បរទេស៖ ក្លិប Newcastle និង Lyon បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​មួយ​លើការ​ចុះ​ហត្ថលេខា​ខ្សែ​បម្រើ​ការ​ពារ​អន្តរ​ជាតិ​ប្រេស៊ីល Bruno Guimaraes​។ តម្លៃខ្លួន​សម្រាប់​ខ្សែ​បម្រើ​ការ​ពារ​រូបនេះ គឺ​មាន​ចំនួន​៤០លាន​អឺ​រ៉ូ (ស្មើ​នឹង​៤៥លាន​ដុល្លារ​អាមេរិក) បូក​រួម​ទាំង​ប្រាក់​ឧត្ថម្ភនានា​៨លាន​អឺ​រ៉ុប​ផ្សេង​ទៀត​។

Guimaraes នឹង​ទទួល​ការ​ត្រួតពិនិត្យ​សុខភាព នៅពេល​ដែល​រូបគេ​វិល​ទៅកាន់​ប្រទេស​ប្រេស៊ីល​​វិញ ពី​ប្រទេស​អេក្វាទ័រ ដែល​ជាកន្លែង​រូប​គេ កំពុង​តែ​ស្ថិត​នៅ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​ សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup​​។ ក្លិប​ផ្សេង​ទៀត ក្នុងនោះ​រាប់បញ្ចូល​ទាំង​ក្លិប Arsenal និង Juventus ផង​ដែរ ក៏​ចង់​ទិញ​ Guimaraes ពេលបញ្ចប់​រដូវ​កាល​នេះ​ផង​ដែរ ប៉ុន្តែ ក្លិប Newcastle បាន​ដើរ​ទៅ​មុខ​ពួកគេ​១​ជំហានហើយ​។ កីឡាករ​រូបនេះ បាន​ចូលរួម​ជាមួយនឹងក្លិប Lyon កាលពីខែ​មករា ឆ្នាំ​២០២០ ពីក្លិប​ប្រេស៊ីល Athletico Paranaense​។

ស្រប​ពេល​ជាមួយ​គ្នានេះ ក្លិប Sevilla  បាន​បញ្ចប់​ការ​ចរចា​នានា​ជាមួយនឹងក្លិប Newcastle ជុំ​វិញ​ការ​ផ្ទេរ Diego Carlos និង​មិន​រំពឹង​ទុក​ថា ខ្សែ​ការ​ពារ​កណ្តាល​របស់​ខ្លួន នឹង​ចាក​ចេញ​អំឡុង​ពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​ពេលនេះឡើយ​។ កិច្ចសន្ទនា​ចុងក្រោយ​រវាងក្លិបទាំង​២ ត្រូវ​បាន​រៀប​ចំកាលពី​៣​ថ្ងៃមុន ខណៈ​ដែល​សំណើរ​របស់ Newcastle ត្រូវ​បានច្រានចោល ពីព្រោះ​សំណើ​នោះមិន​គ្រប់គ្រាន់ ហើយ Sevilla ក៏មិនមានពេលគ្រប់គ្រាន់​ក្នុង​ការ​ស្វែង​រកអ្នក​ជំនួស​កន្លែង​រូប​គេ​ផង​ដែរ​៕

 

ប្រភព​ព័ត៌មាន៖ The Guardian