សហព័ន្ធ​ខ្មែរកីឡា​ទោចក្រយាន ​បាន​​ប្រកាស​ពី​ការ​ពន្យារពេល​ការ​ប្រកួត​កីឡា​​ទោចក្រ​យាន​​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ​ប្រចាំ​ឆ្នាំ​២០២១ ​ដែល​គ្រោង​ធ្វើ​​នៅ​ថ្ងៃ​ទី​២៥ ​ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី១១ ​ដល់​១៣ ​ខែ​មករា ​ឆ្នាំ២០២២វិញ នៅ​លើ​ទឹក​ដី​ខេត្ត​សៀម​រាប ដោយ​មានការ​បើក​ទូ​លាយ​​គ្រប់​មជ្ឈដ្ឋានទូទៅឱ្យ​ចូល​រួមតែ​ម្តង។

ជុំវិញការ​ប្រកាស​ពីការ​ពន្យារពេល​ភ្លាមៗ​នេះ លោក​ នូ​ ចំរើន អគ្គ​លេខា​ធិ​ការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ បាន​ប្រាប់​ថា ដោយសារ​ទីលាន​សម្រាប់ការ​ប្រកួត​របស់​ក្រុមជំនាញ​កម្រិតខ្ពស់ នៅមិនទាន់​ធ្វើ​បាន​រួច​រាល់ តាមស្តង់ដារ ព្រោះ​​គោល​ដៅ​នៃ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ឆ្នាំ២០២៣​ របស់​កម្ពុជា​ ​នឹង​យក​ទី​តាំង​តំបន់​យើង​ត្រៀម​នេះ ​ជា​ទី​តាំង​ប្រ​កួត​ស៊ី​ហ្គេម​តែ​ម្តង​។​​

«សហព័ន្ធ​ នឹង​លើក​ពេល ​​នៃ​ការប្រកួត​កីឡាទោចក្រ​យាន​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ ដោយ​សារ​ទីលាន​ប្រកួត​ប្រជែង​ជំនាញ​កម្រិត​ខ្ពស់ ទាំង​កង់គួក​ និង​កង់​ភ្នំ​ មិន​ទាន់​រៀប​រយ​តាម​បច្ចេក​ទេស​រួច​រាល់​ទាន់​ពេល​វេលា​ ហេតុនេះ​យើង​មិនទាន់អាច​ធ្វើបាន​ទេ ​ព្រោះ​ព្រឹត្តិការណ៍​នេះ ធ្វើ​ឡើង ​ដើម្បី​ត្រៀមឆ្ពោះ​ទៅ​គោលដៅ​ស៊ីហ្គេម ២លើក​ចំពោះ​មុខ ​តម្រូវ​រៀប​ចំ​ឱ្យត​​បាន​រលូន​តាម​បច្ចេក​ទេស​»។

លោក​​ នូ ចំរើន បាន​​បន្ថែម​ថា​៖ «​សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ​ ​យើង​បើក​ទូលាយ​ សម្រាប់​​​កីឡាករ កីឡាការិនី​ទាំង​ប្រភេទកង់គួក​ និង​​កង់​ភ្នំ អ៊ីចឹងការ​​ប្រកួតនេះ យើង​​សម្រួច​ទៅ​ជំនាញ​ក្នុង​​កម្រិត​ខ្ពស់ ដើម្បី​​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​កីឡាការិនី​ជម្រើស​ជាតិ​ផង និង​ផ្តល់​ឱកាស​ជូន​​ដល់​កីឡាករ​កីឡាការិនី ​មក​ពី​បណ្តាក្លិប-សមាគម​ទូទាំង​ប្រទេស ​បាន​បញ្ចេញ​សមត្ថភាព​ផង ​គឺ​គ្រប់​មជ្ឈដ្ឋាន​»។

អគ្គលេខាធិការ​រូបនេះ បានប្រាប់ទៀត​ថា៖​ «ការ​ប្រកួត​​នេះ ក៏​ជា​ផែន​ការ​គោល​ដៅ​របស់​សហព័ន្ធ ដើម្បីសម្រិត​សម្រាំង​កីឡាករ​​កីឡាការិនី ដែល​មាន​សិទ្ធផល​ខ្ពស់ៗ​ទុក ​ត្រៀម​ហ្វឹកហាត់​បំប៉ន​បន្ថែម ​សម្រាប់​ស៊ីហ្គេម​នា​ខែ ​ឧសភា​ឆ្នាំ២០២២​ នៅ​ប្រទេស​វៀតណាម និង​ត្រៀម​ស៊ីហ្គេម​ លើក​ទី​៣២ ​ឆ្នាំ២០២៣​ នៅ​កម្ពុជា​»​។​

ចំពោះ​វិញ្ញាសា​ ដែល​ត្រូវដាក់​ឱ្យ​ប្រកួតនេះ គឺ​ប្រភេទកង់គួក​(Road Bike) មាន​ការ​​ប្រកួត​កម្រិត​ថ្នាលផ្នែក​បុរស អាយុ​ក្រោម​១៨​ឆ្នាំ​ (Man Junior Road Bike) ក្រុម​ជំនាញ​ខ្ពស់ផ្នែក​បុរស អាយុ​១៨​ឆ្នាំ​ឡើង (Man Elite Road Bike) និង​​ក្រុមជំនាញ​ផ្នែក​បុរសអាយុ​៤០​ឆ្នាំឡើង ​(Man Master Road Bike)។ ​ចំណែក​ប្រភេទ​កង់ភ្នំ​ (Mountain Bike) ​មាន​ការ​ប្រកួតសម្រាប់​ក្រុម​​កម្រិត​ថ្នាល ក្រុមជំនាញ​ខ្ពស់ ក្រុម​ជំនាញ និងការ​ប្រកួត​កង់​ភ្នំ​ផ្នែកនារី​ (Women Mountain Bike)៕