កីឡាករ​មាន​រហស័ស្សនាម «អ្នក​លេង​អ្នក​កាំភ្លើងខ្លី» វ៉ាន់ វឿន បាន​រក​ឃើញជ័យជម្នះដ៏​ន័យ​​ទៅ​លើ​ម្ចាស់​ខ្សែ​ក្រវាត់មាស​២សម័យ​កាល អេលីត ចំរើន ដើម្បី​បង្កើត​ឱ្យមាន​ភាគ​រយ​ឡើង​វិញ ក្នុង​ប្រជែង​ឡើង​ទៅកាន់វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួត​ដណ្តើមពាន​មាស នៅ​លើ​សង្វៀន​ថោន ចំណែក ឈុត សេរីវ៉ាន់ថង បាន​ឡើង​ទៅវគ្គបន្តហើយ បន្ទាប់ពី​រូបគេ បាន​ផ្តួល សេក ចៅជូត ឱ្យ​បោះបង់​ការ​ប្រកួត កាលពីថ្ងៃអាទិត្យ​នោះ​ដែរ។

បើទោះបីជា វ៉ាន់ វឿន មិន​ធ្លាប់​ឈ្នះ អេលីត សោះ ចំពោះការជួបគ្នា​៣​លើក​កន្លង​មក ប៉ុន្តែ​ការ​ជួបគ្នា​លើក​នេះ វ៉ាន់ វឿន បានព្យាយាម​ប្រកួត​យ៉ាងស្វិតស្វាញ​បំផុត ដើម្បី​វ៉ៃ​ប្តូរជាមួយ អេលីត ចំរើន ហើយ​នៅទីបំផុត​ វ៉ាន់ វឿន អាច​ស្រែកហ៊ោ​អស់ពី​ចិត្ត ដើម្បីអបអរ​ដល់ជ័យជម្នះ​របស់ខ្លួន បន្ទាប់ពី​ចៅ​ក្រម​ទាំង​៥នាក់ បានសម្រេច​ឱ្យ​រូបគេ​ឈ្នះ​​ អេលីត ចំរើន ដោយ​ពិន្ទុ​មិនឯកច្ឆន្ទ ៣-២ នោះ។

ការ​រកបានជ័យជម្នះ​របស់ វ៉ាន់ វឿន ពិតជា​មាន​ន័យ​ខ្លាំង ព្រោះ​ការ​ឈ្នះបាន​៣ពិន្ទុ ក្រោយការ​ចាញ់ ឈុត សេរីវ៉ាន់ថង នៅ​ក្នុង​ការ​ប្រកួត​បើកឆាក​នោះ បានជួយ​ឱ្យ​រូបគេ មានភាគ​រយ​គ្រប់​គ្រាន់​ឡើង​វិញ ក្នុង​ការ​ប្រជែង ឡើង​ទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ក្នុងការ​ប្រកួត​ចុង​ក្រោយ​ជាមួយ សេក ចៅជូត។

ផ្ទុយ​ពីនេះ អេលីត ចំរើន ​បាន​ធ្លាក់ចេញ​ពី​ការ​ប្រកួតនេះ ដោយ​ស្វ័យប្រវត្តិហើយ ទោះបីជា​រូបគេ នៅសល់​១​ប្រកួត​ទៀត ជាមួយ ឈុត សេរីវ៉ាន់ថង ក៏​ដោយ ព្រោះ​ការ​ចាញ់ សេក ចៅជូត ដោយ​ស្វ័យប្រវត្តិ ព្រោះ​ឈឺជើង មិនអាច​ប្រកួត​បាន (បានសូន្យ​ពិន្ទុ) និងការ​បន្ត​បាន​ត្រឹម​១ពិន្ទុ ចំពោះការ​ចាញ់ វ៉ាន់ វឿន លើក​នេះ វា​គ្រាប់​គ្រាន់ សម្រាប់រូបគេ ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ហើយ។

ចំណែក ឈុត សេរីវ៉ាន់ថង បាន​ក្លាយ​ជា​បេក្ខភាព​​ទី​១ ប្រចាំពូល​B​នេះ ដែល​ត្រូវ​ឡើង​ទៅកាន់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បើទោះបីជា​នៅសល់​១​ប្រកួត​ទៀត​ក៏​ដោយ ព្រោះ​ការ​​ផ្តួល សេក ចៅជូត  ក្នុងទឹកទី​៥ សម្រាប់​ការ​ប្រកួត​លើក​ទី​២​នេះ បាន​ជួយ​ឱ្យ វ៉ាន់ថង មាន​៦ពិន្ទុពេញ និង​គ្រប់គ្រាន់ សម្រាប់ការ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ។

យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​ការ​ប្រកួត កាលពី​ម្សិលមិញនេះ អ្នកគាំ​ទ្រ​ភាគ​ច្រើន បានកើត​សរសើរ​ទៅដល់ សេក ចៅជូត បានស៊ូទ្រាំ​ប្រកួត​ជាមួយ វ៉ាន់ថង រហូត​ដល់​ទឹកទី​៥ ព្រោះ ចៅជូត ត្រូវ​បាន​ វ៉ាន់ថង ទាត់​ឱ្យមាន​របួសជើង និងត្រូវបាន​អាជ្ញាកណ្តាល​រាប់ តាំង​ពី​ទី​១ នៅ​នៅចុងទឹកទី​២ និងទឹកទី​៣ ចៅជូត ក៏​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់ ដោយបញ្ហា​របួសជើង​នេះទេ ប៉ុន្តែ​រូបគេ​បាន​ស៊ូទ្រាំ​ប្រកួត មិន​ព្រម​ចុះ​ចាញ់​ឡើយ។ តែ​ទោះបីជា​យ៉ាង​ណា នៅ​ក្នុង​ទឹកទី​៥ វ៉ាន់ថង បាន​ប្រើក្បាច់ពិសេស គឺ​លោត​ធាក់បកក្រោយ ចំពោះ ចៅជូត ពេញ​ទំហឹង បណ្តាល​ដួល​ដេក​ ហើយ​អាជ្ញាកណ្តាល​ក៏​បញ្ឈប់​ការ​ប្រកួត​តែម្តង៕