ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​​ ធ្លាប់លេង​ឱ្យក្រុមអង្គរថាយហ្គឺរ DA CRUZ GUARDLANO និង​កីឡាករ​កម្ពុជា​ក្រោម ដាវ នីម របស់​ក្លិប​គិរីវង់សុខសែន​ជ័យ ត្រូវ​បាន​ប្រកាស​ជា​បេក្ខភាព​ថ្មី​របស់​ក្រុមណាហ្គាវើលដ៍ ហើយជាមួយណា​គ្នានេះ ណាហ្គា ក៏​បានចុះកិច្ចសន្យា​ជាមួយ​កីឡា​វ័យក្មេង​មួយចំនួន​ទៀតផង​ដែរ ដើម្បីត្រៀម​ប្រកួតប្រជែង​ នារដូវ​កាលថ្មី ឆ្នាំ​២០២២​នេះ។

ក្លិប​ណាហ្គាវើលដ៍ បានប្រកាស​ពីការ​​ចុះ​កិច្ចសន្យា​ជាមួយខ្សែ​ប្រយុទ្ធជនជាតិប្រេស៊ីល DA CRUZ GUARDLANO កាលពី​ថ្ងៃសុក្រ​នេះ ហើយអតីត​ខ្សែ​ប្រយុទ្ធ​ដ៏មុតស្រួច​របស់​ក្រុម​អង្គរ​ថាយហ្គឺរ​រូបនេះ បានក្លាយ​ជា​កីឡាករ​បរទេស​ដំបូងគេ ដែល​ ណាហ្គា បានចុះ​កុងត្រា ក្នុង​រដូវកាល​ឆ្នាំ នេះ បន្ទាប់ពី​ណាហ្គា ​បានចែក​ផ្លូវជាមួយ​ខ្សែ​ប្រយុទ្ធ Leuca Petru និង​ខ្សែ​ប្រយុទ្ធ​ដ៏មុត​ស្រួច Marcio Marques។

ជាមួយ​គ្នា​នេះ ណាហ្គាវើលដ៍ បាន​ប្រកាស​ពីការ​ចុះកុងត្រា​ជាមួយខ្សែ​ប្រយុទ្ធ ដាវ នីម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយទន្ទឹង​នឹង​នេះ ណាហ្គា ក៏​បាន​ចុះកិច្ចសន្យា ជាមួយ​កីឡាករ​វ័យ​ក្មេង តៅ សិញ ខ្សែការពារ ឆៃ រត័សេរី កីឡាករ ហួត ដានីន និង​កីឡាករ ផាត សុខា សម្រាប់​ត្រៀម​រដូវ​កាល​ថ្មីនេះ​ផងដែរ។

ប៉ុន្តែ​ណាហ្គាវើលដ៍ បាន​បញ្ចប់​កិច្ច​សន្យា​ជាមួយ​កីឡាករ សំអឿន ពិដោ ក្នុង​លក្ខខណ្ឌខ្ចីជើង​១​ឆ្នាំហើយ ក៏​បានចែក​ផ្លូវ​ជាមួយ​កីឡាករ តាំង សុភ័ក្ត ផង​ដែរ។ តែទោះបីជា​យ៉ាង​ណា គិត​មក​ដល់ពេលនេះ ណាហ្គាវើលដ៍ នៅមិនទាន់​បានប្រកាស​តែងតាំង​គ្រូ​បង្វឹក​ថ្មី​ជំនួស​​គ្រូ​បង្គោល លោក មាស ចាន់ណា ដែល​បានបញ្ចប់​កិច្ច​សន្យា និងកំពុង​ដឹកនាំ​ក្រុម​វិសាខា នៅឡើយ​ទេ៕