គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​របស់​សហព័ន្ធ​កីឡាវាយកូនឃ្លី​លើ​តុកម្ពុជា បាន​ឯក​ភាព​គ្នា តាម​រយៈការបោះ​ឆ្នោត​លើក​ដៃ ឱ្យ​លោក​នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្ត​ធ្វើ​ជា​ប្រធាន​សហព័ន្ធ នៅ​ក្នុង​អាណត្តិ​ទី​៧ ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ ហើយ​សហព័ន្ធ​នេះ ក៏បាន​បន្ថែម​សមាជិក​ថ្មី​ចំនួន​៦នាក់​ទៀត ផងដែរ។

ឆ្លើយ​តបទៅនឹងការ​ផ្តល់​ទំនុក​ចិត្ត និងគាំ​ទ្រ​ឱ្យលោក​​បន្ត​ធ្វើជា​ប្រធានសហព័ន្ធ ក្នុ​ង​អាណត្តិថ្មីនេះ អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​លោកគៀត ច័ន្ទថារិទ្ធ បានអះអាង និងប្តេជ្ញា​ចិត្ត​ថា លោកនឹង​ប្រឹង​ប្រែង​ឱ្យបាន​ខ្លាំង​ថែម​ទៀត ដើម្បីដឹកនាំ​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​លើ​តុកម្ពុជា ឱ្យកាន់តែ​​មាន​ភាព​រឹងមាំ និង​រីក​​ចម្រើន ជាពិសេស​អាច​ឈាន​ទៅរក​ការ​ទទួលបានជោគ​ជ័យ នៅ​ក្នុង​ការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​​ផ្ទះ។

លោក គៀត ច័ន្ទថារិទ្ធ បាន​ថ្លែង​ថា៖ ​«អាណត្តិ​ទី​៧នេះ ជា​អាណត្តិ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​បំផុត ហេតុ​នេះ​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ទំនុក​ចិត្ត​​របស់ថ្នាក់ដឹកនាំ​មក​លើ​រូប​ខ្ញុំ គឺ​ខ្ញុំ​បាទ​នឹង​ខិតខំ​យក​ចិត្ត​ទុក​ដាក់​សិក្សា ស្រាវជ្រាវ ស្វែង​យល់​ពី​វិស័យ​នេះ​ថែម​ទៀត ទាំងក្នុង និងក្រៅ​ប្រទេស ជាពិសេស នឹង​ខិតខំ​រៀនសូត្រ​បទពិសោធ​របស់​រៀមច្បង​នានា ដើម្បី​ពាំ​នាំ​យក​ចំណេះ​ដឹង និង​បទពិសោធ​ទាំង​នោះ មក​បម្រើ​ដល់​ការ​ដឹក​នាំ  គ្រប់​គ្រង សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា ឱ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ ជាពិសេស​ទទួល​បានជោគ​ជ័យ ក្នុងការ​​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ ២០២៣ ជូន​ព្រះរាជណាចក្រ​កម្ពុជា»។

នៅ​ក្នុង​មហាសន្និតបាត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ម្សិលមិញ​ សហព័ន្ធ​កីឡា​វាយកូនឃ្លីលើ​តុ​កម្ពុជា បាន​បន្ថែម​​បេក្ខភាព​ នៅ​ក្នុង​គណៈកម្មាធិការ​ប្រតិបត្តិថ្មីទី​៧នេះ ចំនួន​​៦នាក់​ រួម​មាន​លោក គឹម រស្មី លោក គុយ វ៉ាត លោក ហេង សុខជាតិ លោក ប៉ាន់ ស៊ីវ៉ាន់ថា លោក ស៊ុន រតនា និង​កញ្ញា លាង ចន្នី ខណៈ​លោក ដួង វណ្ណា និង​លោក សុខ វិសាល បាន​លា​ឈប់​ពី​តួនាទី ជា​អនុ​ប្រធានសហព័ន្ធ ក្នុងអាណត្តិថ្មី​នេះ។

តាម​លទ្ធផល​ជា​ផ្លូវការ​នៃ​ការ​បោះឆ្នោត​​នោះ លោក​នាយ​ឧត្តម​សេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្ត​ជាប់ជា​ប្រធាន​សហព័ន្ធ និង​​លោក​ឧត្តម​សេនីយ៍ឯក​បណ្ឌិត ដួង ហេង បន្ត​ធ្វើ​ជា​អនុ​ប្រធានទី​១ ចំណែក​លោក តែ សុខហេង  លោកឧត្តម​សេនីយ៍ឯក ពុំ វិត្យា លោកឧត្តម​សេនីយ៍ឯក គឹម រស្មី លោកឧត្តម​សេនីយ៍ទោ លី សេងឃុង លោក គុយ វ៉ាត និង​លោក ចាន់ ពិសិដ្ឋ ជា​អនុ​ប្រធាន។

ចំពោះ​លោក ស៊ុន សុទ្ធារិទ្ធ បន្តធ្វើ​ជា​អគ្គលេខាធិការ លោកឧត្តម​សេនីយ៍ទោ ព្រុំ ឌុចបូរ៉ានឿន ជា​អគ្គហេរញ្ញិក ​លោក ហេង សុខជាតិ ជាអគ្គលេខាធិការ​រង លោក ប៉ាន់ ស៊ីវ៉ានថា ជា​អគ្គហេរញ្ញិករង លោក រស់ ជាតិ  សមាជិក​ទទួលបន្ទុក​បច្ចេកទេស លោក​វេជ្ជបណ្ឌិត អម សុផាណា សមាជិកទទួលបន្ទុក​សុខភាព លោក ស៊ុន រតនា សមាជិក​ទទួលបន្ទុក​អាជ្ញាកណ្តាល កញ្ញា លាង ចន្នី សមាជិក​តំណាង​កីឡាការិនី និង​លោក អ៊ឹង ប៊ុនឃាង សមាជិកតំណាង​កីឡាករ។​

ជាមួយលទ្ធផល ដែល​បាន​កើត​ឡើង តាម​រយៈការ​បោះឆ្នោត​នោះ បាន​ទទួល​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​​លោក វ៉ាត់ ចំរើន តំណាង​ឱ្យ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា និង​​លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា តំណាង​ឱ្យ​ក្រសួងអប់រំ យុវជន និង​កីឡា គឺ​មាន​ន័យ​ថា មហាសន្និបាត​បញ្ចប់អាណត្តិ​ទី​៦ និង​បន្តទៅអាណត្តិ​ទី​៧ របស់សហព័ន្ធ​កីឡា​វាយកូន​ឃ្លី​លើ​តុកម្ពុជា ត្រូវបាន​ធ្វើ​ឡើង ស្រប​ទៅតាមគោលការណ៍​ច្បាប់កីឡា​របស់កម្ពុជា ដោយ​មិន​មាន​ការ​ជំទាស់ពី​ភាគី​ណា​មួយ​នោះ​ទេ៕