សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក្នុងនាមជា​ម្ចាស់ផ្ទះ បាន​ចេញ​កាលវិភាគ ​ការ​ប្រកួត​ជើងឯក​បាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ (AFF U23 Championship 2022) ជា​ផ្លូវ​ការ​ហើយ ហើយ​កម្ពុជា ក៏បាន​កំណត់​យក​​និមិត្ត​សញ្ញា​ផ្លូវ​ការ នៃ​ការ​ប្រកួត​នេះ​រួច​រាល់​​ផងដែរ ខណៈ​ព្រឹត្តិការណ៍នេះ ត្រូវ​ចាប់​ផ្តើម​ពីថ្ងៃទី​១៤ និងត្រូវ​បញ្ចប់ នៅថ្ងៃទី​២៦​ ខែកុម្ភៈ ឆ្នាំ​២០២២។

តាម​រយៈ​កាលវិភាគ ​នៃការ​ប្រកួត​ជម្រុះ​តាមពូលទាំង​៣​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា មិន​មែនការ​ប្រកួតណា​មួយ ដែល​ត្រូវ​ធ្វើនៅកីឡដ្ឋាន​ព្រីនស៍​នោះទេ ពោល​គឺ​គ្រប់ការ​ប្រកួត​របស់​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ ត្រូវធ្វើ​ឡើង នៅ​កីឡដ្ឋាន​ជាតិមរតកតេជោ ទាំង​អស់ ហើយការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ ក៏​ត្រូវ​​ធ្វើ​នៅកីឡដ្ឋាន​ថ្មី ដែលអាច​ផ្ទុក​អ្នកទស្សនា បាន​ជាង​៦ម៉ឺន​នាក់នេះ​ផងដែរ។

ដោយ​ឈរ​នៅ​ពូល​A ក្រុម​គោព្រៃ​កម្ពុជា ត្រូវ​ប្រកួតបើក​ឆាក​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​របស់ប្រ៊ុយណេ នៅថ្ងៃទី​១៤ ខែកុម្ភ មុន​ពេល​ទៅ​ជួបក្រុម​ហ្វីលីពីន នៅ​ថ្ងៃទី​១៧ និង​ប៉ះ​ក្រុមទីម័រខាង​កើត នៅថ្ងៃ​ទី​២០ ខែកុម្ភៈ ហើយ​ការ​ប្រកួតជម្រុះ​ទាំង​៣​លើកនេះ របស់​កម្ពុជា ត្រូវ​ធ្វើចាប់ពីម៉ោង​៧​យប់ទាំងអស់។

ការ​កំណត់ពេល​វេលា​នេះ គឺ​ដើម្បី​ផ្តល់​ឱកាសឱ្យ​​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់​ទាត់ នៅ​​កម្ពុជា អាច​មានពេល ចូល​ទៅទស្សនា​ដោយ​ផ្ទាល់ ហើយ​ការ​ប្រកួតនេះ ក៏ជា​ការ​ចាប់​ផ្តើម​បើក​ឱ្យ​មាន​កា​រ​ប្រកួតជា​ផ្លូវការ​លើក​ដំបូង នៅកីឡដ្ឋាន​ជាតិមរតកតេជោ ផង​ដែរ នៅ​មុនពេល​កីឡដ្ឋាន​ដ៏​ទំនើប​មួយនេះ បាន​ក្លាយ​ជា​កន្លែង​ដ៏​សំខាន់ ដើម្បីរៀបចំ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣៕