ក្រុមសិង្ហក្រហម ភ្នំពេញក្រោន មិនបានទុកមុខទាល់តែសោះឱ្យក្រុមន្ទីរអយកខេត្តកំពង់ឆ្នាំង ដោយពួកគេបានយកឈ្នះជាមួយការស៊ុតបញ្ចូលទីជាបន្តបន្ទាប់ រហូតដល់ ១៩-០ នៅក្នុងការប្រកួតបាល់ទាត់ជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ៣២០២១ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

ការរួមគ្នាបង្កើតបាននូវលទ្ធផលដ៏អស្ចារ្យនេះ វាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ក្រុមនារីភ្នំពេញក្រោន មានសមត្ថភាពលេង កាន់តែល្អ សម្រាប់ការបង្ហាញខ្លួន នៅរដូវកាលនេះ បន្ទាប់ពីពួកគេ បានត្រឹមចំណាត់ថ្នាក់លេខ៣ កាលពីរដូវកាលឆ្នាំ២០២០ ក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៣-១ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ។

ជាមួយការឈ្នះក្រុមខេត្តកំពង់ឆ្នាំង ១៩-០ នេះ វាក៏បានជួយឱ្យក្រុមនារីភ្នំពេញក្រោន ដណ្តើមបានចំណាត់ថ្នាក់លេខ១ ពីក្រុមណាហ្គាវើលដ៍កំពង់ស្ពឺ ផងដែរ ព្រោះការរកបាន១៩គ្រាប់លើកនេះ បានជួយឱ្យ ភ្នំពេញក្រោន មានគ្រាប់បាល់ចំណេញច្រើនជាងវិញ បើទោះបីជា ក្រុមនារីណាហ្គាវើលដ៍ បានលត់ក្រុមមន្ទីរអយកខេត្តកណ្តាល ដល់ ១០-០ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ដូចគ្នានោះក៏ដោយ។

ចំណែកក្រុមនារីសៀមរាប ក៏នៅតែអាចរក្សាកំណត់ត្រាមិនធ្លាប់ចាញ់សោះរបស់ខ្លួន ដើម្បីមាន៩ពិន្ទុពេញ និងបន្តឈរនៅលេខ៣ ផងដែរ ខណៈពួកគេ មានលទ្ធភាពអាចយកឈ្នះក្រុមនារីព្រះខ័នរាជស្វាយរៀង ២-០ កាលពីថ្ងៃអាទិត្យនោះដែរ ចំណែកក្រុមនារីបឹងកេត បានយកឈ្នះក្រុមមន្ទីរអយកខេត្តបាត់ដំបង ៥-១ ដើម្បីឈរនៅលេខ៤ ដោយមាន៦ពិន្ទុ៕