កីឡាករ​វ័យក្មេង សូត្រ វាសនា និង វេង សុភ័ក្រ សុទ្ធតែ​បាន​ប្រើ​ក្បាច់​ជង្គង់ឆ្វេង ដើម្បី​ផ្តួល ម៉ន សាម៉េត និង ជ័រ ពៅ ឱ្យ​សន្លប់​ដូចគ្នា សម្រាប់​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​មាស នៅ​លើ​សង្វៀន​ថោន កាលពី​ថ្ងៃអាទិត្យ ហើយ​ជ័យជម្នះ​នេះ បាន​បញ្ជាក់​ច្បាស់​រួច​ទៅ​ហើយ ចំពោះ​បេក្ខភាព​ទាំង​២​នាក់ ប្រចាំពូល​Aនេះ ដែលបាន​ឈ្នះ​កៅអី ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ។

បើទោះបីជា សូត្រ វាសនា បាន​ផ្តួល ជ័រ ពៅ ឱ្យ​សន្លប់​ត្រឹមទឹក​ទី​១ សម្រាប់ការ​ប្រកួតបើក​ឆាក ប៉ុន្តែ​គ្មាន​អ្នក​ណា​ជឿថា កីឡាករ​វ័យ​ក្មេង​រូបនេះ អាច​ផ្តួល​ខ្លាចាស់ ម៉ន សាម៉េត ឱ្យ​សន្លប់បាន​នោះ​ទេ ព្រោះ​មតិ​ភាគ​ច្រើន បាន​លើក​ឡើង​ថា វាសនា អាច​នឹង​ចាញ់ ម៉ន សាម៉េត សម្រាប់ការ​ប្រកួត​ជម្រុះ​លើក​ទី​២ ប្រចាំពូល​Aនេះ ជា​មិន​ខាន ដ្បិតអី សូត្រ វាសនា ក៏​ធ្លាប់​បាន​ប្រវត្តិចាញ់ ម៉ន សាម៉េត កន្លង​មក ផងដែរ។

យ៉ាង​ណា​ក៏​ដោយ តាម​រយៈការ​ប្រកួត​ជាក់ស្តែង កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ សូត្រ វាសនា បាន​បង្ហាញការ​ប្រកួត​យ៉ាង​ល្អ ដើម្បី​វាយ​សម្រុក​ទៅ​លើ​រៀម​ច្បង ម៉ន សាម៉េត ដែល​មានកម្ពស់​ទាបជាង​ខ្លួន ហើយការ​បុក​១២ជង្គង់​ឆ្វេង និងថែម​២ជង្គង់ស្តាំ បាន​ធ្វើឱ្យ សាម៉េត ដួលទាំង​ទ្រម​ខ្លួន និង​ត្រូវបានអាជ្ញាកណ្តាល​រាប់ នៅចុង​ទឹកទី​២។

បើ​ទោះបីជា សំឡេង​ស្នូរជួង​បញ្ចប់ទឹកទី​២ បានជួយ​សង្រ្គោះ ម៉ន សាម៉េត បាន​មួយគ្រា ប៉ុន្តែ​ឈាន​ចូលទឹក​ទី​៣ សូត្រ វាសនា បាន​តាម​វាយ​លុក កាន់តែ​ខ្លាំង ហើយ​នៅពាក់​កណ្តាល​ទឹក​នេះ វាសនា បានចាប់​ក្រៀក ម៉ន សាម៉េត នៅក្បែរ​បង្គោល​រេញ រួច​បាន​បុកជង្គង់​ឆ្វេងផ្ទួនៗ​ចំនួន​៣​ជង្គង់ បណ្តាល​ឱ្យ សាម៉េត ដួល​សន្លប់ ក្រោកលែង​រួច​តែ​ម្តង។

ជ័យជម្នះ​របស់ សូត្រ វាសនា បាន​ធ្វើ​ឱ្យ​គ្រប់គ្នា មានការ​ភ្ញាក់ផ្អើល​ខ្លាំង ហើយ​សម្រាប់​ការ​​ផ្តួល ម៉ន សាម៉េត ឱ្យ​សន្លប់នេះ  សូត្រ វាសនា បាន​និយាយ​ថា៖ ​«ខ្ញុំ​បាន​ដឹង​ពី​យុទ្ធសាស្រ្ត​របស់​គាត់​អស់​ទៅហើយ ព្រោះ​ខ្ញុំ​ធ្លាប់​ជួបគាត់ ហើយបកាល​នោះ ខ្ញុំ​ចាញ់កម្លាំងសុហ្វ និង​បច្ចេកទេស​របស់គាត់ តែ​ឥឡូវ ខ្ញុំ​ហ្វឹកហាត់បាន​ច្រើន និងស្ទាបស្ទង់បច្ចេកទេសគាត់ បាន​ច្រើន​ទៀត ហេតុនេះ​ធ្វើ​ឱ្យ​ខ្ញុំ​មានការ​ជំនឿចិត្តលើខ្លួន​ឯង»។

ដោយ​ឡែក វេង សុភ័ក្រ ក៏​បាន​ប្រើ​ស្នៀតជង្គង់​ឆ្វេង ផ្តួល ជ័រ ពៅ ឱ្យ​សន្លប់ នៅ​ក្នុងទឹក​ទី​៣ ដូច​គ្នា ហើយការ​រក​​បាន​ជ័យជម្នះ បន្ថែម​ទៅ​លើ​ការ​ឈ្នះ​ពិន្ទុ ម៉ន សាម៉េត នេះ បាន​ជួយ​ឱ្យ វេង សុភ័ក្រ ទទួលបានឱកាស ឡើងទៅ​វគ្គ​បន្ត​ដូច សូត្រ វាសនា ដែរ តែ​អ្នកទាំង​២​នេះ នឹង​ត្រូវ​ជួបគ្នា ដើម្បី​ប្រកួត​ដណ្តើម​យក​លេខ​១ និងលេខ​២​ប្រចាំពូល​A នេះ ចំណែក ម៉ន សាម៉េត និង ជ័រ ពៅ បាន​ធ្លាក់ចេញពីការ​ប្រកួតនេះ ដោយស្វ័យប្រវត្តិ​ហើយ ទោះ​នៅ​សល់​១​ប្រកួត​ទៀត ក៏ដោយ៕