតម្លៃសរុបចំនួន ៧២១,៥០៥.៨៦ ដុល្លាអាមេរិក។

ជាមួយ​គ្នា​នេះ ក្រោម​ការ​សម្រប​សម្រួល​ដោយ​អង្គការ​ក្រៅរដ្ឋាភិបាលបេះដូងមាស វិទ្យា​ស្ថាន​ជាតិ​អប់រំកាយ និង​កីឡា ក៏ទទួលបាន​ស្បែក​ជើង​កីឡា សម្រាប់​គរុនិស្សិត​ថ្នាក់​បរិញ្ញា​បត្រ​ចំនួន ៧០គូ ជាអំណោយរបស់ Fujisawa Minami Rotary Club ផង​ដែរ។

នៅក្នុង​ពិធី​នោះ លោក MIKAMI Masahiro បានលើកឡើងថា សមិទ្ធផល​ហេដ្ឋារចនា​សម័ន្ធ​កីឡា​ទាំង​អស់​នេះ វានឹងជួយ:ឱ្យ​វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានគុណភាពខ្ពស់ ក្នុង​បរិយាកាស​សមស្រប ដើម្បី​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ផ្តល់ឱ្យ​និស្សិត​កម្រិត​ថ្នាក់​អប់រំកាយ និង​កីឡា ប្រកប​ដោយ​គុណភាព ទៅចែករំលែក នៅ​តាម​បណ្តាសាលា​រៀន​នានា នៅ​ក្នុង​ប្រទេស នៅ​ពេល​ពួកគេ បាន​បញ្ចប់​ការ​សិក្សា ព្រោះថ្នាក់​អប់រំកាយ មិនត្រឹម​តែ​ផ្តល់​ឱ្យ​សិស្ស នូវ​ភាព​សកម្ម​ផ្នែក​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​បង្រៀន​ពី​សារសំខាន់ នៃ​ការងារ​ជា​ក្រុម ការ​អនុវត្ត​តាម​បទ​បញ្ញត្តិ និង​ស្មារតី នៃ​ការ​លេង​ដោយ​យុត្តិធម៌ តាមរយៈសកម្មភាពលេង​កីឡា​ជាក្រុម ផងដែរ។

ចំណែកលោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន​ថ្លែង​ថា តាម​រយៈ​គម្រោង​គូសាណូណិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បេះដូង​មាស ដែល​បាន​ជួយ​ឧបត្ថម្ភ​ជា​ផ្លូវ​រត់​អត្តពលកម្ម ៨​ខ្សែ​បន្ទាត់ ព្រម​ទាំង​អាង​ហែល​ទឹក និង​អគារ​ធ្វើ​លំហាត់​ប្រាណ ដោយ​មាន​បំពាក់​សម្ភារ​បរិក្ខា សម្ភារ​កីឡា និង​ការរៀបចំកម្មវិធីសិក្សា​បរិញ្ញាបត្រ សិល្បៈ​មនុស្ស​សាស្រ្ត ឯកទេស អប់រំកាយ ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំកាយ និង​កីឡា​នេះ ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​​ហេដ្ឋា​​រចនា​សម្ព័ន្ធ ដើម្បី​អភិវឌ្ឍ​ឱ្យ​វិទ្យា​ស្ថាន​មួយ​នេះ ​ក្លាយ​ជា​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា នា​ពេល​ខាង​មុខ៕