ប្រធានសហព័ន្ធកីឡា​តេក្វាន់ដូ​អាយធីអែហ្វកម្ពុជា លោក កែវ រ៉េមី បាន​ជំរុញ​ឱ្យក្រុមកីឡាករ កីឡាការិនី​​តេក្វាន់ដូ ITF ​ទាំង​អស់ ជាពិសេស​ក្រុមជម្រើសជាតិ ត្រូវ​តែ​ហ៊ាន​ប្តេជ្ញា​​ចិត្ត​ឱ្យ​បាន​ខ្ពស់​បំផុត ដើម្បី​​ស្វែង​រក​មេដាយមាស​ឱ្យ​បាន​យ៉ាង​តិច​ ចំនួន​១៥ នៅពេល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជាប្រវត្តិសាស្រ្ត​លើក​ដំបូង។

ការជំរុញឱ្យក្រុម​អត្តពលិក ធ្វើការប្តេជ្ញា​ចិត្តនេះ ​​គឺ​លោក កែវ រ៉េមី ចង់​ធ្វើ​ឱ្យមានភាព​ប្រាកដ​ប្រជា​កាន់តែ​ខ្លាំង ចំពោះ​ឈាន​ទៅដណ្តើម​មេដាយមាស​ឱ្យបាន​១៥ ពេល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ដាក់សន្ទស្សន៍​​របស់​ក្រសួងអ​ប់រំ យុវជន និង​កីឡា និង​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ជាពិសេស​ឆ្លើយ​តបទៅលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាន​សរសេរ​ពី​ភាព​ខ្លាំង​របស់​ក្រុម ITF កម្ពុជា កាលពីពេល​ថ្មីៗ​នេះ។

លោក កែវ រ៉េមី បាន​បញ្ជាក់​​ថា៖ «ក្មួយៗ​ត្រូវមានការប្តេជ្ញា​ចិត្ត​ឱ្យបានខ្ពស់​បំផុត ដើម្បី​ឆ្លើយ​តប​ទៅ​សម្តេចតេជោ​ នាយក​រដ្ឋមន្រ្តី លោកបានសរសើរ​យើង គឺ​ដូច​ឯកឧត្តម អ៊ុក សិទ្ធិជាតិ បាន​មាន​ប្រសាសន៍​អ៊ីចឹង លោក​បានសរសើរ​ថា ITF ខ្លាំង ហេតុ​នេះកូន​ត្រូវ​ប្តេជ្ញា​ចិត្តដាច់​ខាត ​យក​មេដាយមាស​យ៉ាង​តិច​១៥ ជូនប្រទេស​ជាតិ»។

ប្រធានសហព័ន្ធ​រូបនេះ បានបញ្ជាក់​បន្ថែម​ថា៖ «ត្រូវ​យកមេដាយ​មាស​យ៉ាង​តិច​១៥ អត់​លេង​សើច​ទេ ត្រូវ​ខំ​ប្រឹង​ហាត់​ឱ្យ​មែន​ទែន ដើម្បី​សម្រកទម្ងន់​ អ៊ីចឹងអ៊ុំសូម​ឱ្យកូនៗ​ទាំង​អស់ ប្រឹង​ប្រែង ដើម្បី​ឆ្លើយ​តប សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ដែល​លោក​មាន​ទំនុកទុក​ចិត្តចំពោះ​ ITF របស់​យើង ហើយ​ក្រសួងអប់រំ យុវជន និង​កីឡា និង CAMSOC លោកបាន​រៀបចំ​​ថា នៅពេល​​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ គឺ​ដាក់ ITF យើង​ប្រកួតមុនគេ​បំផុត ដើម្បី​​នាំមុខ​យក​មេដាយមាស»។

ការលើកឡើងបែប​នេះ របស់​លោក កែវ រ៉េមី ត្រូវបាន​ធ្វើ​ឡើង នៅ​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់ជាតិ ឆ្នាំ​២០២១ ដែល​ទើប​បានបញ្ចប់ កាលពី​ថ្ងៃ​សៅរ៍ នៅ​ទី​លាន​នៃសកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញ ដោយការប្រកួត​នេះ មាន​អត្តពលិក​ចំនួន១៣២​នាក់ (ស្រី​៤៦នាក់) បាន​ចូល​រួម។

តាម​រយៈ​ការ​ប្រកួតប្រជែង ទៅតាម​ជំនាញ និង​កម្រិត​ខ្សែ​ក្រវាត់ រយៈ​​ពេល​៣​ថ្ងៃ នៅលើ​វិញ្ញាសា​ចំនួន​២៣​នេះ ក្រុម​កីឡាករ កីឡាការិនី​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ឈ្នះ​មេដាយ​មាស​ច្រើនជាងគេ គឺ​មេដាយមាស​៦ ប្រាក់​២ និង​សំរឹទ្ធ​៤ ហើយ​តាមពី​ក្រោយ​ដោយ​ក្រុម​ក្រសួងមហាផ្ទៃ ដែល​ឈ្នះមេដាយមាស​​៥ ប្រាក់​៦ និង​ក្រុម​ស.ស.យ.ក​ខេត្តកំពង់ស្ពឺ ដែល​ឈ្នះ​បានមាស​៣ ប្រាក់​២ សំរឹទ្ធ១ ចំណែក​ក្លិប​ថ្មស​ខេត្តកោះកុង អាច​ដណ្តើម​បាន​មេដាយមាស​៣ និងសំរឹទ្ធ​១ ផង​ដែរ ដើម្បី​ឈរ​នៅ​លេខ​៤ ក្នុងចំណោម​ក្លិប និង​សមាគម សរុប​ចំនួន​១៨ ដែលបាន​ចូល​រួមការ​ប្រកួតថ្នាក់ជាតិ លើកនេះ៕