ក្រុម​កីឡាករ កីឡាការិនី​ប្រដាល់​សកល មក​ពីទូ​ទាំង​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​ប្រកួត​ប្រជែង​គ្នា នៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ដើម្បី​ស្វែង​រក​ជើង​ខ្លាំង ថ្នាក់ជាតិ ប្រចាំ​ឆ្នាំ២០២១ ទៅ​​តាមប្រភេទ​ទម្ងន់​នីមួយៗ ខណៈ​ចំនួន​អ្នក​ចូល​រួម និងចំនួន​ក្លិប សមាគមន៍ ដែល​បាន​ដាក់​ពាក្យ​​ចូល​រួម គឺ​មានការ​កើន​ឡើង​ខ្លាំង ប្រើបៀបធៀប​ទៅនឹង​ការ​ប្រកួត​កីឡា​ប្រដាល់​សកល​ជ្រើស​​រើស​​ជើង​ឯក​ថ្នាក់ជាតិ កាលពី​ឆ្នាំ​២០២០ ដែល​មាន​ការ​រឹតបណ្តឹង ដោយសារ​វិបត្តិ​នៃជំងឺ​កូវីដ​១៩។

លោក​ ប៊ុយ​ សោភ័ណ្ឌ ​អគ្គ​លេខា​ធិ​ការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ​បាន​ថ្លែង​ថា​៖​«​ការ​ប្រកួតប្រដាល់​សកល​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២១​​នេះ ​មាន​កីឡាករ​ កីឡាការិនី​ ចូល​រួម​សរុប​​ចំនួន​១០៤​នាក់ ​គឺ​មាន​ការ​​កើន​ឡើង​ ជិត​៣ដង ​ហើយ​មាន​មក​ពី​២១​ក្លិប​សមាគម ​ដែល​ចំនួន​នេះ ​កើន​ឡើង​ជិត​២​ដងផងដែរ ​បើ​ប្រៀប​ធៀបទៅនឹង​​ការ​ប្រ​កួត​ថ្នាក់ជាតិ ​កាលពី​ឆ្នាំ​២០២០ ​កន្លង​មក ​ដែល​រឹត​បន្តឹង ​ដោយសារ​បញ្ហា​ជំងឺ​​កូវីដ​១៩»​​។​

ចំពោះ​​ក្រុមអត្តពលិកទាំង​១០៤​នាក់​ (ស្រី៤​នាក់) នេះ ត្រូវធ្វើការ​ប្រកួតយ​ប្រជែងគ្នា នៅ​លើប្រភេទ​វិញ្ញាសា​ចំនួន​១០ ដោយ​ក្នុង​នោះ​ការ​ប្រកួត​ផ្នែកនារី មានតែ​ប្រភេទ​ទម្ងន់​​៥៧​គីឡូក្រាម​មួយ​ទេ ហើយការ​ប្រកួត បានចាប់​ផ្តើម កាលពី​ថ្ងៃ​ព្រហស្បតិ៍ និងគ្រោង​បញ្ចប់​ នៅ​ថ្ងៃអាទិត្យនេះ។

យ៉ាង​ណា​មិញ សម្រាប់​ការ​​ប្រកួត​ជម្រុះ​ចំនួន​២៤​គូ នា​ថ្ងៃ​បើក​ឆាក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ លោក ប៊ុយ សុភ័ណ្ឌ បាន​វាយ​តម្លៃ​ថា គុណ​ភាព​បច្ចេកទេស​ប្រកួត​របស់​​កីឡាករ​កីឡាការិនី​ទាំង​នេះ ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន។

លោក បាន​បញ្ជាក់​ថា៖​ «ឆ្លងកាត់ការប្រកួតថ្ងៃទី១នេះ ខ្ញុំ​សង្កេតឃើញថា កម្រិត​បច្ចេក​ទេស​របស់កីឡាករ កីឡា​ការិនី មាន​គុណ​ភាព​មិន​ខុស​គ្នា​ឆ្ងាយ​ប៉ុន្មាន​ឡើយ ដោយ​មិន​សូវ​មាន​អ្នក​​ចាញ់​ដោយ​សន្លប់​នោះ​ទេ ពោល​គឺ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នាច្រើន ខណៈ​ផ្នែក​រៀបចំ​បច្ចេក​​ទេស​របស់​មន្ត្រីសហព័ន្ធ ក៏​ដំណើរ​ការ​ដោយ​រលូន​ផងដែរ»។

ជាមួយ​គ្នា​នេះ លោក ​ប៊ុយ សុភ័ណ្ឌ ដែល​ជា​អ្នក​គ្រប់​គ្រង​ការ​ប្រកួតថ្នាក់ជាតិ ឆ្នាំ​២០២១​ដែរ​នោះ បាន​ប្រាប់​ទៀត​ថា សម្រាប់ការប្រកួតថ្ងៃទី២ នា​ថ្ងៃសុក្រ ទី២៤ ខែ​ធ្នូនេះ មាន២៨គូទៀត ហើយ​ការ​ប្រកួត​ នឹងបន្តធ្វើ ដើម្បី​រក​ជើង​ខ្លាំងៗ នៅតាមប្រភេទ​ទម្ងន់​ទាំង​១០​ប្រភេទ ឡើង​ទៅ​ប្រកួត ​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១៕