លោក មីកាមិ ម៉ាសាហ៊ីរ៉ុ (MIKAMI MASAHIRO) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា គន្លឹះនៃភាពជោគជ័យ ចំពោះការ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម លើកទី៣២ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣ គឺ​ស្ថិត​នៅ​លើ​វិស័យ​សារព័ត៌​មាន ហើយ​ជាមួយ​គ្នា​នេះ អនុ​ប្រធាន​អចិន្ត្រៃយ៍ CAMSOC លោកបណ្ឌិត ថោង ខុន បាន​ចាត់ទុក សារព័ត៌​មាន ជា​ដៃគូជួយ​អភិវឌ្ឍវិស័យ​កីឡា មិនអាច​ខ្វះ​បាន។

ការ​លើក​ឡើងបែបនេះ​របស់​លោក​បណ្ឌិត ថោន ខុន និង​លោក មីកាមិ ម៉ាសាហ៊ីរ៉ុ ត្រូវ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិល​មិញ នៅពេល​អ្នក​ទាំង​២ បាន​ចូល​រួមជាអធិបតី​ភាព ​នៅ​ក្នុង​ពិធីបិទវគ្គសិក្សា ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ស្តីពី «តួនាទីអ្នកសារព័ត៌មានកីឡា តាមរយៈបទពិសោធន៍ជនជាតិជប៉ុន» ដោយ​វគ្គនេះ មាន​សិក្ខាកាម​ចូលរួមជិត ១០០នាក់ ហើយ​បាន​បែងចែកជា​២វគ្គ ដោយវគ្គទី១ សិក្សារយៈពេល ៤​ថ្ងៃ គឺ​ពីថ្ងៃទី១ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា និងវគ្គទី២ សិក្សាពីថ្ងៃទី៦ ដល់​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ នៅ​ទីស្នាក់ការ NOCC។

លោក មីកាមិ ម៉ាសាហ៊ីរ៉ុ បានថ្លែងកោតសរសើរ ចំពោះមជ្ឈមណ្ឌលអាស៊ីមូលនិធិជប៉ុន ដែល​បាន​សហការជាមួយក្លិបអ្នកកាសែតកម្ពុជា ពិសេស​គណៈកម្មាធិការជាតិ CAMSOC ដែលរៀបចំ​វគ្គនេះ​ឡើង តាម​រយៈ​ការ​ចែក​រំលែក​ចំណេះ​ដឹង និងបទពិសោធ ពី​អ្នក​ជំនាញ​សារព័ត៌មាន និង​ជំនាញ​កីឡា​ជប៉ុន អំពី​ទស្សនៈ​នៃ​អត្ថបទ រូបថត ការ​អត្ថាធិប្បាយ​ជាដើម ដែល​ទាក់​​ទង​​នឹង​សារព័ត៌មាន​កីឡា រួម​ទាំង​បទពិសោធន៍ នៃការធ្វើម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​អូឡាំពិក និង​​ប៉ារ៉ា​​ឡាំពិក នាទី​ក្រុង​តូក្យូ កាល​ពី​ថ្មីៗនេះ។

បន្ថែម​លើ​នេះ ឯកអគ្គរាជទូតជប៉ុន​រូបនេះ បាន​បញ្ជាក់​ថា៖​«គន្លឹះ​នៃ​ភាព​ជោគជ័យ​នៃ​ស៊ីហ្គេម លើកទី​៣២ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣ គឺ​ស្ថិត​នៅ​លើ​វិស័យ​សារព័ត៌​មាន ដែល​វា​មិន​មែន​ជាការ​និយាយ​បំផ្លើសទេ ហេតុ​នេះ ខ្ញុំសង្ឃឹមថា អ្នកសារព័ត៌​មាន នឹង​ប្រើ​ប្រាស់​ជំនាញ​ ដែល​មាន​រៀងៗខ្លួន រីកចម្រើនរួមគ្នា ជាមួយ​នឹង​កីឡាករ ដើម្បី​គោល​ដៅ​ឆ្នាំ​២០២៣ ហើយ​​ជួយ​ផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវភាពក្លៀវ​ក្លា​របស់​កីឡាករ​កម្ពុជា ក៏​ដូច​ជា​អាស៊ី​អាគ្នេយ៍»។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រាប់អ្នកសារព័ត៌មានទាំងអស់ថា៖​«សូម​អ្នកសារព័ត៌ មាន​ត្រៀម​​ចូល​រួម​ធ្វើជា​ម្ចាស់​ផ្ទះ រៀបចំ​​​កា​រ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយ​យក​​ស្មារតី​វិជ្ជាជីវៈ​សារព័ត៌មាន​​កីឡា មក​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជា​លក្ខណៈ​វិជ្ជមាន ដើម្បី​លើក​កម្ពស់ គុណ​តម្លៃ​​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិ​សាស្ត្រនេះ»។

លោក​បាន​បញ្ជាក់បន្ថែម​ថា៖​«ក្នុងសម័យកាលកីឡាទំនើប និង​ចលនាអូឡាំពិក​ទំនើប យើង​​ចាត់​ទុកសារព័ត៌មាន​កីឡា គឺ​ជាដៃ​គូ​ជំរុញ​ការ​អភិវឌ្ឍចលនា​អូឡាំពិក និង​ចលនា​កីឡា​ជាតិ ដែល​​មិន​​អាច​ខ្វះ​បាន។ ពិសេស​សម័យ​កាល Digital និង Social Media បាន​គ្រប​ដណ្ដប់​រាល់​សកម្មភាព​កីឡា និង​ព្រឹត្តិការណ៍​ប្រកួត​កីឡា ទាំង​កម្រិត​ជាតិ និង​អន្តរ​ជាតិ ដោយ​លើក​កម្ពស់​គុណ​​តម្លៃ​​កីឡា កាន់​តែ​​ខ្ពស់ និង​​ផ្តល់​​គុណភាព​​ផ្សព្វ​ផ្សាយ កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ទាក់​ទាញ​អ្នក​ទស្សនា​បាន​យ៉ាង​ច្រើន​កុះករ»៕