អ្នកសង្រ្គោះគ្រាប់បាល់ដ៏អស្ចារ្យរបស់ក្រុមកងយោធពលខេមភូមិន្ទ (ទ័ព) គឺអ្នកចាំទី អ៊ុំ វិចិត្រ បានអះអាងថា ពួកគេ នឹងប្រឹងប្រែងឱ្យបានកាន់តែខ្លាំងថែមទៀត ដើម្បីប្រជែងយកពានជាមួយក្រុមភ្នំពេញក្រោន សម្រាប់ការជួបគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្ដើមពានរង្វាន់ Prince Beer Pre-Season Cup 2022 នៅកីឡដ្ឋានព្រីនស៍ នាល្ងាចម៉ោង៥ ថ្ងៃនេះ។
តាមពិតទៅក្រុមទ័ព ធ្លាប់បានចាញ់ក្រុមភ្នំពេញក្រោន ១-០ ម្តងហើយ ពេលប្រកួតជម្រុះប្រចាំពូលA ប៉ុន្តែការទទួលបានជ័យជម្នះរៀងៗខ្លួន គឺភ្នំពេញក្រោន បានឈ្នះក្រុមខេត្តព្រៃវែង ១-០ និង ក្រុមទ័ព បានឈ្នះក្រុមខ្លាំង វិសាខា ៣-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃចន្ទ កន្លងមកនេះ បានធ្វើឱ្យក្រុមទាំង២ អាចវិលមកជួបគ្នាម្តងទៀត នៅវគ្គផ្តាច់ព្រ័ត្រនេះ។
តែទោះបីជាយ៉ាងណា សម្រាប់ការជួបគ្នាលើកនេះ អ្នកទី អ៊ុំ វិចិត្រ ដែលទើបបានបញ្ចប់ការខ្ចីជើងលេងឱ្យក្រុមភ្នំពេញក្រោន ចំនួន២រដូវកាលដែរនោះ បានអះអាងថា ក្រុមទ័ព របស់គេ នឹងខំប្រឹងឱ្យបានខ្លាំងជាងពេលយកឈ្នះក្រុមវិសាខា ទៅទៀត ដើម្បីប្រជែងយកពាននេះ។
សមាជិកក្រុមជម្រើសជាតិកម្ពុជា អ៊ុំ វិចិត្រ បាននិយាយថា៖ «ពេលឡើងមកដល់វគ្គនេះហើយ យើងរឹតតែខំប្រឹង ព្រោះបើយើងមានឱកាសទទួលបានពាននេះ វានឹងធ្វើឱ្យក្រុមយើង កាន់តែមានទឹកចិត្ត ក្នុងការឆ្ពោះទៅកាន់ការប្រកួតលីគកំពូល នៅឆ្នាំ២០២២នេះ»។
គួររំឭកថា សម្រាប់ការយកឈ្នះក្រុមវិសាខា ៣-០ ដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រនោះ អ៊ុំ វិចិត្រ ត្រូវបានគេចាត់ទុកថា ជាអ្នកសង្រ្គោះគ្រាប់បាល់ដ៏អស្ចារ្យបំផុត ដោយរូបគេ អាចសង្រ្គោះបានគ្រាប់បាល់មាសពីការស៊ុត និងតែតរបស់ក្រុមវិសាខា រហូតជាង១០គ្រាប់។
ជាមួយគ្នានោះ អ៊ុំ វិចិត្រ បានចាត់ទុកការង្រ្គោះគ្រាប់បាល់ទាំងនោះ ថាជាការផ្សងនឹងគ្រោះថ្នាក់ ដែលរូបគេផ្ទាល់ ក៏មិនគិតថា អាចធ្វើបានល្អបែបនេះនោះដែរ។ ប៉ុន្តែការជួបភ្នំពេញក្រោន លើកនេះ គេនៅមិនទាន់ដឹងថា ក្រុមទ័ព អាចជួបសំណាងល្អ និងរឿងដ៏គួរភ្ញាក់ផ្អើលបែបនោះទៀត ឬយ៉ាងណានោះទេ?
តែទោះបីជាយ៉ាងណា អ៊ុំ វិចិត្រ បានបង្ហោះសារស័ព្ទមួយទៀត កាលពីព្រឹកថ្ងៃពុធនេះ ក្នុងន័យជំរុញដល់ក្រុមរបស់ខ្លួន ដោយរូបគេបានសរសេរថា៖ «ទោះបីជាលទ្ធផលឈ្នះ ឬចាញ់ ពួកយើងត្រូវតែស៊ូឱ្យដល់ទីបញ្ចប់! ចូរយើងប្រយុទ្ធជាមួយគ្នា (Let’s Fight together) »៕