ក្រុមចៅក្រមអាជ្ញាកណ្តាលកីឡាវ៉ូវីណាមកម្ពុជា ចំនួន២៥ នាក់ បាននឹងកំពុងអនុវត្តការងារជាក់ស្តែង នៅក្នុងការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលបានលើកពេលមកធ្វើនៅពេលនេះ ដើម្បីជ្រើសរើសអ្នកឆ្នើមចំនួន២រូប សម្រាប់យកទៅចូលរួមធ្វើជាចៅក្រមអាជ្ញាកណ្តាល ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២នេះ។
នៅមុនការឈានទៅអនុវត្តការងារដោយផ្ទាល់ នៅលើទីលាននេះ គឺក្រុមចៅក្រមអាជ្ញាកណ្តាល ទាំង២៥នាក់នេះ បានបញ្ចប់វគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល កម្រិត «ក» កីឡាវ៉ូវីណាម រួចហើយ ដែលទើបបានបញ្ចប់កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ហើយប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា បានប្រាប់ថា នៅក្នុងចំណោមចៅក្រមទាំងនេះ នឹងត្រូវជ្រើសរើស២នាក់ សម្រាប់ទៅចូលរួមធ្វើជាចៅក្រមអាជ្ញាកណ្តាល នៅស៊ីហ្គេម ប្រទេសវៀតណាម ចំនួន២នាក់។
លោក អ៊ូ រតនា បានថ្លែង នៅក្នុងពិធីវគ្គ កាលពីថ្ងៃអាទិត្យនោះថា៖ «ខ្ញុំបានសហការជាមួយសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក គឺយើងនឹងបញ្ជូនចៅក្រម អាជ្ញាកណ្តាលរបស់យើង ២ រូប ទៅធ្វើជាចៅក្រមអាជ្ញាកណ្តាល ក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ ក្នុងខែឧសភា ឆ្នាំ ២០២២ នេះ នៅវៀតណាម»។
លោកបានបន្ថែមថា៖ «ប៉ុន្តែការជ្រើសរើសនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់គ្រូបង្វឹក និងក្រុមជំនាញរបស់យើងយ៉ាងត្រឹមត្រូវ ហើយវាជាការល្អដែរ ដែលយើងបានបញ្ចប់ការសិក្សាវគ្គនេះហើយ ក៏បានចូលរួមអនុវត្តផ្ទាល់ នៅក្នុងការប្រកួតថ្នាក់ជាតិ ដើម្បីរកអ្នកឆ្នើម ២ នាក់ សម្រាប់យកទៅចូលរួមកាត់សេចក្តី ក្នុងស៊ីហ្គេមលើកនេះ ដើម្បីជាបទពិសោធ និងត្រៀមឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា»។
ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ថា៖ «នាខែមករា ឆ្នាំ ២០២៣ សហព័ន្ធវ៉ូវីណាមកម្ពុជា នឹងទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតអាស៊ីអាគ្នេយ៍មួយទៀត ដោយទទួលបានការអនុញ្ញាតពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ដើម្បីជាការត្រៀមមួយ មុនឈានទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ ហើយពេលធ្វើម្ចាស់ផ្ទះ យ៉ាងហោចណាស់ ក៏យើងប្រើប្រាស់ធនធានចៅក្រម អាជ្ញាកណ្តាលរបស់កម្ពុជាចំនួន ៥ រូប ជាមួយមន្ត្រីវ៉ូវីណាមអន្តរជាតិផងដែរ ដូច្នេះសូមឱ្យមន្ត្រីទាំងអស់ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រចគោលដៅអភិវឌ្ឍន៍នេះ ទាំងអស់គ្នា»៕



