បរទេស៖ គ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte មានបំណងចង់ជួបជុំជាមួយអតីតកូនក្រុម ដែលរូបលោកតែងកោតសរសើរនិងធ្លាប់លេងនៅ Inter Milan និង Juventus គឺខ្សែបម្រើ Arturo Vidal ដែលបច្ចុប្បន្នកំពុងលេងអោយInter Milan ដោយបញ្ជាក់ប្រាប់ក្រុមប្រឹក្សាភិបាល របស់ក្លឹបរួចរាល់ហើយ ។

គួរបញ្ជាក់ថាកីឡាករវ័យ៣៤ឆ្នាំសញ្ជាតិឈីលីរូបនេះបានបង្ហាញខ្លួនចូលលេងយ៉ាងទៀងទាត់ សម្រាប់ក្រុមម្ចាស់ជើងឯកអ៊ីតាលីក្នុងអំឡុងយុទ្ធនាការរដូវកាលនេះដោយបង្ហាញខ្លួនសរុប២៤ ដងក្នុងការប្រកួតទាំងអស់ រួមចំណែកស៊ុតបញ្ចូលទីបាន ២ គ្រាប់ និង assists ៤ដង។ កុងត្រារបស់ Vidal នៅទឹកដី San Siro នឹងត្រូវផុតកំណត់នៅចុងខែមិថុនាព្រមជាមួយនិងពត៌មានបានចុះផ្សាយថា ខ្សែបម្រើដែលមានបទពិសោធន៍ធ្លាប់លេងអោយក្លឹបអាជីពធំៗរូបនេះចង់ស្វែងរកការប្រកួតប្រជែងថ្មីបន្ថែមទៀត សម្រាប់អាជីពរបស់ខ្លួនមុនពេលចូលនិវត្តន៏។

ប្រភពពីគេហទំព័រ Le Terecera របស់អ៊ីតាលីបានចុះផ្សាយថាៈ Spurs បានបង្ហាញពីចំណាប់អារម្មណ៍កីឡាករអន្តរជាតិ អាមេរិកខាងត្បូងរូបនេះរួចរាល់ហើយ បើទោះបីជាដឹងថា Inter Milan មានបំណងក្នុងការបន្តកុងត្រារយៈពេល១២ ខែបន្ថែមទៀតសម្រាប់Vidalក៏ដោយ៕
ប្រភពព័ត៍មាន៖ Sportsmole
