កីឡាករ​ជើង​ខ្លាំងលំដាប់ប្រទេស ក្នុង​ប្រភេទទម្ងន់៥៤​គីឡូក្រាម ខាំ ខ្លានាង បាន​អះអាង ដោយ​ភាព​ជឿជាក់ថា រូបគេ មិនអាច​ចាញ់​អ្នក​ប្រដាល់​ជើង​ថ្មី កំពុង​ល្បី​ឈ្មោះ ពេជ្រ ប៊ុនសិដ្ឋ​បាន​នោះទេ ​សម្រាប់ការ​ប្រកួតគ្នា ​កម្មវិធី ONESTRIKE ចំនួន​ ២ ​ទឹក (១ ​ទឹក​មាន​ ៧ ​នាទី​) នៅ​លើ​សង្វៀន PNN នា​ថ្ងៃអាទិត្យនេះ។

ការ​ផ្គូផ្គង​ដាក់​ឱ្យ​ជើង​ខ្លាំង​វ័យ​ក្មេង​ទាំង​២​នេះ ជួបគ្នា ក្នុង​​កម្មវិធី ONESTRIKE នេះ បាន​នឹង​កំពុង​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ប្រដាល់​គុនខ្មែរ មានការ​ចាប់អារម្មណ៍​ខ្លាំង ទាំង ខាំ ខ្លានាង និង ពេជ្រ ប៊ុនសិដ្ឋ សុទ្ធតែ​អ្នកប្រដាល់​ចិត្ត​សឿង វាយ​មក​ដក​ថយ​ដូចគ្នា ហើយ​អ្វី​កាន់​តែ​ពិសេស​ទៀត​នោះ

គឺ​កម្ម​វិធី អ្នក​ដែលអាចឈ្នះ​បាន លុះត្រា​តែ​វាយ​គូ​ប្រកួត​ឱ្យ​សន្លប់ ឬ​បោះបង់​ចោល​ការ​ប្រកួត​។

សម្រាប់ការ​ជួបគ្នា​លើក​នេះ ទាំង ខាំ ខ្លានាង និង ពេជ្រ ប៊ុនសិដ្ឋ សុទ្ធតែ​កំពុង​ផ្តោត​លើ​ការ​ប្រកួត​នេះ​ខ្លាំង​ដូច​គ្នា ដោយ​ក្នុង​នោះ ខ្លានាង បាន​អះអាង​ថា ត្រូវ​តែ​យក​ឈ្នះ​ឱ្យ​បាន ដើម្បីបន្ត​​ក្លាយ​ជា​ជើង​ខ្លាំង​គ្មាន​គូ​ប្រៀប ក្នុង​ប្រភេទ​ទម្ងន់ ៥៤គីឡូក្រាម​នេះ ចំណែក ពេជ្រ ប៊ុនសិដ្ឋ កំពុង​អន្ទះសា​ខ្លាំង ក្នុងការ​ជួប ខាំ ខ្លានាង ដោយ​រូបគេ​បញ្ជាក់​ថា ក្នុងប្រភេទ​ទម្ងន់នេះ គេ​ធ្លាប់ជួប​អស់ហើយ នៅ​ឡើយ​តែ ខ្លានាង នេះ​ម្នាក់​ទេ។​

ខាំ ខ្លានាង បាន​និយាយថា​៖ «​សម្រាប់​ជំនួប​នេះ ខ្ញុំ​ធានា​ឈ្នះ​បាន ព្រោះ​ខ្ញុំ​គិតថា ក្បាច់​របស់ ប៊ុនសិដ្ឋ មិនជា​បញ្ហាលំបាក​ទប់ទល់​ទេ​។ យើង​ក៏​មិន​ងាយ​ នឹង​យកឈ្នះ​បាន​ស្រួលៗ​នោះដែរ គឺ​ត្រូវ​​ការពារ​ឱ្យបាន​ច្រើន ព្រោះ​កណ្តាប់ដៃ​របស់គេ​ធ្ងន់​ដែរ​ ប៉ុន្តែ​​ខ្ញុំ​មាន​ទំនុកចិត្ត​ឈ្នះ​ ១០០ ​ភាគ​រយ​​តែម្តង គឺ​មិនអាច​ចាញ់​បានទេ ​លើកលែងតែ​ករណី​ភ្លាត់ស្នៀត​ណាមួយ ដោយ​ចៃដន្យ​ប៉ុណ្ណោះ​»​។

ចំណែកអ្នក​លេង​កណ្តាប់ដៃ ពេជ្រ ប៊ុនសិដ្ឋ បាន​និយាយថា​៖ «​ខ្ញុំ​ចង់​ប្រកួត​ជាមួយ​គាត់ យូរ​ហើយ ហើយ​ពេលនេះ​បានសម្រេច​ហើយ ព្រោះ​នៅក្នុង​ទម្ងន់​ ៥៤ ​គីឡូ​ក្រុម​នេះ ខ្ញុំ​ធ្លាប់​ជួប​អស់ហើយ គឺ​នៅតែ ខាំ ខ្លានាង នេះ​ម្នាក់​ទេ។ គាត់​ជា​កីឡាករ​ខ្លាំង ហើយ​ខ្ញុំ​ធ្លាប់បាន​ឃើញការ​ប្រកួត​របស់គាត់ច្រើន​ដង​ហើយ ប៉ុន្តែ​ខ្ញុំ​អត់​ខ្លាច​គាត់ នោះ​ទេ»

កូនសិស្ស​របស់​លោក ពេជ្រ សុផាន់ រូបនេះ បាន​ប្រាប់បន្ថែម​ថា៖ ​«ខ្ញុំ​ចង់​ប្រកួត​ជាមួយ​គាត់​​ណាស់ ហើយដោយ​សារ កម្មវិធី​គូឯក ONESTRIKE នេះ​មាន​ ២ ​ទឹក ស្មើនឹង​ ១៤ ​នាទី គឺ​ខុស​ពី​​គុនខ្មែរ អ៊ីចឹង​បើ​ខ្ញុំ​រក្សា​កម្លាំង​បាន គឺអាច​ស៊ី​នៅ​ចុង​ទឹកបាន​»​។ ចំណែក​លោក ពេជ្រ សុផាន់ ជា​គ្រូបង្វឹក បាន​និយាយថា​៖ «​ខ្ញុំ​មានជំនឿថា ពេជ្រ ប៊ុនសិដ្ឋ នឹង​ឈ្នះ ព្រោះ​បើ​វា​មិនល្អ ខ្ញុំ​​មិន​​ដាក់​ចូល​​ឱ្យ​​ប្រកួត​​នោះទេ»​៕