មន្រ្តីជំនាញ​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណយ ផាណា បាន​ធ្វើការ​វាយ​តម្លៃ​ជារួម​ថា ការ​ប្រកួត​​កីឡា​​កាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និង​ពាន​រង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន លើកទី៥ ឆ្នាំ ២០២១ ដែល​ធ្វើ​នៅ​សាលា​បឋម​សិក្សា​សាលា​លេខ ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​បញ្ចប់​ដោយ​ជោគ​ជ័យ កាលពីល្ងាចថ្ងៃចន្ទ។

ជាមួយ​គ្នា​នេះ ក្រុម​ក្រសួងមហាផ្ទៃ ដែល​មាន​បេក្ខភាព​ជម្រើសជាតិ លេង​តំណាង​ឱ្យ​ភាគ​ច្រើន​នោះ បាន​ទទួល​ចំណាត់ថ្នាក់លេខ​១ ក្នុងនាមជា​ក្រុម ដែល​ឈ្នះបានមេដាយមាស​ច្រើនជាង​គេ ​ប្រចាំ​ឆ្នាំ​២០២១​នេះ ព្រោះ​មន្រ្តី​ជំនាញ បាន​ធ្វើការ​ពិនិត្យ​ឃើញ​ថា ក្រុម​ជម្រើសជាតិ មាន​ភាព​លេច​ធ្លោ​​ជាមួយ​បច្ចេក​ទេស​រីក​ចម្រើនជាង​ឆ្នាំ​មុន​ទៅ​ទៀត ដែល​​ធ្វើ​ឱ្យក្រុម​អត្តពលិក​មក​ពីតាមបណ្តា​ក្លិប មានការ​ពិបាក ក្នុងការ​ប្រកួត​ប្រជែង​ជាមួយពួកគេ។

លោក ណយ ផាណា បាន​និយាយ​ថា៖​ «ផ្នែក​ទៅលើ​លទ្ធផល ​នៃ​​​ប្រកួត​ការប្រកួត​កីឡា​កាយសម្ព័ន្ធថ្នាក់ជាតិ និង​ពាន​រង្វាន់​ឯក​ឧត្តម​​​បណ្ឌិត ថោង ខុន ឆ្នាំ២០២១នេះ គឺ​ក្រុម​ជម្រើស​ជាតិ ទទួលបាន​លទ្ធផល​ល្អ ស្ទើរ​ទាំង​អស់ ដោយសារ​ការ​ហ្វឹក​ហាត់របស់ក្លិប មិន​បាន​​គ្រប់​គ្រាន់ ព្រោះ​មានការ​បិទខ្ទប់ ក្នុង​វិបត្តិ​នៃ​​ជំងឺកូវីដ ១៩ អ៊ីចឹងពួកគាត់ ពិតជា​​មាន​ការពិបាក ក្នុងការ​​ប្រកួត​ប្រជែង​ជាមួយ​ក្រុមជម្រើសជាតិ ដ្បិតអី​ក្រុម​ជម្រើស​ជាតិ បាន​ហ្វឹក​ហាត់រហូត អត់​មាន​រំសាយ​​នោះ​ទេ»។

​        អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណយ ផាណា បាន​បន្ថែម​ថា៖ ​«ក្រុម​ជម្រើសជាតិ​ មានគោលការណ៍មួយ ដោយឯក​ឧត្តម​បណ្ឌិត ថោង ខុន បាន​អនុញ្ញាត​ឱ្យ​បិទខ្ទប់​ហ្វឹក​ហាត់ អ៊ីចឹង​​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​អនុវត្ត​បច្ចេកទេស ​បាន​អនុវត្ត​តាម​អនុសាសន៍​របស់​ឯកឧត្តម​ប្រធានសហព័ន្ធ ដើម្បី​រៀបចំហ្វឹក​ហាត់​បិទ​ខ្ទប់រហូតមក គឺ​អត់​មាន​រំសាយ​ទេ ហេតុ​នេះ​ក្រុម​ជម្រើស​ជាតិ​​របស់​​យើង នៅ​តែ​មាន​គុណផល​ល្អ គឺ​មាន​កម្រិត​​បច្ចេក​ទេស​រីក​ចម្រើន​ជាង​ឆ្នាំ​មុន​​ទៅ​​ទៀត»។

ឆ្លងកាត់ប្រកួតថ្នាក់ជាតិ យ៉ាងស្វិតស្វាញ​របស់អត្តពលិក​សរុប​ចំនួន​ ៦៤​ នាក់ តាំង​ពី​ថ្ងៃ​ទី​៨ និង​បាន​បញ្ចប់ នៅថ្ងៃទី​១៣ ខែធ្នូ ម្សិលមិញ​នេះ ក្រុម​កីឡាករ កីឡាការិនី​របស់​ក្រសួង​មហាផ្ទៃ ដណ្តើម​បានមេដាយ​ច្រើនជាង​គេ នៅ​ក្នុង​​ការ​ប្រកួត​នៅ​លើ​​ទាំង ១១ គឺ​កាយ​សម្ព័ន្ធ​អាទីស្ទីក ៦ វិញ្ញាសា និងកាយសម្ព័ន្ធអាអេរ៉ូប៊ិក ៥ វិញ្ញាសា។

​តាម​លទ្ធផល​បច្ចេកទេស​របស់​គណៈកម្មការ បាន​បង្ហាញ​ថា ក្រុម​កីឡាករ កីឡាការិនី​របស់​ក្រសួង​មហាផ្ទៃ ឈរ​នៅ​លេខ ​១ ដោយ​ដណ្តើមបាន​មេដាយ​​មាស​៤ ប្រាក់​​៣ សំរឹទ្ធ​២ តាម​ពី​ក្រោយ​ដោយ​ក្រុម​ខេត្ត​ក្រចេះ ដែល​​ឈ្នះ​បានមេដាយ​​មាស៣ ប្រាក់​៥ សំរឹទ្ធ​២ រីឯ​ក្រុម​ខេត្ត​កំពង់ឆ្នាំង ឈ្នះ​បាន​មេដាយមាស​៣ ប្រាក់​៣ សំរឹទ្ធ​៤ និង​ក្រុម​ខេត្តតាកែវ ឈ្នះ​បាន​មេដាយមាស ១ សំរឹទ្ធ ៣។

ចំពោះ​គោលបំណង​ធំ នៃ​​ការប្រកួតកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ ខុន ឆ្នាំ​នេះ លោក ណយ ផាណា បានបញ្ជាក់​ថា៖ «តាមរយៈ​ការ​ប្រកួត​នេះ យើង​មាន​គោលបំណង​សម្រួច​គុណ​ផល​កីឡាករ កីឡាការិនី​ហ្នឹង​ឯង ជាពិសេស​យើង​ពិនិត្យ​​ផ្តោត​ខ្លាំង​មែន​ទែន​ទៅ​លើ​កីឡា​កាយ​សម្ព័ន្ធអាអេរ៉ូប៊ិក​នេះ គឺ​ស្វែង​រក​ឱ្យ​មាន​​​លទ្ធផល​ល្អជាងមុនៗ សម្រាប់​ឆ្នាំ ​២០២២ ដើម្បី​វាស់​ស្ទង់​សមត្ថភាព ត្រៀម​ឆ្ពោះ​ទៅ​ស៊ីហ្គេម នៅ​វៀតណាម ឆ្នាំ​២០២២ អ៊ីចឹង​ការ​ប្រកួតនេះ ជា​ព្រឹត្តិការណ៍​​មួយ ដើម្បីសម្រួចស្វែង​រក​គុណ​ផល​ពិត​របស់​​ក្រុម​អត្តពលិក ត្រៀម​ទៅ​ហ្វឹកហាត់​នៅ​ចិនផង និង​ត្រៀម​ទៅ​ចូល​រួម​ប្រកួតស៊ីហ្គេម ដែល​​ប្រទេស​វៀតណាម ធ្វើជា​ម្ចាស់​ផ្ទះផង»៕