លោកនយករដ្ឋមន្រ្តី ហ៊ុន សែន លោក​ថ្លែង​ដោយ​បើកជំហ​ថា បើ​យើង​ចង់​ឱ្យមានការ​ស្រុះស្រួល​ជាតិ រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េខាងត្បូង យើង​គួរតែ​លើកទឹក​ចិត្ត​ឱ្យកីឡា​ទាំង​២​​របស់កូរ៉េ បាន​ចូល​ទៅ​ក្នុងការ​ប្រកួតកីឡាអូឡាំអន្តរជាតិ​ដូចគ្នា ព្រោះ​ប្រភេទ​កីឡា​តេក្វាន់ ITF របស់កូរ៉េខាងជើង នៅមិនទាន់បាន​ដាក់បញ្ចូល នៅ​ឡើយទេ។

នៅ​ក្នុង​ពិធី​ប្រគល់ប្រាក់រង្វាន់លើក​ទឹក​ចិត្ត​ដល់​វីរកីឡាការិនី អ៊ុក ស្រីមុំ ជា​ម្ចាស់​មេដាយមាស ជើង​ឯក​ពិភព​លោក នៅ​វិមានសន្តិភាព កាលពី​ព្រឹក​ថ្ងៃពុធ ម្សិលមិញ​ លោក ហ៊ុន សែន ​បាន​ថ្លែង​ថា៖​ «​ប្រភេទកីឡាតេក្វាន់ដូ ITF ​របស់កូរ៉ាខាងជើង នៅមិនទាន់បាន​ដាក់​ចូល​​ទៅ​ក្នុង​ការ​ប្រកួត​កីឡាអូឡាំពិកអន្តរជាតិ នៅ​ឡើយ​ទេ អ៊ីចឹង​បើ​ដាក់​កីឡាតេក្វាន់ដូ (WT) ​របស់​​កូរ៉េខាងត្បូងចូល​ហើយ គួរ​ដាក់​កូរ៉េខាងជើង​ចូលដែរ​ទៅ ហេតុ​នេះ ​បើ​ចង់​បង្រួប​បង្រួម​​កូរ៉េ លើកទឹក​ចិត្តទៅដល់កូរ៉េ ​ដើម្បី​ធ្វើការ​សម្រុះសម្រួល​ជាតិ គួរ​ណាស់តែ  គណៈកម្មា​ធិការ​​អូឡាពិក​អន្តរជាតិ ដាក់​កីឡាទាំង​២​ប្រភេទ​នេះ​ចូលកីឡាអូឡាពិក ដូច​គ្នា ហើយនេះជា​សំណូម​ពរ​របស់ខ្ញុំ»។

លោកនាយក​រដ្ឋមន្រ្តី បានបន្ថែម​ថា៖ ​«បើ​យើង​ចង់​ឱ្យមានការ​ស្រុះស្រួល​ជាតិ រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េខាងត្បូង យើង​គួរតែ​លើកទឹក​ចិត្ត​ឱ្យកីឡា​ទាំង​២​នេះ វា​ទៅ​ជាមួយ​គ្នា ព្រោះ​កាល​មុន​ នៅ​ក្នុងការ​ប្រកួត​កីឡាអូឡាំពិក កូរ៉េខាងជើង និង​កូរ៉េខាងត្បូង បាន​រួម​គ្នា បង្កើត​ជា​ក្រុម​ចម្រុះ ចូលទៅ​ក្នុងការ​ប្រកួត​​ទៅ​ហើយ អ៊ីចឹង​ទេ បើ​មកដល់​កម្ពុជា កម្ពុជា​នឹង​ដាក់​ទាំង​​២ គឺ ITF របស់​កូរ៉េខាងជើង និង WT ​​របស់​កូរ៉េខាងត្បូង ព្រោះនេះជា​ផ្នែក​មួយនៃ​ការ​ខិតខំ​ជួយ​ឱ្យ​​ប្រទេស​​ទាំង​២ ឈាន​ឆ្ពោះ​ទៅរក​ការ​បង្រួបបង្រួមជាតិ»​។

គួរបញ្ជាក់ថា ​សម្រាប់ការ​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ​កម្ពុជា ក្នុងនាម​ជា​ម្ចាស់​ផ្ទះ បានសម្រេច​រួច​ហើយ​ថា នឹង​ដាក់ប្រភេទកីឡា​តេក្វាន់ដូ ITF ចូល​ទៅ​ក្នុងការ​ប្រកួត​នេះ ជា​លើកដំបូង ហើយ​ជាមួយ​គ្នា​នេះ សហព័ន្ធ​កីឡាតេក្វាន់ដូ​ ITFកម្ពុជា ដែលមានលោក កែវ រ៉េមី ជា​ប្រធាន ​មានការ​ជឿជាក់​ថា នឹងអាចដណ្តើម​បាន​មេដាយ​​មាស រហូត​​ដល់ ១៥ ទៅតាមសម្ទុះ​នៃ​ការកំណត់មេដាយមាស​របស់​គណៈ​កម្មាធិការ​ជាតិអូឡាំ​ពិក​កម្ពុជា និងក្រសួងអប់រំ យុវជន និង​កីឡា។

តាង​នាម​ឱ្យ​កម្ពុជា ដែល​ជា​ប្រទេស​ជិត​ខាង លោក ហ៊ុន សែន បាន​បញ្ជាក់ថា៖ ​«ខ្ញុំ​គិត​ថា សម្រាប់ផ្នែកអ្នកនយោបាយដូចជាប្រធានាធិបតីកូរ៉េខាងត្បូង មុន​នឹង​ដាច់​អាណត្តិ គឺ​ខិតខំ​​ដើម្បី​ឱ្យមានកិច្ចព្រមព្រៀងសម្របសម្រួលជាមួយកូរ៉េខាងជើង និង​កូរ៉េ​ខាង​ត្បូង ដូច្នេះ​​ក្នុង​​ដំណើរ​​នៃការ​ឈាន​ទៅសម្របសម្រួល​នេះ វាគួរតែយើង​ជា​អ្នក​ក្រៅ ដែល​ចង់​ឃើញ​ឧបទ្វីប​កូរ៉េ មានសុខសន្តិភាព គួរគាំទ្រឱ្យ​កីឡាទាំង​២នេះ ​វាបាន​ចូល​ទៅ​ក្នុងការ​ប្រកួត​កីឡា​អូឡាំ​ពិក​អន្តរ​ជាតិ ដូចគ្នា ហើយយើងសង្កេតឃើញថា កីឡា ITF ដែល​ដឹក​នាំ​ដោយ​ឯក​ឧត្តម កែវ រ៉េមី គឺជាប្រភេទកីឡាមាន​សក្តានុពល​ខ្លាំង អាច​ដណ្តើម​បាន​មេដាយ​មាស​ច្រើន»៕