ក្រុមនារី​របស់​ភ្នំពេញ​ក្រោន និង​ព្រះខ័នរាជស្វាយរៀង សុទ្ធតែ​បាន​យក​ឈ្នះ​លើគូ​ប្រកួត ដោយ​លទ្ធផល ១៣-០ ដូចគ្នា នៅ​ក្នុង​ការ​ប្រកួត​បញ្ចប់ជើង​ទី​១ នៃ​ការ​ប្រកួត​បាល់​ទាត់​ជម្រើស​ជើង​ឯក​​បាល់​ទាត់​នារី ឆ្នាំ​២០២១ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ប៉ុន្តែ​ក្រុម​ជើង​ឯក ណាហ្គាវើលដ៍​កំពង់ស្ពឺ បានជួបការ​ចាញ់ជា​លើក​ទី​២។

បើទោះបីជា​ការ​ប្រកួតនេះ ត្រូវ​បាន​​ធ្វើ​ឡើង នៅ​លើទី​លាន​ផ្សេង​គ្នា ប៉ុន្តែទាំង​ក្រុម​នារី​ភ្នំពេញ​ក្រោន និង​ក្រុមស្វាយរៀង ពិតជា​ធ្វើបាន​ល្អ និង​រក​បាន​១៣​គ្រាប់ដូចគ្នា ដោយ​ក្នុង​នោះ ក្រុម​ភ្នំពេញ​ក្រោន បាន​លត់​ក្រុមមន្ទីរអយក​ខេត្ត​បាត់ដំបង ១៣-០ នៅលើទឹក​ដីខ្លួន​ឯង ចំណែក​ក្រុមនារី ស្វាយរៀង បាន​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ មន្ទីរ​អយក​ខេត្ត​កំពង់ឆ្នាំង ១៣-០។

ផ្ទុយ​ពី​នេះ​ក្រុម​ម្ចាស់​ជើង​ឯក ណាហ្គាវើល​ដ៍កំពង់ស្ពឺ បានចាញ់​ក្រុមនារី បឹងកេត នៅ​លើទឹក​ដីខ្លួន​ឯង ២-១ គឺ​ដូច​គ្នា​ទៅនឹង​ក្រុម​ម្ចាស់​ផ្ទះ មន្ទីរអយក​ខេត្តកណ្តាល ផង​ដែរ ដែល​បានចាញ់​ក្រុម​សៀម​រាប ៥-១។

តាម​រយៈ​លទ្ធផលនៃការ​ប្រកួត​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុម​ការពារ​តំណែង​ជើង​ឯក ណាហ្គាវើលដ៍ បាន​នឹងកំពុង​ថម​ថយ​នូវ​ឱកាស​ប្រជែង​យកពាន មួយកម្រិត​ទៀត សម្រាប់ការ​ប្រកួត​រដូវ​កាលនេះ ព្រោះការ​បាត់បង់​៣ពិន្ទុ​ជា​លើក​ទី​២​នេះ បានធ្វើ​ឱ្យ​ពួកគេ មាន​គម្លាត​ចាញ់​ក្រុម​កំពុង​ឈរ​នៅលេខ​១ ភ្នំពេញ​ក្រោន រហូត​ដល់ ៦ពិន្ទុ គឺ​២១ពិន្ទុ ទល់នឹង​១៥ពិន្ទុ។

ចំណែក​ក្រុម​សៀមរាប បាន​បន្ត​ឈរ​នៅ​លេខ​៣ ដោយមាន​១៥ពិន្ទុ ស្មើ​ជាមួយ​ក្រុម​ណាហ្គាវើលដ៍ ដែរ រីឯ​កក្រុមនារី ព្រះខ័នរាជស្វាយរៀង បាន​បន្ត​ឈរ​នៅ​លេខ​៤​ដូចគ្នា ដោយ​មាន​១២ពិន្ទុ​ស្មើជាមួយ​ក្រុម​នារី បឹងកេត៕