នៅទីបំផុត​អ្នក​លេងកាំភ្លើងភ្លោះ វ៉ាន់ វឿន បានរក​ឃើញ​ឱកាស​ឡើង​ទៅ​កាន់ការ​ប្រកួត​​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដណ្តើម​ពាន​មាស នៅ​លើសង្វៀន​ថោន ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​រូបគេ​បាន​យក​ឈ្នះ​លើ សេក ចៅជូត នៅក្នុងការ​ប្រកួតកាត់សេចក្តី លើកចុងក្រោយ កាលពី​ថ្ងៃអាទិត្យ​ គឺក្នុងពេល​ដែល អេលីត ចំរើន និង ឈុត សេរីវ៉ាន់ថង បាន​ធ្វើ​ឱ្យ​អ្នកទស្សនា​ភាគច្រើន មានការ​រិះគន់ ទៅលើ​ការ​ប្រកួត​បែបមិនទាក់ទាញរបស់ពួក​គេ។

​សម្រាប់ការ​ប្រកួត​ជម្រុះ​លើកទី​៣ ប្រចាំ​ពូល​B​នេះ វ៉ាន់ វឿន និង សេក ចៅជូត បាន​ប្រឹងប្រែងវាយសង​គ្នា​យ៉ាងខ្លាំង ព្រោះ​អ្នក​ឈ្នះ នឹង​​ទទួលបានឱកាស ឡើងទៅប្រកួត នៅ​វគ្គវបន្ត ឬ​អ្នកចាញ់ ត្រូវហាល​អាវ។ យ៉ាងណា​ក៏​ដោយ តាម​រយៈការ​ប្រកួត​ពេញ​៥ទឹក​នោះ វ៉ាន់ វឿន ត្រូវបានចៅក្រមទាំង​៥​រូប សម្រេច​ឱ្យ​ឈ្នះ​ពិន្ទុជា​ឯក​ចន្ទ ៥-០ ដើម្បី​បាន​ឡើង​ទៅ​កាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

ជាមួយ​គ្នា​នេះ​កីឡាករជម្រើសជាតិ ឈុត សេរីវ៉ាន់ថង ក៏បានរក​ឃើញ​ជ័យជម្នះ​យ៉ាងសំខាន់លើ​គូសត្រូវចាស់ អេលីត ចំរើន ផងដែរ។ បើទោះបីជា វ៉ាន់ថង បាន​ឈ្នះកៅអី​ឡើងទៅវគ្គបន្ត ដោយស្វ័យ​ប្រវត្តិរួច​ទៅ​ហើយ ប៉ុន្តែ​ការ​យក​ឈ្នះ​លើ អេលីត ចំរើន លើកនេះ ​វាជា​ការ​សម្រេច​​ការ​សងសឹក​ជា​លើកដំបូង ទៅលើ ចំរើន ចំពោះការ​ចាញ់​២លើកជាប់ៗ​គ្នា កន្លងមក។

តែ​ទោះបីជា​យ៉ាងណា ការ​ប្រកួត​របស់ ឈុត សេរីវ៉ាន់ថង និង អេលីត ចំរើន លើកនេះ មិន​ទទួលបានការ​សាទរ​ពី​អ្នកទស្សនា​នោះទេ ព្រោះការ​ប្រកួតបែបថកថយច្រើនពេក មិន​សូវ​ហ៊ាន​វ៉ៃ​ប្តូរគ្នា​នេះ បាននាំ​ឱ្យ​អ្នកទស្សនា​មួយចំនួន ធ្វើការ​រិះគន់ថា ជា​គូប្រកួតដែលអន់ មិន​ល្អមើល ឯ​អ្នកខ្លះ​ទៀត បានលើក​ឡើង​ថា ២នាក់នេះ ជា​ប្រភេទកីឡាវ៉ៃ​រត់ដូចគ្នា អត់មាន​ការ​ទាក់ទាញ។​

ជាមួយនឹងការរិះ​គន់នេះ ឈុត សេរីវ៉ាន់ថង បាន​និយាយសុំទោស​ក្រោយការ​ប្រកួតថា៖​«ខ្ញុំសូម​អរគុណ​ដល់ពុកម៉ែ​ បងប្អូន ដែលតែងតែគាំ​ទ្រ​ដល់ខ្ញុំកន្លងមក ហើយក៏​សូមអភ័យទោស​ដែរ ដែល​​ការ​ប្រកួតនេះ មិនសូវស្រុកគ្នា​ខ្លាំង ព្រោះ​អីជា​ស្នៀតប្រកួត យក​ឈ្នះ​រៀងៗ​ខ្លួន។ កាលណាតែ​មានភាគី​សម្រុក ច្បាស់ជាពិបាកហើយ គឺ​អ្នកចូល​ ពិបាក​ជាង​អ្នក​ថយ អ៊ីចឹងសុំ​សូមអភ័យទោស​ត្រង់ចំណុច​នេះ​ផង»។

តាម​រយៈ​លទ្ធផល​នៃ​ការ​ប្រកួតនេះ បាន​បង្ហាឱ្យដឹង សម្រាប់ការ​ប្រកួតនៅវគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ​ខាងមុខនេះ កីឡាករ​លេង​១​ប្រចាំពូល​B ឈុត សេរីវ៉ាន់ថង ត្រូវ​ជួប​អ្នក​លេខ​២​ប្រចាំពូលA វេង សុភ័ក្រ ចំណែក វ៉ាន់ វឿន ត្រូវប្រឈមជាមួយ​ជើងខ្លាំង​វ័យក្មេងកំពុង​ល្អខ្លាំង សូត្រ វាសនា៕