ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​ ទើប​បានបញ្ចប់កុង​ត្រា​ជាមួយ​ក្លិបវិសាខា Ajayi Opeyemi បាន​ក្លាយ​ជា​កីឡាករ​បរទេស​ទី​​១ ដែល​ក្លិប​បឹងកេត បាន​ប្រកាស​ពីការ​ចុះ​កុង​ត្រា សម្រាប់​ត្រៀម​ការ​ប្រកួត​រដូវ​កាល​ថ្មី ឆ្នាំ​២០២២ ហើយ​ជាមួយគ្នា​នេះ បឹងកេត ក៏​បាន​ប្រកាស​ពី​ការ​ចុះ​កិច្ច​ព្រម​ព្រៀង ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្លិប​លេង​នៅ​លីគកំពូល​ជប៉ុន Shonan Bellmare ផងដែរ។

បឹងកេត បាន​ប្រកាស​ពីការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Ajayi Opeyemi មក​កាន់ទឹក​ដី​កីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិល​មិញ គឺ​បន្ទាប់ពី ក្លិបមួយនេះ បាន​ប្រកាស​ចែក​ផ្លូវ​គ្នា​​ជាមួយ​ខ្សែ​បម្រើ​របស់អាហ្រ្វិក​ខាងត្បូង Gopane កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២​​នេះ។ ចំណែក​ខ្សែ​បម្រើជប៉ុន Mizuno Hikaru និង Kenta Yamazaki ក៏​បាន​ចែក​ផ្លូវ​ជាមួយ បឹងកេត ផង​ដែរ។

ជាមួយ​គ្នា ក្លិបបឹងកេត កាលពី​ថ្ងៃព្រហស្បតិ៍​​ម្សិលមិញ ​ក៏​​បាន​ប្រកាស​ពីការ​ចុះ​ព្រម​ព្រៀង

ស្តីពី «ភាព​ជា​ដៃ​គូស​ហការ​ជាមួយ​ក្លិប​ក្នុង​លីក​កំពូល​ប្រទេស​ជប៉ុន Shonan Bellmare» ផងដែរ ហើយ​​កិច្ច​សហការ​នេះ ​ផ្អែក​លើ​ចំណុច​រួម​ដូច​ជា ទី​១ ការ​ផ្លាស់​ប្តូរ​ដ៏​មាន​តម្លៃ​នៃ​ក្រុម​ឈុត​ធំ ដែល​ផ្តោត​សំខាន់​លើ​ការ​ផ្ទេរ​កីឡាករ, ការ​បញ្ជូន​បុគ្គលិក និង​ការ​គាំទ្រ​ដល់​ការ​បោះ​ជំរុំ​ហ្វឹក​ហាត់​ជា​ដើម។

ចំណែក​ទី​២ ការ​ផ្លាស់​ប្តូរ​គ្នា​នូវ​ថ្នាល​បណ្តុះ​បណ្តាល​យុវជន ដែល​ផ្តោត​សំខាន់​លើ ការ​ចូល​​រួម​​ក្នុង​ការ​បណ្តុះ​បណ្តាល​របស់​កីឡាករ បុគ្គលិក​នៃ​ក្រុម​គ្រូបង្គោល និង​ការ​ចូល​រួម​ក្នុង​ការ​ប្រកួត​នៃ​ក្រុម​ទាំង​ពីរ ហើយ​ទី​៣ ការ​ចែក​រំលែក​ព័ត៌មាន ដែល​ផ្តោត​សំខាន់​ជុំ​វិញ​ព័ត៌មាន​នៃ​កីឡាករ​របស់​ក្រុម​ទាំង​ពីរ ក្រុម​ការងារ​គ្រូ​បង្គោល ព័ត៌មាន​នៃ​ការ​ប្រកួត​នានា និង វិធី​សាស្រ្ត​បណ្តុះ​បណ្តាល​ជា​ដើម។

បន្ថែម​លើ​នេះ ការ​ចុះ​ព្រម​ព្រៀងនេះ គឺ​ក្លិបទាំង​២ មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​អាជីវ​កម្ម ដែល​ផ្តោត​សំខាន់​ជុំ​វិញ ការ​លក់​លើ​កញ្ចប់​ឧបត្ថម្ភ ការ​លក់​សំបុត្រ ការ​លក់​សម្ភារ​អនុស្សាវរីយ៍ ការ​រៀបចំ​ការ​កម្សាន្ត​ និង​ការ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​អ្នក​គាំទ្រ ហើយ​កិច្ច​ព្រម​ព្រៀង​នេះ ​មាន​សុពល​ភាព​តាំង​​ពី​ថ្ងៃ១ ខែ​មករា ឆ្នាំ២០២២​នេះ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ ២០២៤៕