ក្លិប​អ្នក​មាន​ទ្រព្យ វិសាខា បាន​ឈាន​ដល់​ការ​បំបែកនូវ​កំណត់ត្រា​ថ្មី តាម​រយៈ​ការ​នាំ​យក​​កីឡាករ​​មានកម្ពស់ខ្ពស់ជាង​គេ មាន​សញ្ជាតិ​​ស៊ូ​ដង់ខាងត្បូង Kenny Athiu គឺខ្សែ​ប្រយុទ្ធ Kenny Athiu ដើម្បី​មក​ពង្រឹង​តំបន់​ប្រយុទ្ធ​ នា​ការ​ប្រកួត​​លីគកំពូល​កម្ពុជា រដូវ​កាល​ថ្មី ឆ្នាំ​២០២២​នេះ។

ក្លិប​មាន​មូល​ដ្ឋាន​នៅ​កីឡដ្ឋាន​ព្រីនស៍ វិសាខា បាន​ប្រកាស​ពីការ​ចុះ​កុងត្រា​ជាផ្លូវការ​ជាមួយ​​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ Kenny Athiu នៅលើ​ផេចហ្វេសប៊ុក​​របស់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ហើយ​គេ​ជា​កីឡាករ​បរទេស​ទី​៥​ចុង​ក្រោយ របស់វិសាខា សម្រាប់​ត្រៀមការ​ប្រកួត​រដូវ​កាល​ថ្មីនេះ​ផងដែរ។

កីឡាករ Kenny Athiu មានកម្ពស់រហូត​ដល់ ២,០១ ម៉ែត្រ ហើយគេ​នឹង​ក្លាយ​ជា​កីឡាករ​បរទេស​ដំបូង​គេ ដែល​មានកម្ពស់ខ្ពស់បំផុត ប្រចាំ​នៅលីគកំពូលកម្ពុជា ហើយ​គេ​ម្នាក់​នេះ ក៏ធ្លាប់ជា​មិត្ត​រួម​ក្រុម​របស់​លោក Keisuke Honda ដែល​ជា​អ្នក​ចាត់​ការទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ផងដែរ នៅពេល​អ្នក​ទាំង​២ បាន​លេង​ឱ្យក្លិប​នៅអូស្រ្តាលី Melbourrne Victory នៅចន្លោះ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១៩។

កីឡាករសញ្ជាតិ​ ស៊ូ​ដង់ខាងត្បូង Kenny Athiu បាន​ប្រកបអាជីព​ភាគ​ច្រើន នៅលីគ​អូស្រ្តាលី ហើយ​កំណត់ត្រា​ល្អបំផុតរបស់គេ គឺរយ:ពេល៥ឆ្នាំ​ ពីឆ្នាំ​២០១២-២០១៧ ដោយ​ក្នុង​នោះ ​ការ​​បង្ហាញ​ខ្លួន​ឱ្យក្លិប​ចំនួន២ នៅអូស្រ្តាលីចំនួន១១៤ប្រកួត​ គឺ​​សុត​បញ្ចូល​ទី​បាន​រហូត​ដល់៧៣​គ្រាប់។

នៅមុន​ការ​ធ្វើ​ដំណើរ​មក​ចូល​រួមជាមួយក្លិប​វិសាខា របស់​កម្ពុជា​នេះ Kenny Athiu បាន​លេង​ឱ្យ​ក្លិប Sri Pahang នៅលីកម៉ាឡេស៊ី កាលពី​ឆ្នាំ​២០២១ ដោយ​រក​បាន​៤​គ្រាប់ ចំពោះ​ការ​​បង្ហាញ​ខ្លួន​ចំនួន​១១​ដង។

ចំពោះបទពិសោធ​ផ្សេង​ទៀត នៅអូស្រ្តាលី Kenny Athiu ធ្លាប់​លេង​ឱ្យ​ក្លិប​Springvale White Eagles (២០១២) ក្លិប Box Hill United (២០១២-២០១៤) ក្លិប​ Heidelberg United (២០១៤-២០១៧) ក្លិប Melbourne Victory (លក្ខខណ្ឌ​ជើង​ជើង ឆ្នាំ​២០១៧-២០១៨) ក្លិប South Springvale(២០១០-២០១១) និង​វិល​​មក​លេង​ក្លិប Melbourne Victory FC ម្តង​ទៀត ពីឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០៕