អ្នកជំនាញ​ផ្នែកបច្ចេកទេស​ របស់គណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួត​កីឡា​អាស៊ី អាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បានអះអាង​ថា រាល់​បញ្ហា​ប្រឈម នៅ​ក្នុងដំណើរការឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម លើកទី​៣២ របស់កម្ពុជា នៅ​​​ឆ្នាំ​២០២៣ ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា និង​​ដោះ​ឱ្យអស់ នៅ​ក្នុង​ថ្ងៃ​សន្និបាត​របស់ CAMSOC ខាង​មុខ​នេះ។

លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ «នៅក្នុង​សន្និបាត​របស់ CAMSOC ​ខាងមុខនេះ នឹងមាន​វាគ្មិនសំខាន់ៗ ក៏ដូចជាវាគ្មិន​ មានជំនាញការ​អន្តរជាតិ​ មក​ចូល​រួម​ អ៊ីចឹងនៅ​ក្នុង​សន្និបាត​លើក​​នេះ យើង​នឹង​ត្រូវ​លើក​យកនៅរាល់​បញ្ហា​ប្រឈម មក​ដោះស្រាយ យក​មក​វិភាគ និង​បន្ថែមនូវ​ធាតុចូលទាំង​ឡាយ និង​ដោះ​ស្រាយ​នៅ​បញ្ហា​​ទាំង​​នោះ​​ឱ្យអស់»។

អគ្គលេខាធិការ CAMSOC រូបនេះ បាន​បន្ថែម​ថា៖​ «អ្វី​ដែល​ជា​​របាំង និង​បញ្ហា​ប្រឈម នៅ​ក្នុងការដំណើរការ រហូតដល់​ឆ្នាំ​២០២៣ យើងត្រូវ​ដោះ​ឱ្យអស់។ ពេល​ដោះ​អស់​ហើយ យើងសម្រួល​ឱ្យគណៈកម្មការ​យើង ធ្វើការ​ដោយមាន​ភាព​ងាយស្រួល ដោយ​មាន​ទំនុក​​ចិត្ត​ និងដោយមានភាពប្រទាក់ក្រឡា​គ្នា​ល្អ»។

ការលើក​ឡើង​បែបនេះ​របស់​លោក វ៉ាត់ ចំរើន ​ត្រូវបាន​ធ្វើ​ឡើង បន្ទាប់ពី​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​របស់ CAMSOC ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត ថោង ខុន ជា​អនុប្រធាន​អចិន្រ្តយ៍ រួម​ទាំង​​ក្រុមគណៈកម្មការ​ជំនាញ​របស់ CAMSOC ព្រមទាំង​អ្នកពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត កាលពី​ថ្ងៃអង្គារ ម្សិលមិញ។

នៅ​ក្នុងកិច្ច​ប្រជុំពេញ​មួយព្រឹកនោះ អង្គ​ប្រជុំ បានសង្កត់​ខ្លាំង​ទៅលើ​ការ​សាងសង់​ភូមិ​កីឡា ដែល​បញ្ហានេះ ត្រូវ​បាន​លើក វ៉ាត់ ចំរើន ចាត់ទុកថា ជា​ចំណុចក្តៅ និងជា​យុទ្ធសំខាន់​របស់កម្ពុជា ក្នុងការ​ឈាន​ទៅធ្វើម្ចាស់ផ្ទះ​ការប្រកួតស៊ីហ្គេម លើកទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី​១២ នៅ​ឆ្នាំ​២០២៣។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ថា៖ «ការងារ​ទី​១ ​នៅកិច្ច​ប្រជុំ ថ្ងៃ​នេះ យើង​មានការ​បទ​បង្ហាញពី​ក្រុមហ៊ុនសាង​សង់ភូមិ​កីឡា ព្រោះនេះជា​ចំណុច​ក្តៅ និងជា​​យុទ្ធសាស្រ្ត​របស់​កម្ពុជា ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​ ព្រោះ​បើ​យើង​មាន​កន្លែង​ភូមិ​កីឡានេះ ​គឺ​យើងនឹងកាត់​បន្ថយការ​ចំណាយ​បាន​ច្រើន ហើយ​ត្រូវ​នឹង​ស្តង់ដារ​ចលនា​អូឡាំពិក របស់ការ​ប្រកួត​កីឡា​អូឡាំ​ពិកធំៗ» អ៊ីចឹង​ក្រុមហ៊ុន​ បាន​អះអាង​​ថា នឹង​​​សាងសង់​ភូមិ​កីឡា​នេះ ឱ្យបានទាន់​ពេល​វេលា​ តាម​ការ​កំណត់​ ដើម្បី​ប្រគល់មកឱ្យ CAMSOC នៅ​ដើម​ខែកុម្ភៈ ឆ្នាំ​២០២៣»៕