សិក្ខាកាមជាអតីត​​កីឡាករ និងគ្រូ​បង្វឹក​ប្រដាល់សកលកម្ពុជា បាន​នឹង​កំពុង​​ពង្រឹង​សមត្ថ​ភាព​បន្ថែម​ទាំង​ទៅលើចំណេះ​ដឹង និងជំនាញបច្ចេកទេស​ថ្មីៗ ជាមួយ​គ្រូ​បង្វឹក​ជនជាតិ​អង់គ្លេសមានបទពិសោធ​៤០​ឆ្នាំ លោក Russell Stutely នៅក្នុងវគ្គបណ្តុះបណ្តាល​គ្រូ​បង្វឹក​កម្រិត​ថ្នាក់ជាតិ កីឡា​ប្រដាល់សកល នៅទីស្នាក់ការ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

សហព័ន្ធ​កីឡាប្រដាល់សកលកម្ពុជា បាន​បើក​វគ្គបណ្តុះបណ្តាលនេះ តាំង​ពី​ថ្ងៃ​ចន្ទ និង​​គ្រោង​បញ្ចប់ នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២២នេះ ហើយ​ជាមួយគ្នានេះ លោក ឆឹង យ៉ៅយ៉េន ជា​​សហព័ន្ធកីឡា​ និងមន្រ្តីជំនាញ​លោក ប៊ុយ សុភ័ណ្ឌ បាន​ផ្តល់ទំនុក​ចិត្តខ្ពស់ ទៅលើ​លោក Russell Stutely ដោយ​ជឿ​ថា គ្រូឧទ្ទេស​រូបនេះ នឹង​ផ្តល់​ចំណេះ​ដឹង និងបទពិសោធ​ ព្រមទាំង​បច្ចេកទេស​ថ្មីៗ​បន្ថែម​ទៀត ​​ដល់​គ្រូ​បង្វឹក​ប្រដាល់សកល​កម្ពុជា ដើម្បី​ឱ្យពួកគាត់ កាន់តែមានសមត្ថភាព ក្នុងការ​បណ្តុះបណ្តាធន​ធានកីឡាករ និង​កីឡាការិនី​នៅតាមក្លិប-សមាគម។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហ​ព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​និយាយ​ថា៖«គ្រូ​ឧទ្ទេស​ជនជាតិអង់គ្លេស ​លោក Russell Stutely ​​ធ្លាប់​មាន​​បទពិសោធ​ និង​កម្រិត​បច្ចេកទេស ទៅលើជំនាញ​ប្រដាល់​សកល​នេះ អស់​​រយៈពេល​៤០ឆ្នាំមក​ហើយ អ៊ីចឹង​គាត់​មានសមត្ថ​ភាពគ្រប់​គ្រាន់  ក្នុង​ការ​បណ្តុះ​បណ្តាល ក៏ដូចជា​ផ្តល់​នៅ​ការ​បង្វឹក​ថ្មីៗ ដល់​​សិក្ខាកាមជា​គ្រូ​បង្វឹក​​របស់យើង»។

លោក​បាន​បន្ថែម​ថា៖ «គោលបំណង​សំខាន់ នៃ​ការ​រៀបចំវគ្គ គឺ​ដើម្បីពង្រឹង​សមត្ថ​ភាព នៃ​ការ​បង្វឹក​របស់គ្រូ នៅតាម​ក្លិប-សមាគម​ ដើម្បីឱ្យ​ពួកគាត់ មានបច្ចេកទេស​គ្រប់គ្រាន់ ក្នុងការអភិវឌ្ឍ និង​​ពង្រឹង​សមត្ថភាព​​របស់កីឡាករ កីឡាការិនី នៅតាមបណ្តា​ក្លិប ដើម្បី​ត្រៀម​ខ្លួន​​ចូល​រួមការ​ប្រកួត​ប្រចាំ​សប្តាហ៍​របស់សហព័ន្ធ ព្រមទាំងការ​ប្រកួតកីឡាជាតិ និង​ព្រឹត្តិការណ៍​ផ្សេងៗ​​ទៀត ផងដែរ»។

សម្រាប់​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្វឹកថ្នាកជាតិនេះ ​មាន​សិក្ខាកាម​ចូលរួម​​៣១​នាក់​ មក​ពី​ក្លិប​កីឡា​ប្រដាល់​សកល ​នៃរាជធានីខេត្តនានា ហើយ​នៅក្នងពិធីបើក​វគ្គ កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ លោក ឆឹង យ៉ៅយ៉េន បាន​ក្រើនរំឭក​ដល់​សិក្ខាកាមទាំងអស់ ត្រូវ​យក​ចិត្តទុកដាក់ ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង និង​បច្ចេកទេសថ្មីៗ ពីគ្រូឧទ្ទេស​លោក ​​​ Russell Stutely ដើម្បី​ទទួល​បានបទពិសោធ​ថ្មីៗ​បន្ថែម​ទៀត។​

លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់​ថា៖​ «ចំណុច​សំខាន់ ក្នុងវគ្គ​នេះ យើង​ចង់​ឱ្យគ្រូ​ឧទ្ទេស​ហ្នឹង បង្រៀន និងការ​អនុវត្ត​ផ្ទាល់​ពីរបៀប​បង្វឹក និងបច្ចេកទេស​ថ្មីៗ ដើម្បី​ឱ្យ​សិក្ខាកាម​ជា​គ្រូ​បង្វឹក​របស់យើង ​បាន​យល់ច្បាស់​​​ថា ការ​បង្វឹក​កីឡា​នីមួយៗ មាន​លក្ខណៈខុស​គ្នា ដោយ​អាស្រ័យ​ទៅលើ​បច្ចេកទេស និង​កម្រិត​សមត្ថ​ភាព​របស់ពួកគាត់ ព្រមទាំង​​កំហុស​ឆ្គង​របស់​កីឡាករនីមួយៗ ​ដែល​ទាមទារ​ឱ្យ​​យើងជា​គ្រូ ត្រូវចេះ​​​បង្វឹកទៅតាម​ស្ថាន​ភាព​ជាក់ស្តែង​របស់ពួកគាត់»៕