​ក្រុម​យុវជនអាយុក្រោម១៨ឆ្នាំ នៃមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ (យុវជនបាទី) នឹង​​ត្រូវវិលត្រឡប់ទៅលេង​នៅ​លីគកំពូលកម្ពុជា ប្រចាំ​ឆ្នាំ​២០២២ ជា​ថ្មី ជំនួស​ក្រុម​សូលទីឡូអង្គរ ដែល​ទើប​បានកាត់ចេញ បន្ទាប់ពីពួកគេ ដណ្តើម​​បាន​តំណែង​លេង​១ នៃ​ការប្រកួតជម្រើសជើងឯកកម្ពុជា លីគ២ ឆ្នាំ២០២១។

ការ​ដណ្តើម​បាន​កៅអី ឡើង​ទៅ​លេង​ នៅ​លីគកំពូល​កម្ពុជា ឡើង​វិញ របស់​ក្រុម​យុវជន​បាទី បាន​កើតមាន​ឡើង កាលពី​ថ្ងៃសៅរ៍ គឺ​បន្ទាប់ពី​ពួកគេ បាន​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​បន្ទាយមានជ័យ ត្រឹម​ ១-០ ក្នុងការ​ប្រកួត​លើក​ទី​៧​ចុងក្រោយ នៃ​លីគ​២ ដែល​បាន​ធ្វើ​នៅ​មជ្ឈ​មណ្ឌល និងសាលាបាល់ទាត់ជាតិ។

យ៉ាងណា​ក៏​ដោយ ការ​ឈ្នះ​បាន​កៅអី ឡើង​ទៅលេង​នៅលីគកំពូលកម្ពុជា ជា​ថ្មីនេះ ក៏​​ដោយសារ​តែ​ក្រុម​ឈរ​នៅលេខ​១​ប្រចាំ​សប្តាហ៍​ទី​៦ ISI ដង្កោសែន​ជ័យ បាន​ជួបការ​បរាជ័យ ២-១ ក្រោម​ស្នា​ដៃ​ក្រុម​មន្ទីរ​អយក​ខេត្តត្បូងឃ្មុំ ផងដែរ ហើយ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ ISI មាន​ពិន្ទុ​តិច​ជាង​ក្រុម​យុវជន​បាទី វិញ គឺ​​១៨​ពិន្ទុ ទល់​នឹង​១៦ពិន្ទុ។

ហេតុនេះការ​ឈ្នះ​បាន​កៅអី ឡើង​ទៅលេង​នៅលីគកំពូល ឡើង​វិញ របស់​ក្រុម​យុវជនបាទី​ ​គឺ​មានការ​រួមចំណែក​យ៉ាងសំខាន់ ​ពី​សំណាក់​ក្រុម​ខេត្តត្បូងឃ្មុំ។ ចំណែក​ក្រុម​កោះកុងអេហ្វស៊ី ដែលបាន​ដាក់​គោលដៅ ប្រជែង​យក​កៅអី ឡើង​ទៅលេង​នៅលីគកំពូលកម្ពុជា ដែរ​នោះ បាន​បន្ត​ចាញ់​ក្រុមសៀម​រាប ៣-២ នា​ការ​ប្រកួត​វចុងក្រោយ កាលពី​ថ្ងៃសៅរ៍​នោះ​ដែរ ខណៈ​ក្រុម​U12កង​យោធពល​ខេមរភូមិន្ទ បាន​ស្មើ ២-២ ជាមួយ​ក្រុម​ឬទ្ធីសែន។

ជាលទ្ធផល​រួម សម្រាប់ការ​ប្រកួត​ជម្រើសជើងឯកកម្ពុជា លីគ២ ឆ្នាំ២០២១ ដែល​បាន​ប្រព្រឹត្ត​ទៅ ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០២១នេះ គឺ​​ក្រុម​យុវជន​បាទី បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ឯលេខ ២ ​បាន​ទៅក្រុម ISIដង្កោសែន​ជ័យ លេខ ៣ ក្រុម​មន្ទីរអយក ខេត្តត្បូងឃ្មុំ ហើយក្រុម​នេះ ក៏​បាន​ពាន Fair Play ​ប្រចាំ​រដូវ​កាលនេះ ផងដែរ។

ជាមួយ​គ្នា​នេះ លោក Koji Gyotoku គ្រូបង្គោលយុវជនអាយុក្រោម ១៨ឆ្នាំ មជ្ឈ​មណ្ឌល និងសាលាបាល់ទាត់ជាតិ ទទួល​បាន​ពាន​ជា​គ្រូ​បង្វឹក​ល្អជាង​គេ​ ចំណែកពាន​កីឡាករល្អជាងគេ បាន​ទី​លើ​កីឡាករ មិម សែតសាន របស់ក្រុមខេត្ត​ត្បូងឃ្មុំ រីឯ​ពាន​​អ្នកចាំទី​​ល្អ​ជាង​គេ ​បាន​ទៅ​លើ​អ្នកចាំ​ទី​ រ៉េត លីហេង របស់​ក្រុមយុវជន​បាទី ហើយ​អ្នកទាត់បាល់​បញ្ចូលទី​បាន​ច្រើនជាង​គេ បាន​ទៅ​លើ​កីឡាករ​របស់ក្រុម​​​U12កង​យោធពល​ខេមរភូមិន្ទ៕