បរទេស៖ ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី Al Hilal បាន​លត់ក្រុម Al Jazira យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៦-១ ក្នុង​ការ​ប្រកួត​ជុំ​ទី​២​នៃយុទ្ធនាការ​ Club World Cup នា​កីឡដ្ឋាន Mohammed bin Zayed ក្នុង​ទីក្រុង​អាប៊ូ​ដា​ប៊ី កាលពីថ្ងៃ​អាទិត្យ ដើម្បី​កក់​កៅអី​របស់​ពួកគេក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយនឹងក្រុម Chelsea​។

Al Jazira បាន​រក​គ្រាប់បាល់​បើក​ឆាក​នៅនាទី ទី​១៤ នៅពេល​ដែល​កីឡាករ Abdoulaye Diaby ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​​ពី​ការ​ស៊ុត​បាល់​ក្បែរ​តំបន់​គ្រោះថ្នាក់ ប៉ុន្តែ Al Hilal បាន​រក​គ្រាប់បាល់​២​គ្រាប់​វិញ នៅមុន​ពេល​បញ្ចប់​តង់ទី​១ តាមរយៈកីឡាករ Odion Ighalo និង Matheus Pereira​។ បន្ទាប់​មក​ទៀត ក្រុម Al Hilal បាន​បន្ថែម​គ្រាប់​បាល់​បញ្ចូល​ទី​ជា​បន្ត​បន្ទាប់ ដើម្បី​​បំពេញ​ជ័យ​ជម្នះ​របស់​ក្រុមខ្លួន​តែម្តង​។

Al Hilal នឹង​ត្រូវ​ឈានទៅ​ជួបក្រុម Chelsea ដែល​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Champions League នៅ​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​រាត្រីថ្ងៃពុធ ក្រោយពី​ក្រុម Palmeiras របស់​ប្រេស៊ីល ប្រកួត​ជាមួយនឹងក្រុម​ Al Ahly របស់​អេ​ហ្ស៊ីប ក្នុង​វគ្គ​១/២ផ្តាច់​ព្រ័ត្រ​មួយ​គូ​ផ្សេង​ទៀត នៅ​ថ្ងៃអង្គារ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia