កីឡាករ​ជា​ក្មេង​កំព្រា អេ ណារ័ត្ន បាន​នឹង​​កំពុងបាក់ទឹក​ចិត្តខ្លាំង ទៅនឹងការ​រិះគន់ ​និងការ​ជេរ​​ប្រមាថ ដោយ​គ្មានមូល​ដ្ឋាន ​​របស់​អ្នក​ទស្សនា​មួយ​ចំនួន នៅពេល​រូបគេ បានសន្លប់​ក្រោម​កណ្តាប់ដៃ ជើងខ្លាំង​ជំនាន់​ក្រោយ ពេជ្រ សម្បត្តិ ក្នុង​ការ​ប្រកួត Mas Fight ៩នាទី នៅលើ​សង្វៀន​​ថោន កាលពី​ថ្ងៃអាទិត្យ។

អេ ណារ័ត្ន បាន​​ហៅការ​រិះគន់ និងជេរ​ប្រមាថ​របស់​អ្នកគាំទ្រ មក​លើ​រូបគេ ថា ជា​ការ​គិត​បែបអគតិ ហើយជាមួយគ្នា​នេះ សិស្ស​របស់​លោក​គ្រូ​អេ ភូថង រូបនេះ បានប្រើចោទ​សួរ​ទៅកាន់​អ្នក​គាំ​ទ្រ​ទាំង​នោះ​វិញ ដោយ​អារម្មណ៍​ឈឺចាប់ តាម​រយៈ​ហ្វេសប៊ុក​របស់​ខ្លួន​ថា តើ​ជេរ​ខ្ញុំ​​ឆ្អែត​ឬនៅ?

«ជេរខ្ញុំឆ្អែតនៅ បន្ទោស​ខ្ញុំ​ឆ្អែត​នៅ បំបាក់​ទឹក​ចិត្ត​ខ្ញុំ​ឆ្អែត​នៅ គ្មាន​អ្នក​ណា​ចង់​ចាញ់​ គ្មាន អ្នក​​ណា​​ចង់​​សន្លប់ ​គ្មាន​​អ្នក​ណា​ចង់​ឱ្យ​គេ​ស្អប់​ទេ បើ​អ្នក​មួយ​ចំនួន​មិន​ទាន់​ឆ្អែត​ទេ បន្ដ​ការ​គិត​អគតិ​​មក​លើ​ខ្ញុំ​ទៀត​ទៅ  ខ្ញុំ​លេង​មាន​កម្លាំង​បន្ត​ទៅ​មុខ​ទៀតហើយ»។ នេះ​ជាសារស័ព្ទ បង្ហាញពី​អារម្មណ៍​ឈឺចាប់​របស់ អេ ណារ័ត្ន ដែលបាន​ឆ្លើយ​តបទៅ​កាន់អ្នកគាំ​ទ្រ ដែលបាន​រិះគន់ និងជេរ​ប្រមាថ​ចំពោះ​រូបគេ។

តាម​រយៈ​ការ​ប្រកួត នៅលើ​សង្វៀន​ថោន កាលពី​ម្សិលមិញ​នោះ អេ ណារ័ត្ន បាន​ព្យាយាម​វាយ​សង​ទៅកាន់ ពេជ្រ សម្បត្តិ បាន​ប្រហែល​១​នាទី ហើយ​ក៏បាន​ព្យាយាម​តាំង​ឃុំ​មុខ នៅពេល​​រូបគេ ហាក់គាំង ក្រោមកណ្តាប់ដៃ​របស់ ពេជ្រ សម្បត្តិ ប៉ុន្តែ​ការ​ព្យាយាម​បិទ មិនតបត​នេះ មិនអាច​គេច​ផុត​ពីការ​​តាមវាយសម្រុក​របស់ ពេជ្រ សម្បត្តិ នោះ​ទេ គឺ ណារ័ត្ន បាន​ដួល និង​ត្រូវបានអាជ្ញាកណ្តាប់ ក្រោយ សម្បត្តិ ម៉ាត់​ស្តាំ​ចូលមុខ បណ្តាល​ឱ្យ​ដួល។

​នៅក្នុងអំឡុង​នាទីទី​៣ អេ ណារ័ត្ន បាន​ដួលទាំង​ជំហរ​ម្តងទៀត នៅពេល ពេជ្រ សម្បត្តិ ម៉ាត់ស្តាំ​ចូល​មុខ​ពេញ​ទៀត​នោះ ហើយ​អាជ្ញាកណ្តាល ក៏​សម្រេច​បញ្ឈប់​ការ​ប្រកួត​របស់ អេ ណារ័ត្ន តែ​ម្តង និង​ផ្តល់ជ័យជម្នះ​ទៅ​ឱ្យ ពេជ្រ សម្បត្តិ ហើយ សម្បត្តិ ក៏ទទួល​បាន​ប្រាក់បន្ថែម​ចំនួន​៤០០ដុល្លារ​បន្ថែម ចំពោះ​ការ​ផ្តួល អេ ណារ័ត្ន ឱ្យ​សន្លប់នេះ ផង​ដែរ។

ជាមួយការ​ចាញ់​ដោយ​សន្លប់​លើក​នេះ អ្នកទស្សនា​មួយ​ចំនួន បាន​រិះគន់​ទៅកាន់ អេ ណារ័ត្ន តាម​រយៈការ​ខមិន (បញ្ចេញមតិ)​របស់​ខ្លួន នៅ​លើ​​ផេចហ្វេសប៊ុក​ផ្សាយ​ផ្ទាល់​របស់​សង្វៀន​​ថោន​តែម្តង     ហើយ​នៅ​ក្រោយការ​ប្រកួត​នេះ បានបញ្ចប់ អេ​ ណារ័ត្ន បាន​ឆ្លើយ​តប នៅ​​​ក្នុង​​​ខមិន​ទាំង​នោះ​ថា «​សុំ​ទោស​បង​ប្អូន​ទាំង​អស់​គ្នា សម្រាប់1ប្រកួតនឹងហើយ ខ្ញុំ​ក៏​សុំ​ឈប់​វ៉ៃ​៩​នាទី​ដែរ»៕