កីឡាករ លន់ សៀកឡេង បាន​ក្លាយ​ជា​​អ្នក​រងគ្រោះ ពេល​រូបគេ ឡើង​ប្រកួត​ជំនួស​ជើង​ខ្លាំង អេលីត ចំរើន នៅ​ក្នុង​ការ​​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​​មាស ​នៅលើ​សង្វៀន​ថោន កាល​ពី​ថ្ងៃអាទិត្យ ចំណែក ឈុត សេរីវ៉ាន់ថង បាន​ធ្វើ​ឱ្យមាន​ភាព​ដាច់​ស្រេច ចំពោះភាព​មន្ទិល​ជាមួយ​ការប្រកួតដោយចម្រូង​ចម្រាស កន្លងមក។

តាមពិត សម្រាប់ការ​ប្រកួតជម្រុះ​បើក​ឆាកប្រចាំពូល​B កាលពី​ម្សិលមិញ​នេះ ​អេលីត ចំរើន ត្រូវ​ប្រកួតជាមួយ សេក ចៅជូត ទៅវិញទេ ប៉ុន្តែ​ដោយសារ អេលីត ចំរើន មានរបួស​ជើងឆ្វេង មិនអាច​ឡើង​ប្រកួត​បាន គឺ​គណៈកម្មការ បាន​សម្រេច​ដាក់ លន់ សៀកឡេង ឱ្យ​ឡើងប្រកួតជំនួយ ក្នុងនាមជា​គូ​មិត្ត​ភាព​ជាមួយ សេក ចៅជូត ដែល​ឈ្នះបាន៣ពិន្ទុ ដោយ​ស្វ័យ​ប្រវត្តិ។

សម្រាប់ការ​ឡើង​ប្រកួតជំនួស​គេ ដោយមិនបានត្រៀមខ្លួន​នេះ លន់ សៀកឡេង បាន​ក្លាយ​ជា​អ្នក​រង​គ្រោះ ដោយរូបគេ ​ត្រូវបាន សេក ចៅជូត ទាត់ជើង​ក្រោម​​ផ្ទួនៗ បណ្តាល​ឱ្យ​ខូចជើងឆ្វេង នៅ​ក្នុងទឹក​ទី​៣ ហើយ​ជាមួយជ័យជម្នះ​នេះ អាច​ថា ជាការ​ជួប​នឹងសំណាង​របស់ ចៅជូត ផង​ដែរ ព្រោះនៅ​ក្នុងពូល​Bនេះ ត្រូវបានគេ​មើល​ឃើញ​ថា ចៅជូត នឹងក្លាយ​ជា​អ្នករង​គ្រោះ ព្រោះ​ហាក់មាន​សមត្ថ​ភាព ទាបជាងបេក្ខភាព​​៣​នាក់​ទៀត ប៉ុន្តែ​បញ្ហា​របួស​មុនប្រកួត​របស់ អេលីត ចំរើន នាំ​ឱ្យ សេក ចៅជូត ទទួល​បាន​៣ពិន្ទុ នៅថ្ងៃបើក​ឆាក។

ចំណែក​ការ​ជួបគ្នា​រវាង ឈុត សេរីវ៉ានថង និង វ៉ាន់ វឿន បាន​ក្លាយ​ជា​ការ​ប្រកួត ដែលមានភាព​ទាក់ទាញ និង​ជក់ចិត្តបំផុត​ ព្រោះ​អ្នកទាំង​២​នេះ បាន​វាយ​បកសងគ្នា​យ៉ាង​ស្វិត​ស្វាញបំផុត ប៉ុន្តែ​តាម​រយៈការ​ប្រកួត​៥​ទឹក​ពេញនេះ ចៅ​​ក្រមទាំង​៥​នាក់ បានសម្រេច​ឱ្យ វ៉ាន់ថង ឈ្នះ វ៉ាន់ វឿន ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៥-០ តែ​ម្តង។

ជាមួយការ​សម្រេច​ឱ្យចាញ់ ៥-០ នេះ បាន​ធ្វើ​​អ្នក​គាំ​ទ្រ​របស់ វ៉ាន់ វឿន មិនសប្បាយ​ចិត្ត​នឹង​ទទួលយក​នោះទេ ប៉ុន្តែ​សម្រាប់ វ៉ាន់ វឿន ផ្ទាល់ មិន​បាន​បង្ហាញកាយវិការ​ណា​មួយ មិនពេញ​ចិត្តនោះទេ។ ផ្ទុយ​ទៅវិញ គេ​បាន​និយាយថា៖​ «​ការ​ប្រកួត​លើកនេះ ឈុត សេរីវ៉ាន់ថង អត់​ដេញ​វ៉ៃ​ដូច​មុន គឺ​គាត់ថយ​វ៉ៃ ចំណែក​ខ្ញុំ ចូល​វ៉ៃ ប៉ុន្តែ​វ៉ៃ​អត់សូវទាត់ ព្រោះ​គាត់ដក​លឿនពេក»។

ចំណែក ឈុត សេរីវ៉ាន់ថង ​បាន​​លើក​ឡើង​ថា ការ​យក​ឈ្នះ​លើ វ៉ាន់ វឿន លើក​នេះ គឺ​ជា​លទ្ធផលដាច់ស្រេច ចំពោះការ​ជួបគ្នា​កន្លងមក ពិសេស​ការ​កំណត់​ឱ្យ​រូបគេ​ចាញ់ វ៉ាន់ វឿន ដោយសារការវ៉ៃ​ថែម​(វាយកែង​ពីក្រោយ) ខុស​​បទបញ្ជា​នៃ​ការ​ប្រកួត សម្រាប់ការ​ជួបគ្នា លើក​ចុងក្រោយ កន្លងមកនេះ។

ការ​ប្រកួត​លើកមុន មិនទាន់​អស់ចិត្ត តែ​លើកនេះ​ខ្ញុំ​អស់ចិត្ត​ហើយ ខណៈ​ជំនួប​លើក​នេះ  មាន​ភាព​ស្វិតស្វាញ​មែនទែន ព្រោះ​ទាំង​គាត់ និងខ្ញុំ​ខំប្រឹងរៀងៗ​ខ្លួន ដ្បិត​អ៊ី​នេះ​ជា​ការ​​ប្រកួត​ជម្រុះ​សន្សំពិន្ទុ ដើម្បីឈាន​ទៅរកការ​ដណ្តើមយកខ្សែ​ក្រវាត់មាស ហើយ​លើកនេះ វ៉ាន់ វឿន ទាត់​ចេញ បាន​​លឿន​ជាងមុន អ៊ីចឹង​ទាំងខ្ញុំ និងគាត់ ត្រូវ​ច្រើនដូច​គ្នា»៕