ក្រុម​កីឡាករ​អាយុ​ក្រោម​២៣​ឆ្នាំ សរុប​ចំនួន​​៧៤​នាក់ ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់​ទាត់​​​កម្ពុជា និង​ក្រុម​គ្រូ​បង្វឹក​ជម្រើសជាតិ  បាន​ជ្រើស​រើស និង​ដាក់​ឱ្យ​ធ្វើ​តេស្ត នៅ​ក្នុង​ដំណាក់​កាលទី​១នោះ នឹង​ត្រូវ​ធ្វើការ​ប្រមូល​ផ្តុំ នៅ​ថ្ងៃពុធ​នេះ ដើម្បី​ជម្រុះ​រក​​អ្នក​មាន​សមត្ថ​ភាព និងទេពកោសល្យ​​ចុង​ក្រោយចំនួន​២៨នាក់ ត្រៀមចូល​រួមការ​ប្រកួត​ ជើង​ឯក​​​បាល់​ទាត់​តំបន់​អាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ (AFF U23 Championship 2022) ដែល​កម្ពុជា​​ត្រូវ​​ធ្វើជា​ម្ចាស់ផ្ទះ។

សម្រាប់​​បញ្ជី​​រាយនាម​កីឡាករ សម្រាប់ការ​ធ្វើតេស្ត នៅក្នុងដំណាក់កាល​ទី​១ ​​ទាំង​​៧៤នាក់​នេះ ត្រូវបានជ្រើស​រើសចេញ​ពីក្លិបចំនួន​១៨ ក្នុងនោះ​ក្លិប​ភ្នំពេញក្រោន ៦នាក់ ព្រះខ័ន​រាជស្វាយរៀង ៦នាក់ វិសាខា ​៧នាក់ ណាហ្គាវើលដ៍ ២នាក់ បឹងកេត ៩នាក់ អង្គរ​ថាយហ្គឺរ ៥នាក់ ​ក្រុមទ័ព ៦នាក់ គិរីវង់សុខសែន​ជ័យ ៤នាក់ នគរ​បាលជាតិ ២នាក់ អាស៊ីអឺរ៉ុប ២នាក់ អគ្គិសនី​កម្ពុជា ៤នាក់ ខេត្តព្រៃវែង ៨នាក់ សូលទីឡូអង្គរ ២នាក់ សាលា​បាល់ទាត់ជាតិបាទី​ ៣នាក់ ​ក្រុម ISI ដង្កោសែន​ជ័យ ២នាក់ ខេត្តត្បូងឃ្មុំ ២នាក់ ក្រុមកោះកុងអេហ្វស៊ី ២នាក់ និងក្រុមសៀមរាប ២នាក់។

ទាក់ទង​ទៅនឹង​ការ​ធ្វើ​តេស្ត នៅ​ក្នុង​ដំណាក់កាលទី​១​នេះ លោក ភា សុភ័ក្រ្តា គ្រូ​ជំនួយ​​ក្រុម​​ជម្រើស​ជាតិ​​កម្ពុជា បាន​ប្រាប់​ថា៖​ «ក្នុងដំណាក់កាលទី​១នេះ​ ​យើង​តេស្ត​​ទៅ​លើកាយសម្បទា បាន​ដូចជាកំណត់​​ល្បឿន លំហាត់​លោត និងលំហាត់​ផ្សេងៗ​ទៀត ហើយ​ពេលល្ងាច​ យើង​ធ្វើ​តេស្ត​​ជា​មួយ​នឹង​​ហ្គេម ដោយ​យើង​ចែក​គ្នាជា​៤​ក្រុម រួច​ប្រកួតគ្នា ១​ថ្ងៃ​មាន​២ហ្គេម។ បន្ទាប់​មក​​​យើង​ពិនិត្យ​រកមើលកីឡាករ ​មាន​សមត្ថភាពខ្ពស់ និងជ្រើស​រើស​យក​៣៥​នាក់ នៅ​ក្នុង​ដំណាក់កាលនេះ»។

នៅក្រោយការ​បញ្ចប់ការ​ធ្វើ​តេស្ត​ដំណាក់កាលទី​១ ដែល​ត្រូវ​ពី​ថ្ងៃ​ទី​២ ដល់ថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ គឺ​ក្រុម​គ្រូ​បង្វឹក​ជម្រើសជាតិ​បាល់​ទាត់​កម្ពុជា នឹង​ឈានទៅ​ដល់ការ​ធ្វើ​តេស្ត នៅ​ដំណាក់កាលទី​២ និង​ទី​៣ ដើម្បី​ជ្រើស​រើស​បេក្ខភាព​ចុង​ក្រោយ ចំនួន​២៨​នាក់ ត្រៀម​ប្រកួត​ផ្លូវ​ការ ក្នុង​ពាន​រង្វាន់ AFF U23 Championship 2022 ដោយ​កម្ពុជា ឈរ​នៅពូល​A ជាមួយ​​​ក្រុម​U23ប្រ៊ុយណេ ក្រុម​ហ្វីលីពីន និង​​ក្រុមU23 ទីម័រខាង​កើត។

លោក ភា សុភ័ក្រ្តា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍  បន្ថែម​ថា៖ «ចំពោះកីឡាករ​៣៥​នាក់ ដែលបាន​ជាប់ នៅ​ក្នុង​ដំណាក់កាលទី​២ យើង​បន្ត​ធ្វើ​តេស្ត នៅ​ដំណាក់​កាល​ទី​២ ​ពីថ្ងៃទី​៥ ដល់ទី​៨ ដោយ​យើងធ្វើការហ្វឹកហាត់ធម្ម​តា បូក​រួមទាំង​ការ​បង្វឹក​បន្ថែម ​ទៅលើតាក់ទិច ហើយក៏មាន​ការប្រកួតគ្នា​ដែរ ដើម្បីសម្រេច​យក​​២៨​នាក់​ចុងក្រោយ។ អ្នកទាំង​២៨នេះ នឹង​បាន​​ចូល​រួមការ​ហ្វឹកហាត់ នៅ​ក្នុង​ដំណាក់​កាលទី​៣ ដោយចាប់​ផ្តើម​ពី​ថ្ងៃទី៩ ខែកុម្ភៈ​ទៅ រហូត​ដល់​ថ្ងៃ​ប្រកួត​ជា​ផ្លូវ​ការ​តែ​ម្តង»។

គួរ​បញ្ជាក់​ថា គ្រប់ការ​ប្រកួត​​ជម្រុះ​ក្នុងពូល​ទាំង​៣​លើក​របស់​ក្រុម​កម្ពុជា ត្រូវ​ធ្វើ​ឡើង នៅ​​ម៉ោង​៧យប់​ដូច​គ្នា នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ ហើយ​តាមសហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា បាន​ប្រកាស​ឱ្យដឹង កាលពី​ថ្ងៃអង្គារ​​ថា អ្នកចាត់ការទូទៅ​ គឺ​លោក Keisuke Honda នឹង​ធ្វើ​ដំណើរពី​ប្រទេស​ជប៉ុន មកដឹកនាំ​ក្រុមជម្រើសជាតិកម្ពុជា ដោយ​ផ្ទាល់តែ​ម្តង៕