គណៈកម្មាធិការ​ប្រតិ​បត្តិ​ថ្មី អាណត្តិ​ទី​៧ ឆ្នាំ​២០២១-ឆ្នាំ​២០២៥  របស់សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ដែលទើប​បានបង្កើត​ឡើង ​ តាម​រយៈ​ការ​បោះឆ្នោត នៅ​ក្នុង​មហាសន្និបាត​បញ្ចប់​​​អាណត្តិចាស់ទី​៦​ កាលពី​ពេលថ្មីៗ​នេះ ត្រូវបាន​សមាជិក​ចាស់​វស្សា​របស់សហព័ន្ធ​មួយនេះ ទម្លាយ​ថា ​ត្រូវបាន​ធ្វើ​ឡើង ដោយ​បក្ខពួក​និយម និង​គ្មានតម្លា ស្រប់ទៅតាម​ច្បាប់​​នោះ​ទេ។

«លទ្ធផលបោះឆ្នោតជ្រើសរើស​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​សហ​ព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អាណត្តិ​ទី​៧ កាលពីថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២១ បានធ្វើឡើង ដោយការចាប់បង្ខំ និង​សម្រេច​ដោយ​ភាព​តក់​ក្រហល់។ លទ្ធផល​មិនឯកច្ឆន្ទ ដោយ​សមាជិក​មួយ​ចំនួន​មិន​លើក​ដៃ​ឯកភាព​ឡើយ ព្រោះ​នេះ​ជា​ការរៀបចំ​ទុក​ជាមុន ដោយលក្ខណៈ​បក្ស​ពួក​និយម»។

នេះជា​ការ​បង្ហោះសារស័ព្ទ​ទម្លាយ​ ជា​សាធារណៈ​​របស់​អតីត​អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុនខ្មែរ លោក ពេជ្រ សូផែន (រាជ សុផែន) ដែល​ទើប​​ត្រូវបានទម្លាក់​មក​ធ្វើ​ជា​សមា​ជិក​​ធម្ម​តា​វិញ នៅ​ក្នុងអាណត្តិថ្មីនេះ។ លោក​​បានបន្ត​ថា៖ ​«ខ្ញុំខិតខំស្ទើមួយជីវិត ដើម្បី​គុន​ខ្មែរ ប៉ុន្តែ​គ្មានន័យអ្វី ដូចបក្សពួកអែបអបឡើយ! ឱគុនខ្មែរ​អើយ តើ​ឆ្នាំ២០២៣​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ទៅ​ជាយ៉ាងណា? បើផ្ទៃក្នុងដឹកនាំសហព័ន្ធ កំពុង​តែ​រកាំរកូស​គ្នា​ចាប់​ពី​ពេល​នេះ​ទៅ​ហើយ​នោះ?»។

បន្ថែម​លើនេះ លោក រាជ សុផែន បានបញ្ជាក់យ៉ាង​លម្អិតពី​សមាសភាព​ថ្មី​ទាំង​៦នាក់ និង​អ្នក​ ដែលបាន​នាំ​អ្នកទាំង៦​នេះ មក​ដាក់​បញ្ចូល នៅ​ក្នុងអាណត្តិថ្មីនេះ ព្រម​ទាំង​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរតួនាទី​គ្នា ដ៏​សែន​ចម្លែក នៅ​ក្នុងអាណត្តិ​ថ្មី​នេះ ផងដែរ ហើយ​បញ្ហា​ទាំង​អស់នេះ ត្រូវបាន​លោក រាជ សុផែន ចាត់ទុក​ថា ជា​ករណីបក្ខពួកនិយម ដែល​បាន​រៀបចំ​ឡើង ដោយ​មេៗ នៅ​ក្នុងសហព័ន្ធនេះ។

លោក ពេជ្រ សូផែន បាន​ប្រាប់​​កាសែត​ក្នុងស្រុក​មួយ បន្ថែម​​ទៀត​​ថា៖ ​«តាម​​ច្បាប់ គឺ​មុនបោះឆ្នោត គេ​យក​សមាសភាព​ថ្មី​ហ្នឹង ទៅ​ឆ្លង​​គណៈកម្មាធិការ​​ប្រតិបត្តិ​ចាស់​សិន ដើម្បី​ពិនិត្យមើល និង​ធ្វើ​ការ​វាយ​តម្លៃ ប៉ុន្តែ​នេះ​អត់ទេ អ្នក​ធំៗ២ទៅ​៣នាក់​ហ្នឹង គេ​ស៊ុមគ្រលំ​​គ្នា រៀបចំ​មុន​​ទុកជា​ស្រេច ហើយ​នៅ​ថ្ងៃមហាសន្និបាត ទើប​បង្ហាញ​មុខ​អ្នក​ថ្មី​ទាំង​នោះ​តែ​ម្តង អ៊ីចឹង​យើងមិន​​អាច​ទៅ​កែ​ប្រែ​អ្វីបានទេ ព្រោះ​អាហ្នឹង​វាដូចជា​ការ​ចាប់បង្ខំ​យើង​ឱ្យ​បោះ​ឆ្នោត តាម​ការ​លើក​ដៃ ដើម្បី​បាន​សមាសភាព ជាបក្ខពួក​របស់គេ បាន​រៀបចំ​ហ្នឹង»។

«ចំណែក​ពួក​ខ្ញុំ បាន​តស៊ូជា​មួយគុនខ្មែរ​នេះ ១០​ទៅ​២០ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​ដល់ពេល​គេ​​ធ្វើ​បែបហ្នឹង ដូចជា​មើល​ងាយ​ពួកខ្ញុំៗ ជា​ចាស់ៗពេក ព្រោះ​អ្នក​ថ្មី​ដែល​យក​​មក​នោះ ជាបក្ខពួក​តែ​មួយ​ ព្រោះសុទ្ធតែ​ជា​បង​ប្អូនជីដូនមួយ បងធម៌ ប្អូន​ធម៌ ប្អូន​ថ្លៃ ដល់អ៊ីចឹងវា​ពិបាក​ដែរ»។ លោក រាជ សុផែន បាន​ប្រាប់បន្ថែម។

តាម​រយៈ​លទ្ធផល​នៃ​ការបោះ​ឆ្នោត កាល​ពី​ថ្ងៃសុក្រ​នោះ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​បាន​បន្ថែម​អ្នក​ថ្មី​ចំនួន​​៦នាក់​ រួម​មាន​លោក ប៉ែន ស៊ីនេត លោក ហួត សេងទ្រី លោក ទុយ ប៊ុនហឿន លោក ផេង វណ្ណៈ លោក ពៅ វណ្ណា និង​លោក អ៊ិន ខេមរិន្ទ ចូល​ទៅ​ក្នុង​គណៈកម្មាធិការ​ប្រតិបត្តិអាណត្តិ​ថ្មី​នេះ គឺ​បន្ថែម​ទៅ​លើ​បេក្ខភាព​​ជា​គណៈ​កម្មាធិការ​ប្រតិបត្តិ​ចាស់ ទាំង​១៣​នាក់ ដែល​អ្នកទាំង​នេះ សុទ្ធតែ​​បន្តមាន​ឈ្មោះ នៅ​ក្នុងអាណត្តិ​ថ្មី​នេះ ប៉ុន្តែ​មាន​ការ​​ផ្លាស់​ប្តូរ​​តួនាទីច្រើន​នាក់។

លោក រាជ សុផែន បាន​បញ្ជាក់ថា៖​«ទាក់ទង​នឹង​ប្រវត្តិ​ក្បាច់គុនប្រដាល់ខ្មែរ បទបញ្ជា​នៃ​ការ​ប្រកួត ផែនការណ៍ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ និងការងារ​ផ្សេងៗ​ទៀត គឺ​ខ្ញុំ​ និង​ព្រឹទ្ធាចារ្យ​មួយ​ចំនួន​​ទៀត ជា​អ្នកធ្វើ និងជា​អ្នក​ចង​ក្រង តែ​ទី​បំផុត គេ​អត់ឱ្យ​តម្លៃ​ទេ! អ៊ីចឹង​ខ្ញុំ​ត្រូវតែ​មាន​ប្រតិកម្មចំពោះ​អាណត្តិ​នេះ ដើម្បីឱ្យមហាជន​បានដឹង និង​​ឱ្យសហព័ន្ធ ​កែ​ទម្រង់ ដើម្បី​កុំ​ឱ្យយក​​សហព័ន្ធ​ជាតិ ទៅ​ជាន់​ឈ្លី​បែបនេះ ព្រោះ​នេះជា​ការ​ងារ​របស់​ជាតិ សម្រាប់​ឆ្ពោះ​ទៅ​ឆ្នាំ​២០២៣ តែ​បើ​យក​បក្ខនិយមមក​ធ្វើការ​បែបនេះ វា​អត់​រីក​ចម្រើន​ទេ»។​

តែ​ទោះបីជាយ៉ាង​ណា ទាក់ទងទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ លោក តែម ម៉ឺន ដែលទទួលបានការ​គាំ​ទ្រ ឱ្យ​បន្ត​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​ប្រដាល់​គុនខ្មែរ​នោះ បានស្រាយ​បំភ្លឺ តាម​រយៈកាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ចន្ទ​ថា៖​ «យើង​បាន​ជ្រើស​រើស​មនុស្ស​យក​មក​ជួយ មិន​មែន​ជា​ការ​ប្រកាន់បក្ខពួក​និយម​អ្វី​នោះ​ទេ ព្រោះ​បើ​នៅ​តែ​គណៈ​កម្មា​ធិការ​ប្រតិបតិ្ត​ចាស់ ១៣​នាក់​មុន​នោះ វា​ពិបាក នឹង​​​ធ្វើ​ការ​កែ​ទម្រង់​ណាស់ ដោយសារ​មនុស្ស​ចាស់​ក៏​​ច្រើន អ៊ីចឹង​​អ្នក​ថ្មី ដែល​យើង​យក​មក ទី​១ នៅ​ក្មេង ទី​២ ជាធនធាន និង​ទី​៣ មានចំណេះ​ដឹង ដែល​ជាបញ្ហាសំខាន់»​។

«យើង​យក​សុទ្ធតែ​ថ្នាក់ប្រធាននាយក​ដ្ឋាន អ្នកមាន​ផ្កាយ​២ អ្នក​មាន​ទ្រព្យ និង​គ្រូ​ជំនាញ​​កីឡា មកជួយ​ធ្វើការ​ងារ តើ​​មាន​រឿងអី​ទៅ​ខុស? មិនមែន​យើងមក ដើម្បី​យក​លុយ​យើងឯណា!។ បើ​​ថា​​យក​ អ្នកមិនចេះ​មក​បំផ្លាញ អាហ្នឹង​ខ្ញុំ​ឯក​ភាព​ថា បក្ខពួក ប៉ុន្តែ​នេះ​យើង​​ដាក់​អ្នក​​មាន​ភាពរហ័ស​រហួស នៅ​ក្មេង មានចំណេះ​ដឹង មក​ធ្វើការ គឺ​​យើង​យក​មនុស្ស​មកជួយ​កែ​ទម្រង់ មិនមែន​យក​មក​បង្ក​រឿង​ឱ្យសហព័ន្ធ​ កាន់តែ​លំបាក​នោះ​ទេ»។

ប្រធានសហព័ន្ធ​រូបនេះ បាន​បន្ថែម​ថា៖​«យើង​មិន​បាន​ដក​អ្នក​ចាស់ឯណា គឺ​យើង​រក្សា​អ្នក​ចាស់ បង្កើន​អ្នក​ថ្មី ដោយ​យើង​គ្រាន់តែ​ផ្លាស់ប្តូរតួនាទី​របស់ពួកគាត់ អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​ធ្វើ គឺ​ដើម្បីកែ​ទម្រង់សហព័ន្ធ ហើយ​បើនៅតែ​អ្នក​ចាស់​១៣​នាក់​មុន​នោះ ក៏​ខ្ញុំ​អត់​ធ្វើ​ជា​ប្រធាន​ទៀត​ដែរ គឺ​​ទាល់តែ​យក​អ្នក​ថ្មី ចូល​មក​ជួយយើងឱ្យបានច្រើន ដើម្បី​មករួមចំណែក​ជួយកីឡា​របស់យើង ព្រោះ​បើ​ធ្វើ​ងំៗ​តែ​១៣​នាក់​មុន​​នោះ វាពិបាក​នឹង​ឈាន​ទៅ​មុខ​បាន​លឿន​ណាស់ ដ្បិតអី​កម្លាំង​ចាស់ វា​មិនដូច​កម្លាំង​ក្មេងៗ ដែល​គេ​ទាំង​សមត្ថ​ភាព និងចំណេះ​ដឹង​នោះទេ»៕