​ក្រុមកញ្ចប់​ថវិកា​ចំណាយ​របស់​ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធ​កីឡាអុកចត្រង្គ​កម្ពុជា បាន​ចាប់ដំណើរ​ការ​ប្រកួត​កីឡា​អុក​ចត្រង់ជ្រើស​រើស​ជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២១ នៅទីស្នាក់ការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) កាល​​​ពី​ព្រឹ​ក​​​ថ្ងៃ​ពុធ និងគ្រោង​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១។

គោលបំណង​ធំ​នៃ​ការ​ប្រកួតថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​នេះ គឺ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​ កីឡាការិនី បាន​បង្ហាញ​សមត្ថ​ភាព តាម​រយៈការ​ប្រកួត​នេះ បន្ទាប់​ពី​ពួក​គេ​បាន​​ហ្វឹកហាត់​ពេញ​១ឆ្នាំ ហើយ​អ្វី​ដែល​សំខាន់​នេះ គឺ​ដើម្បី​ជ្រើស​រើស​អ្នកមាន​សមត្ថភាព និងទេពកោសល្យ ដាក់​បញ្ចូល​ក្នុង​ក្រុមជម្រើសជាតិ។

យ៉ាង​ណា​ក៏​ដោយកីឡាករ​ជើង​ចាស់ លោក គ្រួច ចន្ថារិទ្ធ ដែល​បាន​វិវឌ្ឍខ្លួន​ទៅជា​គ្រូជំនួយ​ក្រុមជម្រើសជាតិ​កម្ពុជា ទៅ​ហើយ​នោះ បាន​ប្រាប់ នៅក្នុងកំឡុងពេល​ប្រកួត កាលពី​ថ្ងៃពុធ​ថា ការ​ជ្រើស​រើស​កីឡាករ ដាក់បញ្ជូល​នៅ​ក្នុងក្រុមជម្រើសជាតិ មិនសំដៅ​តែ​ទៅលើ​សមត្ថ​ភាពមួយ​មុខ​នោះ​ទេ។

លោក គ្រួច ចន្ថារិទ្ធ ដែលជា​អនុ​ប្រធានបច្ចេក​ទេស​ប្រចាំ​ការ​ប្រកួត​ថ្នាក់ជាតិ​នេះ​ដែរ បាន​​ប្រាប់​ថា៖​ «​យើងមិន​ប្រាកដ​ថា យើងជ្រើសរើស​អ្នក​ជាប់ចំណាត់ថ្នាក់លេខ​១ លេខ​២ ឬ​លេខ​៣ ប្រចាំ​ឆ្នាំ​នេះ​ ឱ្យ​ចូល​ជម្រើសជាតិ នោះទេ ព្រោះ​​លក្ខខណ្ឌ​​ជ្រើស​រើស​របស់​យើង គឺ​​​អ្នក​នោះ ត្រូវ​មាន​សក្តានុពល និង​មានសមត្ថ​ភាព​ខ្ពស់ ពូកែ​លេង​ហើយ ត្រូវមាន​​អត្តចរិត​​ល្អ​ទៀត ទើប​យើង​យក ប៉ុន្តែ​បើ​មាន​សមត្ថ​ភាព​ហើយ តែមាន​អត្តចរិត​​មិន​ល្អ អត់​ចេះ​គោរព​​ចាស់​ទុំ គឺ​សហ​ព័ន្ធ អត់យក​ចូល​ក្រុមជម្រើសជាតិទេ ព្រោះអ្នក​ជាប់ជម្រើសជាតិ ជា​កីឡាករ​​តំណាង​ឱ្យ​ជាតិ»។

ជាមួយ​គ្នា​នេះ នៅ​ក្នុងពិធីបើកការ​ប្រកួត កាលពី​ព្រឹក​ថ្ងៃ​ពុធ​នោះ ​លោក ប៉ែន វុទ្ធី អនុ​ប្រធាន​នាយក​ដ្ឋាន​អប់រំ​កាយ និងកីឡា ​និង​លោក សេក សុភ័ក្ត្រ អគ្គលេខាធិការ​​សហព័ន្ធកីឡា​អុកចត្រង់​កម្ពុជា បានទទូច​សុំ​ឱ្យ​អត្តពលិក​ចូល​រួម​​ទាំងអស់ ត្រូវប្រកួត​គ្នា ដោយឈរ​លើ​នៅគោលការណ៍ Fair play និង​ប្រកប​ដោយសេចក្តី​ថ្លៃ​ថ្នូ ដើម្បី​សហព័ន្ធ អាច​ជ្រើស​រើស​អ្នក​មាន​សមត្ថ​ភាព ដ៏ពិតប្រាកដ សម្រាប់​អ្នក​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ។

ក្រុម​អត្តពលិក​ចំនួន​៦៦នាក់ ដែលសុទ្ធតែ​ជា​បុរស បាន​​ចូល​រួម​ការ​ប្រកួត​កីឡា​អុក​ចត្រង់​ជ្រើស​រើស​ជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២១នេះ ដោយ​អ្នកទាំង​នេះ ត្រូវបាន​បែក​ចែកការ​ប្រកួត​ជា​​​១៦ពូល។ ពូល​នីមួយៗ ត្រូវប្រកួត​ជម្រុះ​វិល​ជុំ​សន្សំពិន្ទុ ហើយ​អ្នកបាន​លេខ​១ និងលេខ​២ ប្រចាំពូលទាំង​១៦ សរុប​​៣២នាក់ នឹង​ត្រូវឡើង​ទៅប្រកួត​វគ្គខ្វែង តាមរូបមន្ត​ចាញ់ធ្លាក់ៗ រហូត​រក​ឃើញ​ម្ចាស់​ជើង​ឯក​ ប្រចាំ​ឆ្នាំ​នេះ​តែ​ម្តង៕