ព្រឹត្តិការណ៍​កីឡាទូកក្តោង​ជ្រើសរើស​ជើង​ឯក​​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ បាន​បើក​ការ​ប្រកួត​ជា​​ជា​ផ្លូវ​ការ នៅ​លើទឹក​ទី​ខេត្ត​ព្រះសីហនុ នា​​ថ្ងៃ​ចន្ទនេះ និង​​គ្រោង​បញ្ចប់ នៅ​ថ្ងៃទី​១៧ ខែធ្នូ បន្ទាប់ពី​​បានរៀបចំ​ពិធី​បើក ព្រម​ទាំង​ប្រកួត​សមល្បង​​គ្នា​រួច​រាល់ កាល​ពី​ថ្ងៃអាទិត្យ ម្សិល​មិញ។

សម្រាប់ការ​ប្រកួត​កីឡាទូកក្តោង​​ជើង​ឯក​​អាស៊ីអាគ្នេយ៍​នេះ ត្រូវបាន​ថ្នាក់​ដឹកនាំ​​ជា​ភាគី​តំណា​ង​ឱ្យកម្ពុជា ចាត់ទុក​ថា ​ជាព្រឹត្តិការណ៍​​ប្រវត្តិសាស្រ្ត លើក​ដំបូង នៅ​កម្ពុជា ដែល​នឹង​​ជួយ​ជំរុញ​​លើក​កម្ពស់​ឧត្តមភាព និងកិត្យានុភាព​ជាតិ របស់ប្រទេស​កម្ពុជា ទៅលើ​ឆាក​អន្តរជាតិ។

អភិបាលខេត្ត​ព្រះ​សីហនុ លោក គួច ចំរើន បាន​ថ្លែង នៅ​ក្នុង​ពិធីបើក​ការ​ប្រកួត កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិលមិញ​ថា៖ ​«ជំនួស​មុខ​ឱ្យ រដ្ឋបាល​ខេត្តព្រះ​សីហនុ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​​យ៉ាង​​ជ្រាល​ជ្រៅ​បំផុត ចំពោះ​​រាជរដ្ឋា​ភិបាល​កម្ពុជា និងក្រសួងទេសចរណ៍ ដែល​បាន​សម្រេច​​ជ្រើស​រើស​យក​ខេត្ត​ព្រះសីហនុ ធ្វើជា​ទីតាំង​ម្ចាស់​ផ្ទះ ក្នុង​ការ​ប្រកួត​​កីឡាទូកក្តោង​ជ្រើសរើស​ជើង​ឯក​​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២១ ដែល​ជា​ព្រឹត្តិការណ៍​​ប្រវត្តិសាស្រ្ត មិន​ធ្លាប់​មាន​នៅ​​ក្នុង​​ប្រទេស​កម្ពុជា និង​ក៏ជា​ការ​បើក​ទំព័រ​សករាជថ្មី​មួយ សម្រាប់​ខេត្ត​ព្រះសីហនុ ក្នុងការ​សហការ​រៀបចំ​ការ​ប្រកួតនេះ ផងដែរ»។

លោក គួច ចំរើន បាន​បញ្ជាក់​ថា៖ ​«​ខ្ញុំ​មាន​សង្ឃឹម​ជឿជាក់យ៉ាង​មុត​មាំ​ថា ការ​រៀបចំ​ការ​​​ប្រកួត​​កីឡាទូកក្តោង​ជ្រើសរើស​ជើង​ឯក​​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ នា​ថ្ងៃ​នេះ នឹង​​ជួយ​ជំរុញ​​​លើក​កម្ពស់​ឧត្តមភាព និងកិត្យានុភាព​ជាតិ របស់ប្រទេស​កម្ពុជា ឱ្យកាន់តែ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ថែម​ទៀត នៅ​ក្នុងតំបន់ និងលើក​ឆាក​អន្តរជាតិ  ដែល​បង្ហាញ​ឱ្យ​ពិភព​លោក​ឃើញ​ថា  ប្រទេស​កម្ពុជា មាន​សមត្ថ​ភាព​គ្រប់​គ្រាន់ ក្នុងការ​ទទួល​រៀបចំ​គ្រប់ប្រភេទ​កីឡា​​កម្រិត​អន្តរជាតិ ក៏​ដូចជា​ដើម្បី​​ត្រៀម​ខ្លួន ក្នុងការ​ឈាន​ឆ្ពោះ​ទៅ​រៀបចំ​ការ​ប្រកួត​​កីឡា​ស៊ីហ្គេម លើកទី​៣២ នៅ​ឆ្នាំ​២០២៣»។

យ៉ាង​ណា​ក៏​ដោយ ការ​ប្រកួត​​កីឡាទូកក្តោង​ជ្រើសរើស​ជើង​ឯក​​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ នេះ​មាន​ប្រទេស​ត្រឹម​៣​ប៉ុណ្ណោះ បាន​ចូល​រួម ក្នុង​នោះ​មាន​ម្ចាស់​ផ្ទះ​កម្ពុជា សិង្ហបុរី និង​ម៉ាឡេស៊ី ដោយមាន​​ប្រតិភូ​សរុប​ចំនួន​២៩នាក់។

​ជាមួយ​នឹង​បញ្ហា​នេះ លោក Chan Khun Sing Joseph អ្នកគ្រប់គ្រង​គណៈ​​កម្ម​ការ​​ប្រ​កួត និង​ជា​តំណាង​ប្រទេសសហម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍​នេះ បាន​អះអាង​ថា ដំបូង​ឡើយ​មាន​អត្តពលិក​ជាង ១០ប្រទេស ត្រៀមចូលរួម តែ​ដោយ​សារ​បញ្ហា​ឥត​ព្រៀង​​ទុក នៃ​ជំងឺ​រាត​ត្បាត​ជា​សកលកូវីដ១៩ នៅនាទីចុងក្រោយ បាន​ធ្វើឱ្យ​ពួកគេខកខាន​ទៅ​វិញ បន្ទាប់​ពី​ការ​លុប​ចោល​ជើង​ហោះ​ហើរ​មក​កម្ពុជា។

ជាមួយ​គ្នា​នេះ លោក Chan Khun Sing Joseph មាន​សង្ឃឹមយ៉ាងមុតមាំថា ការ​ប្រកួត​លើក​ក្រោយ ប្រទេសទាំងអស់ នឹង​​បាន​ចូល​រួមការប្រកួតនៅ​កម្ពុជា​ទាំង​អស់​គ្នា ហើយ​ចំពោះ​ការ​រៀបចំ​ការ​ប្រកួតនេះ ជា​លើក​ដំបូង នៅ​កម្ពុជា​នេះ ​លោក​ចាត់​ទុកថា ជាសញ្ញាដ៏ល្អ សម្រាប់​​ការអភិវឌ្ឍ​វិស័យ​កីឡា​​ទូក​​ក្ដោង​​កម្ពុជា ឈានឆ្ពោះ​ទៅធ្វើម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាអូឡាំពិក យុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។

«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតទូក​ក្ដោង​​ជើងឯក​​អាស៊ី​អាគ្នេយ៍ ឆ្នាំ២០២១ នៅ​កម្ពុជា​​នេះ គឺ​​ជា​សញ្ញា​ដ៏​ល្អ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ទូក​ក្ដោង​កម្ពុជា ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​​ផ្ទះ​​ស៊ីហ្គេម ឆ្នាំ២០២៣ និង​​កីឡា​​អូឡាំពិក យុវជន​​អាស៊ី ឆ្នាំ​២០២៩»។ លោក Chan Khun Sing Joseph បាន​បញ្ជាក់។

បន្ថែម​លើ​​សារសំខាន់ៗ ដែលបាន​លើក​ឡើង​ខាង​លើ​នេះ លោក គួច ចំរើន មានការ​រំពឹង​​ថា តាម​រយៈការ​ប្រកួត​ទូក​ក្តោង​ជើងឯកអាស៊ាន​នេះ បណ្តាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ នឹង​​ជួយ​ធ្វើការ​ផ្សព្វ​ផ្សាយ ឱ្យ​​បាន​​ទូលំទូលាយ អំពី​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ រួម​មាន​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​បំផុត លើ​សកលលោក កោះតូច-ធំ កំពង់ផែ​អន្តរ​ជាតិ អាកាស​យានដ្ឋាន​អន្តរជាតិ រមណីដ្ឋាន​​ទេសចរណ៍ធម្មជាតិ និង​ធនធាន​ធម្មជាតិ ដ៏​សម្បូរ​បែប​​ផ្សេងៗ​ ជា​ពិសេសហេដ្ឋាន​រចនា​សម្ព័ន្ធ​ផ្លូវ​​ក្រុង​ចំនួន​៣៧​ខ្សែ ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់ បន្ទប់​ទឹក​សាធារណៈ និង​សមិទ្ធ​ផល​នានា​ជា​​ច្រើន​ទៀត ដែល​ទើប​បាន​​​សម្ភោធដាក់​ឱ្យប្រើ​ប្រាស់ ក្រោម​អធិបតី​​ភាព​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១៕