ក្រុមជម្រើសជាតិ​វៀតណាម ពិតជា​អាច​ធ្វើ​បានយ៉ាង​ល្អ ក្នុងការ​បន្ត​យក​ឈ្នះ​លើ​ក្រុម​គោព្រៃ​កម្ពុជា ដើម្បី​ឈ្នះ​កៅ​អី ឡើង​ទៅ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup 2020 ប៉ុន្តែ​ពួកគេ ហាក់មិន​សូវ​ពេញ​ចិត្ត នឹងការ​ឈ្នះ​ក្រុម​កម្ពុជា ត្រឹម ៤-០ ប៉ុន្មាន​ទេ។

តាម​រយៈ​ការ​ប្រកួត នៅពហុកីឡដ្ឋាន Bishan Stadium លើ​ទឹក​ទី​ប្រទេស​សិង្ហបុរី កាល​ពី​យប់​ថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមជម្រើសជាតិ​កម្ពុជា អាច​រក្សា​ការ​គ្រប់គ្រង​បាល់​បានច្រើន​ជា​ង​ក្រុម​វៀតណាម ប៉ុន្តែ​ពួកគេ មិនអាច​រកបាន​សូម្បី​១​គ្រាប់។ ផ្ទុយ​ពីនេះ ការ​រក​បាន​២​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ Nguyen Tien Linh នៅនាទីទី ៣ និងទី​២៧ និង​ការ​រក​បាន​ម្នាក់​១​គ្រាប់​ទៀត​របស់ Bui Tien Dung និង Nguyen Quang Hai នៅនាទីទី​៥៥ និងទី​៥៧ បាន​ជួយ​ឱ្យ​ក្រុម​វៀតណាម បន្ត​យក​ឈ្នះ​ក្រុម​កម្ពុជា ៤-០។

ការ​យក​ឈ្នះ​ក្រុម​កម្ពុជា ៤-០ កាលពី​យប់មិញ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រុម​កម្ពុជា នៅតែ​មិនអាច​កែ​ប្រែ​ប្រវត្តិសាស្រ្ត​របស់ខ្លួន ចំពោះការចាញ់​ក្រុម​វៀតណាម ព្រោះ​តាម​រយៈ​កំណត់ត្រា​នៃ​ការ​ជួបគ្នា​ចំនួន​៨​លើក  ទាំង​ក្នុង​ការ​ប្រកួតស៊ីហ្គេម ពាន AFF Championship និង​ការ​ប្រកួតពាន AFC ASIAN Cup ចាប់តាំងពី​ឆ្នាំ​១៩៩៥ រហូត​ដល់​ឆ្នាំ​២០១៨ គឺ​កម្ពុជា បាន​ចាញ់​រហូត។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ឈ្នះ​ក្រុមកម្ពុជា ៤-០ លើកនេះ ​គ្រូ​បង្គោល​ក្រុម​វៀតណាម លោក Park Hang Seo ហាក់មិនសូវ​សប្បាយ​ចិត្តប៉ុន្មាន​ទេ បើ​ទោះបី នេះជា​ការ​សម្រេច​គោល​ដៅ ដែល​លោកបានកំណត់ និង​ប្តេជ្ញាចិត្ត​ធ្វើ​ឱ្យ​បាន តាំង​ពី​មុនការ​ប្រកួត​ចាប់​ផ្តើម​ក៏​ដោយ ព្រោះលទ្ធផលនេះ វាមិនអាច​ជួយ​ឱ្យក្រុម​វៀតណាម ដណ្តើម​បានចំណាត់ថ្នាក់លេខ​១ ប្រចាំពូល​B នោះ​ទេ។

ការ​រកបាន​៤​គ្រាប់នេះ វា​បានត្រឹម​ជួយ​ឱ្យ​ក្រុម​វៀតណាម ឈរ​នៅលេខ​២ ក្រោម​ក្រុម​ឥណ្ឌូនេស៊ី ដដែល ព្រោះ​កាល​ពី​យប់​ថ្ងៃអាទិត្យ​នោះ​ដែរ ឥណ្ឌូនេស៊ី បាន​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ៤-១ ដើម្បីបន្តមាន​ប្រៀប​លើ វៀតណាម តាម​រយៈ​ការ​ស៊ុតបញ្ចូល​ទី​ទៅ​លើ​គូ​ប្រកួត​បាន​ច្រើន​គ្រាប់​ជាងក្រុម​វៀតណាម បើទោះបីជា​ក្រុមទាំង​២នេះ មាន​១០ពិន្ទុស្មើ​គ្នា និងមាន​គ្រាប់​បាល់​ចំណេញ​ ៩​គ្រាប់ដូចគ្នា​ក៏​ដោយ។

ជាមួយ​លទ្ធផលនេះ ក្រុម​វៀតណាម នឹង​ត្រូវ​ប្រឈម​ការ​ប្រកួត​ដ៏តានតឹង ដោយ​ពួកគេ ត្រូវ​ឡើង​ទៅជួបក្រុម​លេខ​១​ប្រចាំ​ពូល​A គឺ​ជម្រើសជាតិ​ថៃ ដែលបាន​ឈ្នះ​តាំង​៤​ប្រកួត មាន​១២ពិន្ទុពេញ ខណៈ​ក្រុមឥណ្ឌូនេស៊ី ត្រូវ​ប៉ះ​ក្រុម​លេខ​២​ពូល​A សិង្ហបុរី ហើយការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នេះ ត្រូវ​ធ្វើ​ឡើងចំនួន​២ជើង ដើម្បី​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​ប្រកួត​គ្នា​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ៕