ខ្សែ​ភាព​យន្ត​ខ្មែរ-កាណា​ដា Surviving Bokator ដែល​បង្ហាញ​ពី​ការ​រស់​ឡើង​វិញ ​នូវ​ក្បាច់​គុន​បុរាណ​ខ្មែរ ​គុនល្បុក្កតោ បាន​បញ្ចប់​នូវ​រដូវ​កាល​មហោ​ស្រព​ភាព​យន្ត ប្រចាំ​​ឆ្នាំ​២០២១ ជាមួយ​នឹង​ការ​ឈ្នះ​បាន​ពានអន្តរជាតិ ​ជា​ប្រវត្តិ​សាស្ត្រ​ជា​ង​២៥ ហើយ​កាល​ពី​ចុង​ខែ​ធ្នូ ​ភាព​យន្ត​នេះ ​ត្រូវ​បាន​ទទួល​ការ​គំាទ្រ​ពី​ទស្សនិកជន និង​អ្នក​សរសេរ​កម្ម​វិធី ក្នុង​កម្ម​វិធី BKK DOC (Bangkok) International Documentary Awards ​នៅ​ប្រទេស​ថៃ ដោយ​ទទួល​បាន​ពាន​រង្វាន់​ឯកសារ​កីឡា​ល្អ​បំផុត។

​ជា​​មួយការ​ឈ្នះ​ពាន​អន្តរជាតិ ជា​បន្ត​បន្ទាប់​នេះ ខ្សែ​ភាព​យន្ត​ Surviving Bokator ​មាន​ការ​ចូលរួមសម្តែង ​ដោយ​​លោក​គ្រូ​ព្រឹទិ្ធចារ្យក្រមាមាស ​សាន គឹមស៊ាន និង​អ្នក​ប្រដាល់​ក្បាច់​គុន​​ចម្រុះ​​របស់​​កម្ពុជាមាន​រហ័ស្សនាមថា «កង្កែប​តូច» សំ ​ថា​រ័ត្ន ព្រម​ទាំង​​លោក​គ្រូ អ៊ឹង ដារិទ្ធ ដែល​ជា​គ្រូ​បង្វឹក​​ក្រុម​ល្បុក្កតោ​​ជម្រើស​ជាតិ​កម្ពុជា ហើយ​ជាមួយ​ការ​ប្រើ​ពេល​​​ថត​​ជាង៥​ឆ្នាំ ភាពយន្ត​នេះ ក៏មាន​ការ​បង្ហាញ​​ពី​ការ​​ឈ្នះ​បាន​​មេដាយ​ប្រាក់ ​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង ​របស់​គុនល្បុក្កតោ ក្នុង​ការ​ប្រកួត​​ក្បាច់​គុន​ពិភព​លោក ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​យូណេស្កូ នៅ​​កូរ៉េ​ខាងត្បូង ផងដែរ។

បន្ថែម​លើនេះ ការ​ទទួល​ស្គាល់​នៅ​ក្នុង​មហោស្រព​ភាព​យន្ត​កីឡា ដែល​ចំណាស់​ជាងគេ​បំផុត​របស់​ពិភព​លោក (៤១ឆ្នាំ) Paladino D’Oro នៅ Palermo នាទី​ក្រុង Sicily ប្រទេស​អ៊ីតាលី កាល​ពី​​ខែ​វិច្ឆិកា គឺ​ជា​ជ័យជម្នះ​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​វិស័យ​ភាព​យន្ត​កីឡា និង​​​​ជា​ប្រវត្តិសាស្ត្រ​ដំបូង​គេ សម្រាប់​កម្ពុជា ​ដែល​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ហើយ​ភាពយន្ត​នេះ ​ក៏​ទទួល​បាន​ការ​តែងតាំង ​ក្នុង​ប្រភេទ​ឯកសារ​ល្អ​បំផុត​ផង​ដែរ។

​ផលិតករ​ភាព​យន្ត ​លោក Mark Bochsler ដែល​បាន​ចូល​រួម​​ក្នុង​កម្មវិធី​ Paladino D’Oro ហើយ​បាន​ទទួល​ពាន​រង្វាន់​ការ​កែ​សម្រួល​ល្អ​បំផុត នោះ ​បាន​ថ្លែង​​ថា ៖ ​«ការ​ទទួល​បាន​ពាន​រង្វាន់​នេះ ត្រូវ​បាន​ទទួល​ស្គាល់​ពី​គណៈវិនិច្ឆ័យ​ជ្រើសរើស ជាមួយ​ការ​ស្វែង​យល់​​អំពី​បញ្ហា​ប្រឈមពិសេស​របស់​ភាព​យន្ត​ប្រភេទ​នេះ ដែល​ត្រូវ​បាន​ចំណាយ​ពេល​ថត ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ និង​មាន​ការ​សម្រិត​សម្រាំង​យក​នូវ​ប្លង់​ពិសេស​របស់​វីដេអូ ​ដោយ​​ត្រូវ​ចំណាយ​រយៈ​ពេល​ពីរ​បីរយ​ម៉ោង ព្រម​ទាំង​ប្រឈម​មុខ ​ក្នុង​ការ​កែស​ម្រួល»។

កាលពី​ខែ​វិច្ឆិកា ​នោះដែរ ភាព​យន្ត Surviving Bokator​ ក៏​បាន​បង្ហា្ញញ​ខ្លួន ​នៅ​មហោ​ស្រព​ភាព​យន្ត​អន្តរ​ជាតិ Liverpool ចក្រភព​អង់​គ្លេស ដែល​ជា​កន្លែង​ភាព​យន្ត​ឯកសារ​នេះ​ បាន​ឈ្នះ​ជា​ភាព​យន្ត​ឯកសារ​ល្អ​បំផុត ហើយ​នៅ​ក្នុង​ការ​ប្រគល់​ពាន​រង្វាន់​នេះ នាយក​ផ្នែក​សិល្បៈ LIVIFF លោក Al Bailey បាន​លើក​ឡើង​ថា៖ ​«ចំនុច​មួយ ​នៃ​ការ​ផលិត​ភាព​យន្ត​ឯកសារ​មួយ​នេះ ​គឺ​ជា​អី្វ ដែល​បំផុស​រាល់​អារម្មណ៍​ នៅ​ក្រោម​ពន្លឺ​ថ្ងៃ ( A piece of heartfelt documentary filmmaking that evokes every emotion under the sun)»។

ជា​ការ​ឈ្នះ​ពាន​រង្វាន់ផ្សេង​ទៀត​ រួម​មានអ្នក​ដឹក​នាំ​រឿង​ល្អ​បំផុត ភាពយន្ត​ឯកសារ​ល្អ​បំផុត និង​អ្នក​ជ្រើស​រើស​រូប​ភាព​ល្អ​បំផុត នៅ​ទី​ក្រុង​ឡុងដ៍ រួម​ទាំង​ពានភាព​យន្ត​ឯកសារ​ល្អ​បំផុត និង​ការ​កែ​សម្រួល​ល្អ​បំផុត នៅ Los Angeles និងពាន​រង្វាន់ ផលិតករ​ល្អ​បំផុត នៅ Las Vegas គឺ​រហូត​មក​ទល់​ពេល​នេះ Surviving Bokator បាន​ឈ្នះ​ជាង​២៥ពាន​រង្វាន់​ទូទាំង​ពិភពលោក រួមមាន Mention D’Honneur ក្នុង​កម្ម​វិធី World FICTS Sport Cinema Challenge នៅទីក្រុង Milano ក្នុង​ឆ្នាំ២០២០ ដែល​​ជា​ព្រឹត្តិការណ៍​គណៈកម្មាធិការ​អូឡាំ​ពិក​អន្តរជាតិ ​បាន​ឧបត្ថម្ភ​ឡើង។

នៅ​ពេល​សួរ​អំពី​សមិទ្ធិផល​ទាំង​នេះ ផលិតករ​ភាព​យន្ត​ លោក Mark Bochsler បាន​ឆ្លើយ​តប​ថា៖ «យើង​មាន​កិត្តិយស​ណាស់ ដែល​បាន​ដើរ​តួយ៉ាង​សំខាន់ ​ក្នុង​ការ​ពាំ​នាំយក​នូវ​ការ​យល់​ដឹង​ ព្រម​ទាំង​ការ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​​របស់​​ប្រជាជន​កម្ពុជា ​ក្នុង​ការ​ទាមទារ​ឡើង​វិញ ​នូវ​ប្រពៃ​ណី និង​អត្តសញ្ញាណ​វប្បធម៌​របស់​ពួកគេ ដែល​ត្រូវ​​បាន​រង​ការ​គំរាម​កំហែង ​ក្នុង​សម័យ​ប៉ុល​ ពត កាល​ពី​ជាង​៤០ឆ្នាំ​មុន។ សមិទិ្ធ​ផល​​នៃ​​ភាព​ជោគជ័យ​ ជា​លក្ខណៈ​អន្តរ​ជាតិ​របស់​ខ្សែ​ភាព​យន្ត​មួយ​នេះ ព្រម​ទាំង​ការ​ទទួល​ស្គាល់​នៃ​ការ​បង្ហាញ​​ខ្លួន​​របស់​ក្បាច់​គុនល្បុក្កតោ បាន​ជួយ​ផ្លាស់​ប្តូ​រនៅ​​របៀប ​ដែល​ពិភព​លោក​យល់​ដឹង​ពី​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​មាន​របប​ប្រល័យ​ពូជ​សាសន៍ ទៅ​ជា​ប្រទេស​នៃ​វប្បធម៌»។

បន្ទាប់​ពី​មាន​ដំណើរ​ផ្សព្វ​ផ្សាយ​ដ៏​ទូលំ​ទូលាយ​នេះ​ នៅ​ក្រៅ​ប្រទេស ភាព​យន្ត Surviving Bokator គ្រោង​នឹង​​​ចាក់​បញ្ចាំង​ផ្សាយ​ នៅ​តាម​រោងកុន​ទូទាំង​ប្រទេសកម្ពុជា នៅ​ឆ្នាំ​២០២២​នេះ បន្ទាប់​ពី​គម្រោងមុន ត្រូវ​បាន​​ខកខាន ​ដោយ​ជំងឺ​កូវីដ​១៩ ហើយ​​​​កាល​វិភាគ​ថ្មីនេះ​ ​​​គឺ​​​ស្រប​ពេល​​ដែល​គុនល្បុក្កតោ​ ត្រូវ​បាន​ដាក់​ស្នើឡើង​វិញ ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ដោយ​អង្គការ​យូណេស្កូ ឆ្នាំ​២០២២​នេះ៕