សហព័ន្ធកីឡាទូក​ក្តោង​កម្ពុជា ដែល​ទើបតែ​ទទួល​បានជោគ​ជ័យ លើការ​រៀបចំ​ការ​ប្រកួត​ជើងឯកអាស៊ីអាគ្នេយ៍ នៅ​លើ​ទឹក​ដីខេត្ត​សៀម​រាប​នោះ បាន​សម្រេច​ផែន​ការ​យុទ្ធសាស្រ្ត​មួយ​នេះ គឺ​ការ​បណ្តុះបណ្តាលបាន​មន្រ្តីជំនាញ​បច្ចេកទេស​ ចំនួន​២៥នាក់​ ដើម្បី​ឈានទៅ​​រៀបចំ​ការ​​ប្រកួត​ឱ្យបានកាន់តែ​ល្អ ជា​ពិសសេសការ​ត្រៀមខ្លួន ​ទៅធ្វើ​ជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​កីឡាស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា។​

សម្រាប់ការធ្វើជាម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ទូក​ក្តោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ នៅខេត្តព្រះសីហនុ   កាលពីខែធ្នូ ឆ្នាំ២០២១ ​កន្លងមក សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​ទទួល​បទពិសោធល្អៗ ជាច្រើន តែ​ក៏​មាន​ចំណុចខ្វះខាតមួយចំនួនផងដែរ  ដែល​តម្រូវ​ឱ្យ​មន្ត្រី​​បច្ចេក​ទេស​រ​បស់​សហព័ន្ធមួយនេះ ត្រូវសិក្សាស្វែងយល់បន្ថែម ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់ មន្រ្តីបច្ចេកទេសអន្តរជាតិ ដែលមកពីប្រទេសសិង្ហបុរី។

ជាមួយហេតុផល​នេះ សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា បាន​លើក​យក​វគ្គ​បណ្តុះ​បណ្តាល​មន្រ្តី​បច្ចេក​ទេស​រៀបចំ​ការ​ប្រកួត​កីឡា​ទូក​ក្តោង «កម្រិតមូលដ្ឋាន» ឆ្នាំ២០២១ ទៅ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​ ផ្ទាល់តែ​ម្តង ដោយ​មានសិក្ខា​ចំនួន​២៥​នាក់ បាន​ចូល​រួម ហើយ​វគ្គ​នេះ បាន​ចាប់​ផ្តើម​កាល​​ពីថ្ងៃទី៧ និង​បានបញ្ចប់កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រោម​គម្រោង​ថវិកា​របស់​​ក្រសួងអប់រំ យុវជន និងកីឡា។

វគ្គ​បណ្តុះ​បណ្តាល​នេះ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បីជួយ​ឱ្យ​ មន្រ្តី​បច្ចេកទេស​នៃ​ប្រភេទ​កីឡា​ទូកក្តោង​របស់កម្ពុជា មានចំណេះជំនាញ​កាន់​តែ​ខ្ពស់ សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ២០២៣ និង​ដើម្បី​បង្ហាញ​ដល់​មហាជន បានឃើញ និង​ស្វែង​យល់​អំពី​ប្រភេទ​កីឡា​ទូកក្តោង​នេះ​ ផងដែរ។

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា បាន​ថ្លែង​ថា៖​«មន្រ្តី​​បច្ចេក​ទេសរៀបចំការប្រកួត គឺជាក្រុមការងារដ៏​សំខាន់មួយ ដែល​អាច​ធ្វើការ​ប្រកួត​មួយ​ទទួលបានជោគជ័យ អ៊ីចឹង​​បើ​មន្រ្តី​បច្ចេកទេស​រៀបចំការ​ប្រកួត​របស់កម្ពុជា​យើង មាន​ចំណេះ​​ជំនាញ​កម្រិត​ខ្ពស់ ​ស្រប​តាម​ស្តង់ដា​របស់​សហ​ព័ន្ធ​កីឡា​ទូកក្តោង​អន្តរ​ជាតិ នោះ​គ្រប់​ការ​ប្រកួត​ទាំង​​ថ្នាក់ជាតិ និង​អន្តរ​ជាតិ ដែល​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ នឹង​សុទ្ធ​សឹងតែ​ទទួល​បាន​ជោគជ័យ និង​គុណ​ភាព នៃ​ការ​ប្រកួត​ក្នុង​កម្រិត​ខ្ពស់ ជា​មិនខាន»។

តាម​រយៈ​ការ​សិក្សា​ទាំង​ទ្រឹស្តី និងការ​អនុវត្តជាក់​ស្តែង ចំនួន​៤ថ្ងៃកន្លងមកនេះ សិក្ខា​កាម​ជាមន្រ្តី​បច្ចេក​ទេស​ទាំង​២៥រូបនេះ ទទួលបាននូវចំណេះដឹងកម្រិត​ខ្ពស់ លើ​ការ​រៀបចំ​ទម្រង់​នៃ​ការ​ប្រកួត ការ​ប្រើប្រាស់​ទង់​សញ្ញា សំឡេង​សម្គាល់ និងច្បាប់បញ្ញតិ្តផ្សេងៗ ដោយ​បាន​អនុវត្តន៍​ផ្ទាល់​​នៅ​​លើ​ផ្ទៃ​ទឹក ។

តាមការ​វាយ​តម្លៃ​របស់​គ្រូឧទ្ទេស បាន​ឱ្យ​ដឹង​ថា សិក្ខាកាមទាំង​២៥រូប​នេះ ទទួលបាន​និទេ្ទស​ល្អ​ចំនួន​១៨រូប ស្មើ​​៧២​ភាគ​រយ និទ្ទេសល្អបង្គួរ ចំនួន​៥រូប ស្មើ​២០​ភាគ​រយ និង​និទេ្ទស​មធ្យម​ចំនួន​២​រូប ស្មើ​៥ភាគ​រយ ខណៈ​ពិធីបិទ​វគ្គ កាលពីថ្ងៃ​ព្រហស្បតិ៍​នោះ ត្រូវបាន​ធ្វើ​ឡើង ក្រោម​អធិបតីភាព លោក នង ឌីណារ៉ា តំណាងឯកឧត្តមអភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ និង​​មាន​​ការ​​ចូល​រួម​​ពី​សំណាក់ លោក ទុយ ប៊ុនហឿង អនុ​​ប្រធាន​នាយក​ដ្ឋាន​អប់រំកាយ និងកីឡា លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក ម៉ុក សារឿន អនុ​ប្រធាន​មន្ទីរអប់រំ យុវជន និងកីឡា និងលោក សោម សុទ្ធរិទ្ធិពង្ស ជា​អគ្គលេខាធិការ​សហព័ន្ធ​៕

 

ក្រោយពីការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅសណ្ឋាគារសុខា  ខេត្តព្រះសីហនុ   កាលពីខែធ្នូ ឆ្នាំ២០២១ ទទួលបានជោគជ័យជាទីមោទន សហព័ន្ធកីឡាទូកក្តោងកម្ពុជា  បានទទួលបទពិសោធន៍ល្អៗជាច្រើន និងចំនុចខ្វះខាតមួយចំនួន  ដែលតម្រូវអោយមន្ត្រីបច្ចេកទេសរបស់សហព័ន្ធ ត្រូវសិក្សាស្វែងយល់បន្ថែម ក្រោមការជួយជ្រោមជ្រែងពីសំណាក់ មន្រ្តីបច្ចេកទេសអន្តរជាតិ ដែលមកពីប្រទេសសឹង្ហបុរី។

ផ្អែកតាមផែនការសកម្មភាពការងារឆ្នាំ២០២១ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកម្រិតមូលដ្ឋាន  ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីអោយប្រភេទកីឡាទូកក្តោងរបស់កម្ពុជា មានមន្រ្តីបច្ចេកទេសមានចំណេះជំនាញកំរិតខ្ពស់ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងដើម្បីបង្ហាញដល់មហាជន បានឃើញ និងស្វែងយល់អំពីប្រភេទកីឡាទូកក្តោងផងដែរ ។

មន្រ្តីបច្ចេកទេសរៀបចំការប្រកួត គឺជាក្រុមការងារដែលសំខាន់មួយ ដែលអាចធ្វើការប្រកួតមួយទទួលបានជោគជ័យ ហើយបើមន្រ្តីបច្ចេកទេសរៀបចំការប្រកួតរបស់កម្ពុជាយើងមានចំនេះជំនាញកំរិតខ្ពស់ស្របតាមស្តង់ដា របស់សហព័ន្ធកីឡាទូកក្តោងអន្តរជាតិ នោះគ្រប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងសុទ្ធសឹងតែទទួលបានជោតជ័យ និងគុណភាពនៃការប្រកួតក្នុងកំរិតខ្ពស់។

ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងរយៈពេល ៤ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំង ២៥រូប ទទួលបាននូវចំណេះដឹងកំរិតខ្ពស់លើ ការរៀបចំទំរង់នៃការប្រកួត ការប្រើប្រាស់ទង់សញ្ញា សំលេងសំគាល់ និងច្បាប់បញ្ញតិ្តផ្សេងៗ និងបានអនុវត្តន៍ផ្ទាល់នៅលើផ្ទៃទឹក ។

សម្រាប់ការវាយតម្លៃវគ្គសិក្សា សិក្ខាកាមទាំង ២៥រូប ទទួលបាន៖

-និទេ្ទសល្អ         ចំនួន ១៨រូប = ៧២ %

-និទ្ទេសល្អបង្គួរ   ចំនួន ៥រូប = ២០ %

-និទេ្ទសមធ្យម    ចំនួន ២ រូប = ៥ %