កីឡាករជម្រើសជាតិឃីកបុកស៊ីង បឺត សង្ឃឹម និងជម្រើសជាតិប្រដាល់គុនខ្មែរ អេលីត ចំរើន សុទ្ធតែបានអះអាងពីការផ្តាច់មនោសញ្ចេតនា ក្នុងនាមជាមិត្តភក្តិ ដែលហ្វឹកហាត់នៅស្តាតចាស់ជាមួយគ្នា ដើម្បីធ្វើយ៉ាងណា វ៉ៃគ្នាឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ និងប្រាក់រេង្វាន់លេខ១ ចំនួន១ម៉ឺនដុល្លារ នៅលើសង្វៀន PNN ថ្ងៃអាទិត្យនេះ។
ជាមួយគ្នានេះ ទាំង បឺត សង្ឃឹម និង អេលីត ចំរើន សុទ្ធតែបានអះអាង ពីការហ្វឹកហាត់ពេញដូចគ្នា ត្រៀមការប្រកួតដ៏ធំនេះ ប៉ុន្តែពួកគេ ហាក់មិនហ៊ានបង្ហាញពីការជឿជាក់ខ្លាំង មុនការប្រកួតចាប់ផ្តើមប៉ុន្មានឡើយ។
បឺត សង្ឃឹម បាននិយាយថា៖ «ខ្ញុំបុកហាត់ខ្លាំង ហើយខ្ញុំមើលឃើញថា អាវុធ្វេងរបស់ អេលីត ចំរើន ធ្ងន់ គឺគាត់ទាត់ធ្ងន់ ហើយភាគរយ គាត់ទាត់ឆ្វេង ម៉ាត់ឆ្វេង និងទាត់ឆ្វេង កែងឆ្វេង អ៊ីចឹងជាយុទ្ធសាស្រ្ត ខ្ញុំត្រូវពញ្ញាក់ ឬកាត់ចង្វាក់គាត់ឱ្យបានច្រើន ប៉ុន្តែការហ្វឹកហាត់ខ្លាំងដូចគ្នា ហើយនៅក្នុងកម្មវិធីធំបែបនេះ ខ្ញុំគិតថា អាចឈ្នះចាញ់គ្នា ដោយពិន្ទុច្រើនជាង ចំណែកការសន្លប់ គឺលុះត្រាតែមានករណីភ្លាត់ស្នៀត»។
នោពេលសួរថា តើ បឺត សង្ឃឹម នឹងនៅតែមានមនោសញ្ចេតនា ចំពោះ អេលីត ចំរើន ទៀត ឬយ៉ាងណា? បឺត សង្ឃឹម បានឆ្លើយតបថា៖ «កម្មវិធីនេះធំ លុយក៏ច្រើន អ៊ីចឹងមនោសញ្ចេតនា យើងទុកមួយឡែកសិន។ សំខាន់ យើងត្រូវវ៉ៃដណ្តើមយកលុយ និងខ្សែក្រវាត់សិន ព្រោះយើងមិនអាចគិតពីមនោសញ្ចេតនាបាននោះទេ គឺចាំយើងវ៉ៃចប់ ចាំរាប់អានគ្នាទៀត ហើយបើសិន ខ្ញុំមានវាសនាបានប្រាក់រង្វាន់នេះ ខ្ញុំនឹងយកទៅទិញដី នៅតាមខេត្តទុក ចំណែកប្រាក់មួយចំនួនទៀត ខ្ញុំយកទៅឱ្យប្រពន្ធ ទុកឱ្យគាត់រកស៊ី»។
តាមប្រវត្តិ បឺត សង្ឃឹម និង អេលីត ចំរើន ធ្លាប់បានជួបគ្នាម្តង តាំងពីពួកគេ នៅទម្ងន់៥១គីឡូក្រាម ដោយកាលនោះ អេលីត ចំរើន ជាអ្នកឈ្នះ ប៉ុន្តែសម្រាប់ការវិលមកជួបគ្នាលើកនេះ អេលីត ចំរើន បានចាត់ទុក បឺត សង្ឃឹម ជាកីឡាករ ដែលសម្បូរទាំងបច្ចេកទេស និងទិចនិកប្រកួត គឺមិនងាយស្រួលនឹងប្រកួតជាមួយនោះឡើយ។
អេលីត ចំរើន បាននិយាយថា៖ «មួយរយៈពេលចុងក្រោយនេះ ខ្ញុំមិនបានឡើងប្រកួតសង្វៀនផ្សេងនោះទេ ព្រោះខ្ញុំទុកពេលហ្វឹកហាត់ឱ្យបានពេញ ត្រៀមការប្រកួតនេះ ហើយដោយសារ បឺត សង្ឃឹម ជាកីឡាករ មានបច្ចេកទេសច្រើន និងទិចនិកប្រកួតច្រើន ដែលពិបាកនឹងប្រកួតជាមួយនោះ គឺលោកគ្រូ ក៏បានបន្ថែមនៅបច្ចេកទេសថ្មីៗខ្លះផងដែរ មកដល់រូបខ្ញុំ»។
កីឡាករជំនាញខាងជើងឆ្វេង អេលីត ចំរើន បានអះអាងថា ការប្រកួតនេះ នឹងគ្មានឡើយមនោសញ្ចេតនា។ ចំរើន បានបញ្ជាក់ថា៖ «ការប្រកួតនេះ យើងត្រូវផ្តាច់មិត្តភាពសិន ព្រោះយើងវ៉ៃផ្តាច់ព្រ័ត្រខ្សែក្រវាត់ លុយធំ អ៊ីចឹងបើយើងយោគយល់គ្នាទៅវិញទៅមក ក៏ពិបាកដែរ ហេតុនេះមានតែយើងផ្តាច់មនោសញ្ចេតនាសិន ដើម្បីវ៉ៃយកលុយ១ម៉ឺនរៀងៗខ្លួន ថាតើអ្នកណា នឹងទទួលបាន ដោយយើងនឹងខំប្រឹងធ្វើឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន»៕


